១៣
ស្តេច​អ័ប៊ីយ៉ា​សោយរាជ្យ​នៅ​ស្រុក​យូដា
១ នៅ​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ស្តេច​យេរ៉ូបោម នោះ​អ័ប៊ីយ៉ា​ចាប់​តាំង​សោយរាជ្យ​ឡើង​លើ​ស្រុក​យូដា ២ ទ្រង់​ក៏​សោយរាជ្យ​៣​ឆ្នាំ នៅ​ក្រុង​យេរូសាឡិម ព្រះមាតា​ទ្រង់​ព្រះនាម​ជា​មីកាយ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គីបៀរ អ័ប៊ីយ៉ា និង​យេរ៉ូបោម​ក៏​ច្បាំង​គ្នា​ដែរ ៣ ឯ​អ័ប៊ីយ៉ា​ទ្រង់​ចាប់​តាំង​ត​ចំបាំង មាន​ពលទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចំបាំង ហើយ​ជ្រើសរើស មាន​ចិត្ត​ក្លាហាន​ចំនួន​៤​សែន​នាក់ ហើយ​យេរ៉ូបោម​ក៏​ដំរៀប​ទ័ព​ច្បាំង​នឹង​ទ្រង់ មាន​មនុស្ស​ជ្រើសរើស ហើយ​ក្លាហាន​៨​សែន​នាក់ ៤ ឯ​អ័ប៊ីយ៉ា​ទ្រង់​ឈរ​នៅ​លើ​ភ្នំ​សេម៉ារែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រាអិម មាន​ព្រះបន្ទូល​ថា ឱ​យេរ៉ូបោម និង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​អើយ ចូរ​ស្តាប់​ចុះ ៥ គួរ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រទាន​អំណាច​លើ​សាសន៍​អ៊ីស្រាអែល​ដល់​ដាវីឌ ឲ្យ​សោយរាជ្យ​ជា​ដរាប​ទៅ គឺ​ដល់​ទ្រង់ និង​វង្សានុវង្ស​របស់​ទ្រង់​ត​ទៅ តាម​សេចក្តី​សញ្ញា​ដែល​តាំង​ដោយ​អំបិល ៦ ប៉ុន្តែ​យេរ៉ូបោម ជា​កូន​នេបាត ដែល​ជា​អ្នក​បំរើ​របស់​សាឡូម៉ូន បុត្រា​ដាវីឌ វា​បាន​លើក​ខ្លួន​ឡើង​បះបោរ​នឹង​ចៅហ្វាយ​របស់​ខ្លួន ៧ ហើយ​មាន​មនុស្ស​ជា​អសារ​ឥត​ការ និង​មនុស្ស​ចោលម្សៀត បាន​រួម​គ្នា​ជា​មួយ​នឹង​វា ចំរើន​កំឡាំង​ឡើង​ទាស់​នឹង​រេហូបោម ជា​បុត្រា​សាឡូម៉ូន ក្នុង​កាល​ដែល​រេហូបោម​នៅ​ខ្ចី​គំនិត ហើយ​ចិត្ត​ទន់ មិន​អាច​ទប់​នឹង​គេ​បាន​ឡើយ ៨ ឥឡូវ​នេះ ឯង​រាល់​គ្នា​គិត​ត​តាំង នឹង​នគរ​របស់​ព្រះយេហូវ៉ា ដែល​នៅ​ក្នុង​អំណាច​កូន​ចៅ​ដាវីឌ​ទៀត ឯង​រាល់​គ្នា​មាន​គ្នា​សន្ធឹក​ណាស់ ហើយ​កូន​គោ​មាស ដែល​យេរ៉ូបោម​បាន​ធ្វើ​ទុក​ជា​ព្រះ​របស់​ឯង ក៏​នៅ​ជា​មួយ​នឹង​ឯង​ដែរ ៩ តើ​ឯង​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​ផង​ព្រះយេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ​អី ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ និង​ចៀម​ឈ្មោល​៧​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន ១០ តែ​ខាង​ឯ​យើង​រាល់​គ្នា​វិញ គឺ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​នៃ​យើង យើង​រាល់​គ្នា​មិន​បាន​បោះបង់​ចោល​ទ្រង់​ទេ យើង​មាន​ពួក​សង្ឃ​ជា​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី​ដែល​ធ្វើ​ការងារ​ថ្វាយ​ព្រះយេហូវ៉ា​វិញ ១១ រាល់​តែ​ព្រឹក​ល្ងាច គេ​តែង​ដុត​ដង្វាយ​ដុត និង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះយេហូវ៉ា​ជានិច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស និង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​យើង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង តែ​ឯង​រាល់​គ្នា បាន​បោះបង់​ចោល​ទ្រង់​វិញ ១២ ហើយ​មើល ព្រះ​ទ្រង់​គង់​ជា​មួយ ក៏​ជា​អ្នក​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ទ្រង់​ក៏​កាន់​ត្រែ សំរាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​មិន​ចំរើន​ទេ។
១៣ តែ​ឯ​យេរ៉ូបោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ និង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា ១៤ កាល​ពួក​យូដា​បាន​ក្រឡេក​បែរ​មើល​ទៅ​ក្រោយ នោះ​ក៏​ឃើញ​មាន​ចំបាំង​ពី​មុខ​ពី​ក្រោយ​ដូច្នេះ គេ​ក៏​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង ១៥ ពួក​ទ័ព​យូដា គេ​ស្រែក​ឡើង ហើយ​កំពុង​ដែល​ពួក​យូដា​ស្រែក​ឡើង​ដូច្នោះ នោះ​ព្រះ​ទ្រង់​ក៏​វាយ​យេរ៉ូបោម និង​ពួក​អ៊ីស្រាអែល​ទាំង​អស់ នៅ​មុខ​អ័ប៊ីយ៉ា និង​ពួក​យូដា ១៦ ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​យូដា ១៧ អ័ប៊ីយ៉ា និង​ពួក​ទ័ព​ទ្រង់ ក៏​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម មាន​ពួក​អ៊ីស្រាអែល សុទ្ធ​តែ​ជា​មនុស្ស​ជ្រើសរើស បាន​ដួល​ស្លាប់​អស់​៥​សែន​នាក់ ១៨ នៅ​វេលា​នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យជំនះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ១៩ អ័ប៊ីយ៉ា​ទ្រង់​ដេញ​តាម​យេរ៉ូបោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល និង​ដំបន់​នៅ​ជុំវិញ ក្រុង​យេសាណា និង​ដំបន់​នៅ​ជុំវិញ នឹង​ក្រុង​អេប្រុន ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ​ដែរ ២០ ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​យេរ៉ូបោម​មិន​បាន​ចំរើន​កំឡាំង​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះយេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ ២១ ឯ​អ័ប៊ីយ៉ា​ទ្រង់​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​១៤ ហើយ​បង្កើត​បាន​បុត្រា​២២​អង្គ និង​បុត្រី​១៦​អង្គ ២២ រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា ហើយ​ពី​ការ​របស់​ទ្រង់ និង​ព្រះបន្ទូល​នៃ​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។