២៣
មុខងាររបស់ពួកលេវី
១ រីឯដាវីឌ កាលទ្រង់មានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ នោះទ្រង់តាំងសាឡូម៉ូន ជាព្រះរាជបុត្រាឡើង ជាស្តេចលើពួកអ៊ីស្រាអែល
២ ទ្រង់បានប្រមូលពួកអ្នក ដែលជាកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវីមក
៣ ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់
៤ ក្នុងពួកនោះ មាន២ម៉ឺន៤ពាន់នាក់ ដែលត្រូវត្រួតត្រាការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយមាន៦ពាន់នាក់ ដែលជាចៅក្រម និងសុភា
៥ មាន៤ពាន់នាក់ ជាអ្នកឆ្មាំទ្វារ ៤ពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសំរាប់ការច្រៀងសរសើរ
៦ រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនឹងម្រ៉ារី។
៧ ក្នុងពួកកូនរបស់គើសុន មានឡាអាដាន និងស៊ីម៉ាយ
៨ ឯកូនរបស់ឡាអាដាន គឺយេហ៊ីអែល ជាមេ រួចសេថាម និងយ៉ូអែល ទាំងអស់៣នាក់
៩ ឯកូនរបស់ស៊ីម៉ាយ គឺសឡូមិត ហាស៊ាល និងហារ៉ាន ទាំងអស់៣នាក់ នេះហើយជាមេ ក្នុងពួកវង្សខាងឡាអាដាន
១០ ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស និងបេរាអ្នកទាំង៤នេះ ជាកូនស៊ីម៉ាយ
១១ ហើយយ៉ាហាត ជាមេស៊ីណា ជាអ្នកបន្ទាប់ តែយេអ៊ូស និងបេរា គេមិនសូវមានកូនច្រើនទេ បានជាគេរាប់ទុកជាវង្សាតែ១វិញ។
១២ ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់៤នាក់នេះ
១៣ ឯកូនរបស់អាំរ៉ាម គឺអើរ៉ុន និងម៉ូសេ ហើយអើរ៉ុន និងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធជាដរាបទៅ ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ជាដរាបទៅ
១៤ តែឯកូនរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ នោះបានរាប់បញ្ចូល ក្នុងពូជអំបូរលេវី
១៥ ឯកូនរបស់ម៉ូសេ គឺគើសុន និងអេលាស៊ើរ
១៦ ជាកូនរបស់គើសុន គឺសេបួល ជាមេ
១៧ កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់
១៨ ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ
១៩ កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទី២ យ៉ាហាសៀលទី៣ និងយេកាមាមទី៤
២០ ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ា ជាទី២។
២១ ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ និងគីស
២២ ឯអេលាសារគាត់ស្លាប់ទៅ ឥតមានកូនប្រុសទេ មានតែកូនស្រីៗ ហើយកូនចៅគីស ជាបងប្អូនគេក៏យកនាងទាំងនោះ ធ្វើជាប្រពន្ធ
២៣ ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ និងយេរេម៉ូត ទាំងអស់៣នាក់។
២៤ ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ
២៥ ដ្បិតដាវីឌទ្រង់បានមានព្រះបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទាន ឲ្យរាស្ត្រទ្រង់បានសេចក្តីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡិម ជារៀងរាបដរាបទៅ
២៦ ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ និងគ្រឿងប្រដាប់ សំរាប់ការងារនៃរោងនោះទៀតឡើយ
២៧ ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ដាវីឌ នោះគេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ
២៨ ពីព្រោះការងាររបស់គេ គឺឲ្យបំរើពួកកូនចៅអើរ៉ុន សំរាប់ការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសំអាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះវិហារនៃព្រះ
២៩ ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សំរាប់ដង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចំអិនក្នុងពុម្ព ឬដែលចៀនក្តី ហើយនឹងការវាល់វាស់ទាំងប៉ុន្មានផង
៣០ គេត្រូវឈររាល់តែព្រឹក ដើម្បីនឹងអរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា ព្រមទាំងពេលល្ងាចផង
៣១ ក៏ត្រូវថ្វាយគ្រប់ទាំងដង្វាយដុត ដល់ព្រះយេហូវ៉ា នៅរាល់តែថ្ងៃឈប់សំរាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ
៣២ ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ និងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅអើរ៉ុន ជាបងប្អូនគេ ដែលសំរាប់ការងាររបស់ព្រះវិហារនៃព្រះយេហូវ៉ាផង។