៣
របៀបរស់នៅស្របតាមព្រះ
១ មួយសោតទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ឯការសរសេរសេចក្តីដដែលៗ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនធុញទ្រាន់ដល់ខ្ញុំទេ តែជាការមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ
២ ចូរប្រយ័ត្ននឹងពួកឆ្កែ ហើយនិងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ព្រមទាំងពួកកាត់ស្បែកក្លែងក្លាយផង
៣ ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត
៤ ប៉ុន្តែ ខ្ញុំមានកន្លែងទុកចិត្តខាងសាច់ឈាមខ្លះបានដែរ បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាន នោះខ្ញុំក៏លើសទៅទៀត
៥ ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨ ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រឹត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី
៦ ខាងឯសេចក្តីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ
៧ ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ
៨ ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ
៩ ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់ ដោយសេចក្តីសុចរិតដែលមកពីសេចក្តីជំនឿដល់ព្រះគ្រីស្ទ មិនមែនដោយសេចក្តីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសេចក្តីជំនឿវិញ
១០ ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង
១១ នោះគឺបើសិនជាមានផ្លូវណា ឲ្យខ្ញុំបានមកដល់សេចក្តីរស់ពីស្លាប់ឡើងវិញ។
ការសង្វាតឲ្យបានគ្រប់លក្ខណៈ
១២ មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។
១៣ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត
១៤ ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ
១៥ ដូច្នេះ យើងទាំងអស់គ្នាដែលគ្រប់លក្ខណ៍ហើយ យើងត្រូវមានគំនិតយ៉ាងនោះឯង តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះទ្រង់នឹងសំដែងឲ្យអ្នករាល់គ្នាបានឃើញសេចក្តីនេះដែរ
១៦ ប៉ុន្តែទោះបើបានដល់ទីណាក៏ដោយ គង់តែត្រូវឲ្យយើងកាន់តាមច្បាប់នោះឯង។
១៧ បងប្អូនអើយ ចូរត្រាប់តាមខ្ញុំគ្រប់គ្នា ហើយពិចារណាមើលឲ្យស្គាល់ពួកអ្នក ដែលដើរដូចជាយើងខ្ញុំបានធ្វើក្បួនឲ្យអ្នករាល់គ្នាហើយ
១៨ ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀត ថា គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ
១៩ ចុងបំផុតរបស់គេជាសេចក្តីហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្តីគួរខ្មាសរបស់គេ ទុកជាសិរីល្អវិញ គេនឹងតែពីរបស់នៅផែនដីនេះ
២០ ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង
២១ ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។