១៨
ស្តេច​យ៉ូសាផាត​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ័ហាប់
១ រីឯ​យ៉ូសាផាត ទ្រង់​មាន​ទ្រព្យសម្បត្តិ និង​កិត្តិយស​ជា​បរិបូរ ហើយ​ទ្រង់​ក៏​ភ្ជាប់​ពន្ធ​នឹង​អ័ហាប់ ២ លុះ​ក្រោយ​មក​ពីរ​បី​ឆ្នាំ នោះ​ទ្រង់​យាង​ចុះ​ទៅ​ឯ​អ័ហាប់ នៅ​ក្រុង​សាម៉ារី ឯ​អ័ហាប់​ក៏​សំឡាប់​ចៀម និង​គោ​ជា​បរិបូរ ជប់លៀង​ទ្រង់ និង​ពួក​អ្នក​ដែល​តាម​ទ្រង់​ទៅ​ផង ក៏​បបួល​ទ្រង់ ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ៣ អ័ហាប់​ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ទូល​នឹង​យ៉ូសាផាត ជា​ស្តេច​យូដា​ថា តើ​ទ្រង់​ចង់​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ នោះ​ទ្រង់​ទូល​ឆ្លើយ​ថា ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​រាស្ត្រ​របស់​ទូលបង្គំ ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់​ដែរ យើង​រាល់​គ្នា​នឹង​នៅ​ជា​មួយ​នឹង​ទ្រង់ ក្នុង​ចំបាំង​នេះ។
ពួក​អ្នក​ប្រកប​របរ​ជា​ហោរា​ប្រកាស​អំពី​ជ័យជំនះ
៤ តែ​យ៉ូសាផាត​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ជា​មុន​សិន ៥ ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ប្រមូល​ពួក​ហោរា បាន​៤០០​នាក់ មក​សួរ​គេ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ​ច្បាំង នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ​ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះហស្ត​នៃ​ព្រះករុណា​ហើយ ៦ តែ​យ៉ូសាផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះយេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី ៧ ស្តេច​អ៊ីស្រាអែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​បាន​ដែរ គឺ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូលបង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ជា​ដរាប​វិញ យ៉ូសាផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​ព្រះបន្ទូល​ដូច្នេះ​ឡើយ ៨ នោះ​ស្តេច​អ៊ីស្រាអែល​ទ្រង់​ហៅ​មហាតលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​ជា​ឆាប់ៗ ៩ ឯ​ស្តេច​អ៊ីស្រាអែល និង​យ៉ូសាផាត ជា​ស្តេច​យូដា ទ្រង់​ព្រះពស្ត្ររាជ្យគង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទីធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់ ១០ ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ព្រះករុណា​នឹង​ជល់​ពួក​ស៊ីរី ដោយ​ស្នែង​នេះ ដរាប​ដល់​គេ​វិនាស​សូន្យ​ទៅ ១១ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត​ហើយ​មាន​ជ័យជំនះ​ចុះ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ព្រះហស្ត​នៃ​ព្រះករុណា​ហើយ។
ហោរា​មីកាយ៉ា​ប្រកាស​ប្រាប់​ពី​បរាជ័យ
១២ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា​មើល ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ទាយ​ល្អ ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្តី​ល្អ​ដែរ ១៣ តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះជន្ម​រស់​ថា សេចក្តី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះបន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្តី​នោះ​ឯង ១៤ រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យជំនះ​ចុះ ដ្បិត​ព្រះ​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះហស្ត​នៃ​ព្រះករុណា​ហើយ ១៥ រួច​ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​បាន​និយាយ​តែ​សេចក្តី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា ១៦ គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ពួក​អ៊ីស្រាអែល​ខ្ចាត់ខ្ចាយ​ទៅ នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្តី​សុខ​ចុះ ១៧ ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសាផាត​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ដល់​ទ្រង់​ទេ​ឬ​អី​ថា វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​ឡើយ គឺ​ទាយ​តែ​អាក្រក់​ម្យ៉ាង​ប៉ុណ្ណោះ ១៨ នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​សិន ទូលបង្គំ​បាន​ឃើញ​ព្រះយេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ​ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង​ផង ១៩ ហើយ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ ២០ រួច​មាន​វិញ្ញាណ​១​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ទូល​ថា ទូលបង្គំ​ចង់​ទៅ ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ ២១ វិញ្ញាណ​នោះ​ទូល​ថា ទូលបង្គំ​នឹង​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូតកុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន ២២ ដូច្នេះ មើល​ឥឡូវ​នេះ ព្រះយេហូវ៉ា​ទ្រង់​បាន​ដាក់​វិញ្ញាណ​ភូតកុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះករុណា​ទាំង​នេះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​បាន​មាន​ព្រះបន្ទូល សំដែង​ពី​សេចក្តី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះករុណា។
២៣ លំដាប់​នោះ សេដេគា ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា សួរ​ថា ព្រះវិញ្ញាណ​នៃ​ព្រះយេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​ព្រះបន្ទូល​នឹង​ឯង​តាម​ផ្លូវ​ណា ២៤ នោះ​មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ ឯង​នឹង​បាន​ឃើញ​ច្បាស់ ក្នុង​កាល​ដែល​ឯង​រត់​ទៅ ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង ២៥ ស្តេច​អ៊ីស្រាអែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាយ៉ា​ទៅ​ឯ​អាំម៉ូន ជា​ចៅហ្វាយ​ទី​ក្រុង និង​យ៉ូអាស ជា​ព្រះរាជបុត្រា​វិញ​ទៅ ២៦ ហើយ​ប្រាប់​គេ​ថា ស្តេច​ទ្រង់​បង្គាប់​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​នៅ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង​នឹង​ទឹក​ដ៏​វេទនា ទាល់​តែ​ដល់​វេលា​អញ​មក​វិញ ដោយ​សុខសាន្ត ២៧ មីកាយ៉ា​ទូល​ថា បើ​សិន​ណា​ជា​ទ្រង់​ដែល​យាង​មក​វិញ​ដោយ​សុខសាន្ត​ពិត នោះ​គឺ​ព្រះយេហូវ៉ា​មិន​បាន​មាន​ព្រះបន្ទូល​ដោយសារ​ទូលបង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំងឡាយ​អើយ ចូរ​ស្តាប់​ចុះ។
ស្តេច​អ័ហាប់​សោយ​ទិវង្គត​ក្នុង​សមរភូមិ
២៨ ដូច្នេះ ស្តេច​អ៊ីស្រាអែល និង​យ៉ូសាផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ២៩ ឯ​ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសាផាត​ថា ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះអង្គ សូម​ឲ្យ​ព្រះករុណា​ទ្រង់​គ្រឿង​ព្រះពស្ត្ររាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រាអែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ ៣០ រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេទ័ព​រទេះ​ចំបាំង​ទ្រង់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូច​ឬ​ធំ​ក្តី​ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រាអែល​១​ប៉ុណ្ណោះ ៣១ ដូច្នេះ កាល​ពួក​មេទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសាផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រាអែល​ហើយ គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ តែ​យ៉ូសាផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះយេហូវ៉ា​ក៏​ប្រោស​ជួយ បណ្តាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ ៣២ កាល​ពួក​មេទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រាអែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ ៣៣ តែ​មាន​មនុស្ស​ម្នាក់​យឹតធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រាអែល ត្រង់​ប្រឡោះ​អាវ​ក្រោះ​នៃ​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះរាជរថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ​នាំ​យើង​ចេញ​ពី​ពលទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់ ៣៤ នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​ស្តេច​អ៊ីស្រាអែល​ទ្រង់​ផ្អែក​អង្គ នៅ​ក្នុង​ព្រះរាជរថ​ទ្រង់ តស៊ូ​នឹង​ពួក​ស៊ីរី ដរាប​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច នោះ​ទ្រង់​ក៏​សុគត​ទៅ។