១២
បញ្ជីរាយនាមពួកសង្ឃ និងពួកលេវី
១ រីឯពួកសង្ឃ និងពួកលេវី ដែលឡើងមកជាមួយនឹងសូរ៉ូបាបិល ជាកូនសាលធាល ហើយនឹងយេសួរ គឺសេរ៉ាយ៉ា យេរេមា អែសរ៉ា
២ អ័ម៉ារា ម៉ាលូក ហាធូស
៣ សេកានា រេហ៊ូម ម្រេម៉ូត
៤ អ៊ីដោ គីនេថោន អ័ប៊ីយ៉ា
៥ មីយ៉ាមីន ម្អាឌា ប៊ីលកា
៦ សេម៉ាយ៉ា យ៉ូយ៉ារីប យេដាយ៉ា
៧ សាលូវ អ័ម៉ុក ហ៊ីលគីយ៉ា និងយេដាយ៉ា នោះសុទ្ធតែជាមេពួកសង្ឃ ហើយនឹងបងប្អូនគេនៅក្នុងគ្រាយេសួរ។
៨ ឯពួកលេវី នោះមានយេសួរ ប៊ីនុយ អ័ឌីអែល សេរេប៊ីយ៉ា យូដា និងម៉ាថានា គឺលោកនេះ និងបងប្អូនលោក ដែលត្រួតលើការងារអរព្រះគុណ
៩ ក៏មានបាកប៊ូគា និងអ៊ូនី ជាបងប្អូនគេ ដែលឈរប្រទល់មុខនឹងអ្នកទាំងនោះ ក្នុងការងាររបស់គេ
១០ ឯយេសួរ លោកបង្កើតយ៉ូយ៉ាគីមៗបង្កើតអេលីយ៉ាស៊ីបៗ បង្កើតយ៉ូយ៉ាដា
១១ យ៉ូយ៉ាដាបង្កើតយ៉ូណាថាន ហើយយ៉ូណាថានបង្កើតយ៉ាដួរ។
១២ នៅគ្រាយ៉ូយ៉ាគីម ក៏មានពួកសង្ឃ ជាកំពូលលើពួកវង្សរបស់ឪពុកគេ ខាងវង្សសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា
១៣ ខាងអែសរ៉ា មានមស៊ូឡាម ខាងអ័ម៉ារា មានយ៉ូហាណាន
១៤ ហើយខាងមេលីគូរ មានយ៉ូណាថាន ខាងសេបានា មានយ៉ូសែប
១៥ ខាងហារីម មានអ័ឌណា ខាងមេរ៉ាយ៉ូត មានហេលកាយ
១៦ ខាងអ៊ីដោ មានសាការី ខាងគីនេថោន មានមស៊ូឡាម
១៧ ខាងអ័ប៊ីយ៉ា មានស៊ីកគ្រី ខាងមីនយ៉ាមីន គឺខាងម៉ូអាឌា មានពីលថាយ
១៨ ខាងប៊ីលកា មានសាំមួរ ខាងសេម៉ាយ៉ា មានយ៉ូណាថាន
១៩ ខាងយ៉ូយ៉ារីប មានម៉ាថ្នាយ ខាងយេដាយ៉ា មានអ៊ូស៊ី
២០ ខាងសាឡាយ មានកាឡាយ ខាងអ័ម៉ុក មានហេប៊ើរ
២១ ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។
២២ ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី
២៣ ពួកកូនចៅលេវីនោះ ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ទុកក្នុងសៀវភៅរបាក្សត្រហើយ ដរាបដល់គ្រាយ៉ូហាណានជាកូនអេលីយ៉ាស៊ីប
២៤ ឯពួកមេក្នុងពួកលេវី នោះគឺហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនអ័ឌីអែល ហើយមានពួកបងប្អូនគេឈរប្រទល់មុខនឹងគេ ដើម្បីនឹងសរសើរ ហើយអរព្រះគុណ ដោយពួក ទល់មុខគ្នា តាមបង្គាប់របស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ
២៥ ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប គេជាអ្នកឆ្មាំទ្វារ ដែលចាំយាមនៅឃ្លាំងត្រង់មាត់ទ្វារ
២៦ ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។
ពិធីឆ្លងកំផែងក្រុងយេរូសាឡិម
២៧ នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡិម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ និងការចំរៀងផ្សំ ដោយឈឹង ពិណ និងស៊ុងផង
២៨ ឯកូនចៅរបស់ពួកចំរៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម ហើយពីអស់ទាំងភូមិនៃពួកនថូផា
២៩ ពីបេត-គីលកាល ពីស្រុកស្រែចំការកេបា និងអាសម៉ាវែតដែរ ពីព្រោះពួកចំរៀង គេបានធ្វើភូមិ នៅព័ទ្ធជុំវិញក្រុងយេរូសាឡិម
៣០ ពួកសង្ឃ និងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន និងកំផែងផង ចេញជាបរិសុទ្ធ។
៣១ គ្រានោះ ខ្ញុំបាននាំពួកអ្នកជាប្រធាន ក្នុងពួកយូដាឡើងទៅលើកំផែង ក៏តម្រូវឲ្យមាន២ពួកធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដង្ហែគ្នា ពួក១ទៅខាងស្តាំ នៅលើកំផែង ដំរង់ទៅឯទ្វារចាក់សំរាម
៣២ មានហូសាយ៉ា និងពួកជាប្រធានលើពួកយូដាពាក់កណ្តាល គេដើរតាមក្រោយ
៣៣ ព្រមទាំងអ័សារា អែសរ៉ា មស៊ូឡាម
៣៤ យូដា បេនយ៉ាមីន សេម៉ាយ៉ា និងយេរេមាដែរ
៣៥ ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ គឺសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ាៗជាកូនម៉ាថានាៗជាកូនមីកាយ៉ាៗ ជាកូនសាគើរៗ ជាកូនអេសាភ
៣៦ និងពួកបងប្អូនលោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ
៣៧ គេក៏ដង្ហែគ្នាតាមទ្វារក្បាលទឹកដំរង់ទៅខាងមុខ ឡើងជណ្តើរនៃទីក្រុងដាវីឌ តាមកន្លែងឡើងទៅលើកំផែង ត្រង់ពីលើព្រះរាជដំណាក់ដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត
៣៨ ឯពួក១ទៀត ដែលពោលពាក្យអរព្រះគុណ នោះក៏ដង្ហែទៅជួបគ្នា ខ្ញុំក៏ដើរតាមពួកនេះ មានទាំងបណ្តាជនពាក់កណ្តាលនៅលើកំផែង ត្រង់ពីលើប៉មគុកភ្លើង រហូតដល់ទីខ្នងកំផែងធំទូលាយ
៣៩ ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ
៤០ យ៉ាងនោះ ពួកអ្នកដែលពោលពាក្យអរព្រះគុណ ក្នុងព្រះវិហារនៃព្រះ ទាំង២ពួកក៏ឈរនៅដំរៀបគ្នា មានទាំងខ្ញុំ និងពួកមេពាក់កណ្តាល ដែលនៅជាមួយនឹងខ្ញុំផង
៤១ ក៏មានពួកសង្ឃ គឺអេលាគីម ម្អាសេយ៉ា មីនយ៉ាមីន មីកាយ៉ា អេលីយ៉ូន៉ាយ សាការី និងហាណានា ដែលកាន់ត្រែដែរ
៤២ ហើយម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ និងអេស៊ើរដែរ ឯពួកចំរៀង គេក៏ច្រៀងឡើងជាខ្លាំង តាមយីសរ៉ាហ៊ា ដែលនាំមុខគេ
៤៣ នៅថ្ងៃនោះ គេក៏ថ្វាយដង្វាយយ៉ាងសន្ធឹក ហើយមានសេចក្តីរីករាយ ពីព្រោះព្រះទ្រង់បានធ្វើឲ្យគេអរសប្បាយយ៉ាងខ្លាំង ឯពួកស្រីៗ និងកូនក្មេង ក៏សប្បាយព្រមគ្នា ដល់ម៉្លេះបានជាសេចក្តីអំណរដែលមាននៅក្រុងយេរូសាឡិម បានឮផ្សាយទៅឆ្ងាយ។
ចំណែករបស់ពួកសង្ឃ និងពួកលេវី
៤៤ នៅថ្ងៃនោះ គេក៏តាំងមនុស្សឲ្យត្រួតត្រាលើបន្ទប់ដែលសំរាប់របស់ថ្ងៃវិសេស ដង្វាយលើកចុះឡើង ផលដំបូង និងដង្វាយ១ភាគក្នុង១០ ដើម្បីនឹងប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសំរាប់ពួកសង្ឃ និងពួកលេវីពីអស់ទាំងស្រែចំការ និងទីក្រុង មកទុកក្នុងបន្ទប់ទាំងនោះ ដ្បិតពួកយូដាគេមានសេចក្តីអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលឈរនៅដំណែងគេ
៤៥ ព្រមទាំងរក្សាបញ្ញើរបស់ព្រះនៃគេ និងការងារញែកជាបរិសុទ្ធ ពួកចំរៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់ដាវីឌ និងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
៤៦ ដ្បិតកាលពីដើមក្នុងគ្រាដាវីឌ និងអេសាភ នោះមានមេលើពួកចំរៀង ក៏មានទំនុកច្រៀងសរសើរដំកើង ហើយអរព្រះគុណដល់ព្រះ
៤៧ ហើយនៅគ្រាសូរ៉ូបាបិល និងនេហេមា នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ថ្វាយចំណែកសំរាប់ពួកចំរៀង និងពួកឆ្មាំទ្វារ តាមដែលត្រូវការរាល់ៗថ្ងៃ គេក៏លៃទុក១ចំណែកឲ្យពួកលេវី ហើយពួកលេវីក៏លៃទុក១ចំណែក ឲ្យពួកកូនចៅអើរ៉ុន។