យញ្ញបូជា​របស់​ស្តេច​សាឡូម៉ូន
១ កាល​សាឡូម៉ូន​បាន​អធិស្ឋាន​ស្រេច​ហើយ នោះ​ភ្លើង​ក៏​ចុះ​ពី​លើ​មេឃ មក​បញ្ឆេះ​ដង្វាយ​ដុត និង​យញ្ញបូជា​ទាំង​ប៉ុន្មាន​ទៅ ហើយ​ព្រះវិហារ​បាន​ពេញ ដោយ​សិរីល្អ​នៃ​ព្រះយេហូវ៉ា ២ ពួក​សង្ឃ​ចូល​ទៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​មិន​បាន ដោយ​ព្រោះ​សិរីល្អ​នៃ​ព្រះយេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះវិហារ​នោះ ៣ ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​គេ​ក៏​មើល​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ចុះ​មក និង​សិរីល្អ​នៃ​ទ្រង់​បាន​នៅ​លើ​ព្រះវិហារ​ដែរ ហើយ​គេ​ឱន​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ​បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណាគុណ ឯ​សេចក្តី​សប្បុរស​របស់​ទ្រង់ ក៏​នៅ​អស់​កល្ប​ជានិច្ច។
៤ រួច​មក​ស្តេច និង​បណ្តាជន​ទាំងឡាយ ក៏​ថ្វាយ​យញ្ញបូជា​នៅ​ចំពោះ​ព្រះយេហូវ៉ា ៥ ស្តេច​សាឡូម៉ូន​ទ្រង់​ថ្វាយ​យញ្ញបូជា ជា​គោ​២​ម៉ឺន​២​ពាន់ និង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ដែល​ស្តេច និង​ពួក​ជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​នៃ​ព្រះ ៦ ឯ​ពួក​សង្ឃ គេ​ឈរ​នៅ​ទី​តាម​ដំណែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះយេហូវ៉ា ដែល​ស្តេច​ដាវីឌ​បាន​ធ្វើ​សំរាប់ និង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ក្នុង​កាល​ដែល​ដាវីឌ​បាន​សរសើរ ដោយសារ​ពួក​នោះ​ថា សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​ក៏​ឈរ​នៅ ៧ សាឡូម៉ូន​ទ្រង់​ញែក​កន្លែង​កណ្តាល​ទីលាន ដែល​នៅ​មុខ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​ថ្វាយ​ដង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ដង្វាយ​មេត្រី​ផង ពី​ព្រោះ​អាសនា​លង្ហិន ដែល​សាឡូម៉ូន​បាន​ធ្វើ​នោះ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ខ្លាញ់​ផង​បាន​ទេ។
៨ នៅ​គ្រា​នោះ សាឡូម៉ូន និង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យអស់​៧​ថ្ងៃ ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ស្រុក​អេស៊ីព្ទ ៩ នៅ​ថ្ងៃ​ទី​៨ គេ​ក៏​ប្រជុំ​ជា​ជំនុំ​មុតមាំ ពី​ព្រោះ​គេ​ធ្វើ​បុណ្យ​ឆ្លង​អាសនា​អស់​៧​ថ្ងៃ និង​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត ១០ រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីករាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេកអរ ដោយ​ព្រោះ​សេចក្តី​សប្បុរស ដែល​ព្រះយេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូម៉ូន និង​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។
ព្រះអម្ចាស់​សំដែង​ឲ្យ​ស្តេច​សាឡូម៉ូន​ឃើញ​ជា​ថ្មី
១១ ដូច្នេះ​សាឡូម៉ូន​បាន​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​មាន​ព្រះទ័យ​ចង់​ធ្វើ ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ហើយ​ក្នុង​ដំណាក់​របស់​ទ្រង់ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់ ១២ រួច​មក ព្រះយេហូវ៉ា​ទ្រង់​លេច​មក​ឯ​សាឡូម៉ូន​នៅ​វេលា​យប់ មាន​ព្រះបន្ទូល​ថា អញ​បាន​ទទួល​សេចក្តី​អធិស្ឋាន​របស់​ឯង​ហើយ ក៏​បាន​រើស​ទី​នេះ ទុក​ជា​ទី​សំរាប់​អញ ឲ្យ​បាន​ជា​ទី​ថ្វាយ​យញ្ញបូជា ១៣ បើ​កាល​ណា​អញ​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​អញ​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្នរោគ​កើត​ឡើង​ក្នុង​ពួក​រាស្ត្រ​អញ ១៤ នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ គេ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​រក​មុខ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង ១៥ ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្តី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ ១៦ ដ្បិត​ឥឡូវ​នេះ អញ​បាន​រើស​ព្រះវិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​អញ ក៏​នឹង​នៅ​ទី​នេះ​ជានិច្ច ១៧ ចំណែក​ឯង បើសិន​ជា​ដើរ​នៅ​មុខ​អញ ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បាន​បង្គាប់​ឯង ហើយ​រក្សា​បញ្ញត្ត និង​ក្រឹត្យក្រម​ទាំង​ប៉ុន្មាន​របស់​អញ ១៨ នោះ​អញ​នឹង​តាំង​រាជ្យ​នៃ​នគរ​ឯង ឲ្យ​ខ្ជាប់ខ្ជួន​ឡើង ដូច​ជា​អញ​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​គ្រប់គ្រង​លើ​អ៊ីស្រាអែល​ឡើយ ១៩ ប៉ុន្តែ​បើ​ឯង​រាល់​គ្នា​ងាក​បែរ​ចេញ ហើយ​បោះបង់​ចោល​បញ្ញត្ត និង​ក្រឹត្យក្រម​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​សំញែង​នៅ​មុខ​ឯង​រាល់​គ្នា ទៅ​គោរព​ប្រតិបត្តិ​ថ្វាយ​បង្គំ​ដល់​ព្រះ​ដទៃ​វិញ ២០ នោះ​អញ​នឹង​រំលើង​គេ ចេញ​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ រួច​ព្រះវិហារ​នេះ ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ ទុក​សំរាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះបង់​ចោល​ពី​ភ្នែក​អញ​ចេញ ឲ្យ​បាន​ត្រឡប់​ជា​ទី​ប្រៀបផ្ទឹម ហើយ​ជា​ទី​ត្មះតិះដៀល នៅ​ក្នុង​សាសន៍​ដទៃ​ទាំង​អស់ ២១ ហើយ​ព្រះវិហារ​នេះ​ដែល​ខ្ពស់​ទាំង​ម៉្លេះ នោះ​អស់​អ្នក​ណា​ដែល​ដើរ​តាម​នេះ នឹង​មាន​សេចក្តី​ប្លែក​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ព្រះយេហូវ៉ា​ប្រព្រឹត្ត​នឹង​ស្រុក​នេះ ហើយ​នឹង​ព្រះវិហារ​នេះ​យ៉ាង​ដូច្នេះ ២២ គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ដោយ​ព្រោះ​គេ​បាន​បោះបង់​ចោល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ទៅ​ចាប់​កាន់​តាម​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ទាំង​នោះ​ផង ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល​ឲ្យ​សេចក្តី​អាក្រក់​ទាំង​នេះ​កើត​ឡើង​ដល់​គេ។