៥៧
ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សូមកុំបំផ្លាញ» ក្នុងកាលដែលទ្រង់ រត់ពីស្តេចសូលទៅនៅក្នុងរូងថ្ម សំរាប់មេភ្លេង។
១ សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គ
អើយ សូមអាណិតមេត្តាទូលបង្គំផង
ពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់
អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់
ដរាបដល់សេចក្តីអន្តរាយទាំងនេះបានបាត់ទៅ
២ ទូលបង្គំនឹងអំពាវនាវដល់ព្រះដ៏ខ្ពស់បំផុត
គឺដល់ព្រះដែលទ្រង់សំរេចគ្រប់ការឲ្យទូលបង្គំ
៣ កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ
គេត្មះតិះដៀល
នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌
ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់
៙ គឺព្រះទ្រង់នឹងចាត់សេចក្តីសប្បុរស
និងសេចក្តីពិតរបស់ទ្រង់មក
៤ ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ
ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ
គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង និងព្រួញ
ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
៥ ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើង
ឡើងខ្ពស់ជាងផ្ទៃមេឃ
សូមឲ្យសិរីល្អនៃទ្រង់បាននៅពីផែនដីទាំងមូល។
៦ ៙ គេបានត្រៀមអន្ទាក់សំរាប់ទាក់ជើងទូលបង្គំ
ព្រលឹងនៃទូលបង្គំបានត្រូវឱនចុះ
គេបានជីករណ្តៅនៅមុខទូលបង្គំ
តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
៧ ៙ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ
ចិត្តទូលបង្គំបានតាំងស្រេចហើយ
ទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ
៨ ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើង
ឱពិណ ហើយនឹងស៊ុងអញអើយ ចូរភ្ញាក់ឡើង
ឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ
៩ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅ
កណ្តាលពួកជន
ទូលបង្គំនឹងច្រៀងសរសើរទ្រង់
នៅកណ្តាលពួកសាសន៍ដទៃ
១០ ដ្បិតសេចក្តីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌
ហើយសេចក្តីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ
១១ ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើង
ខ្ពស់ជាងស្ថានសួគ៌
ហើយឲ្យសិរីល្អទ្រង់បាននៅពីលើផែនដីទាំងមូលផង។