៣
ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំវិញ
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើក កាលរត់ពីអាប់សាឡំម ជាព្រះរាជបុត្រា។
១ ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន
គ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎
មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ
២ មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា
នៅក្នុងព្រះ គ្មានសេចក្តីសង្គ្រោះដល់វាទៀតទេ។ បង្អង់
៣ ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ
ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ
ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ
៤ ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា
ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់។ បង្អង់
៥ ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ
ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ
៦ ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន
ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
៧ ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំផង
ដ្បិតគឺទ្រង់ដែលទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវនៃទូលបង្គំ
ទ្រង់បំបាក់ធ្មេញរបស់ពួកមនុស្សអាក្រក់ដែរ
៨ ឯសេចក្តីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា
សូមឲ្យព្រះពរទ្រង់បាននៅលើរាស្ត្រទ្រង់ចុះ។ បង្អង់