១៣
ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម
១ ដាវីឌទ្រង់បានពិគ្រោះជាមួយនឹងពួកមេទ័ពធំតូច គឺជាអ្នកនាំមុខទាំងអស់
២ ហើយទ្រង់មានព្រះបន្ទូលនឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ថា បើការនេះពេញចិត្តដល់អ្នករាល់គ្នា ហើយក៏កើតអំពីព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាដែរ នោះចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើង ដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ហើយដល់ពួកសង្ឃ និងពួកលេវី ដែលនៅអស់ទាំងទីក្រុង និងភូមិគេទាំងប៉ុន្មាន ដើម្បីឲ្យគេមូលគ្នា មកឯយើងផងចុះ
៣ ហើយចូរយើងនាំហិបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហិបនោះ ក្នុងគ្រាសូលឡើយ
៤ ពួកជំនុំទាំងអស់គ្នា ក៏យល់ព្រមនឹងធ្វើដូច្នោះ ដ្បិតការនោះជាទីពេញចិត្តដល់ពួកជនទាំងឡាយ
៥ ដូច្នេះ ដាវីឌក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់តាំងពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីនឹងយកហិបនៃព្រះ ពីក្រុងគារយ៉ាត់-យារីមមក
៦ ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅឯក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បី និងយកហិបនៃព្រះយេហូវ៉ាដ៏ជាព្រះមក ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីនទាំង២ ដែលហិបនោះបានហៅតាមព្រះនាមទ្រង់
៧ គេក៏យកហិបនៃព្រះដាក់លើរទះថ្មី នាំចេញពីផ្ទះអ័ប៊ីន៉ាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរជាអ្នកបរ
៨ ឯដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកំឡាំង ព្រមទាំងច្រៀងចំរៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង និងត្រែ។
៩ តែកាលគេទៅដល់លានស្រូវរបស់គីដូន នោះអ៊ុសាលូកដៃទៅចាប់ទប់ហិប ពីព្រោះគោកញ្ជ្រោលឡើង
១០ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានសេចក្តីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់បង់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហិប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ
១១ ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះ ឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ
១២ នៅថ្ងៃនោះដាវីឌក៏មានសេចក្តីកោតខ្លាចដល់ព្រះ ហើយមានព្រះបន្ទូលថា ធ្វើដូចម្តេចឲ្យយើងនាំយកហិបនៃព្រះមកឯយើងបាន
១៣ ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហិបមកឯទ្រង់ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដំម ជាអ្នកក្រុងកាថវិញ
១៤ ហើយហិបនៃព្រះ ក៏នៅជាមួយនឹងគ្រួអូបិឌ-អេដំម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរ ដល់គ្រួរបស់អូបិឌ-អេដំម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។