១២៦
ព្រះ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​សប្បាយ
ទំនុក​ច្រៀង​តាម​ថ្នាក់។
១ កាល​ព្រះយេហូវ៉ា​ទ្រង់​បាន​នាំ​ពួក
ឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ
នោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់សប្តិ​ទេ
២ គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយ
ហើយ​អណ្តាត​ក៏​ពេញ​ដោយ​បទ​ចំរៀង
នោះ​នៅ​គ្រប់​ទាំង​សាសន៍​មាន​គេ​ថា
ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​ពួក​នោះ​ពិត
៣ ព្រះយេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​យើង​មែន
ហើយ​ក៏​អរ​ណាស់​ដែរ
៤ ឱ​ព្រះយេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយ
ឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង
៥ អស់​អ្នក​ដែល​សាបព្រោះ ដោយ​ស្រក់​ទឹក​ភ្នែក
នោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ
៦ ឯ​អ្នក​ដែល​កណ្តៀត​ពូជ សំរាប់​សាបព្រោះ
ចេញ​ទៅ​ទាំង​យំ
នោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរ
ព្រម​ទាំង​យក​កណ្តាប់​មក​ផង។