១០
១ បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ និង​សេចក្តី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រាអែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ ២ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញាទេ ៣ ពី​ព្រោះ​គេ​មិន​បាន​ចុះ​ចូល តាម​សេចក្តី​សុចរិត​នៃ​ព្រះ ដោយ​គេ​រក​តាំង​សេចក្តី​សុចរិត​របស់​ខ្លួន​គេ ឥត​ស្គាល់​សេចក្តី​សុចរិត​របស់​ទ្រង់​ឡើយ ៤ ដ្បិត​ព្រះគ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ សំរាប់​ជា​សេចក្តី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ជឿ។
ការ​សង្គ្រោះ​តាម​រយៈ​ជំនឿ​លើ​ព្រះអម្ចាស់
៥ លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្តី​សុចរិត ដែល​មក​ដោយសារ​ក្រឹត្យវិន័យ​ថា «មនុស្ស​ណា​ដែល​បាន​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ នឹង​រស់​នៅ​ដោយសារ​ការ​ខ្លួន​ប្រព្រឹត្ត​នោះ​ឯង» ៦ តែ​សេចក្តី​សុចរិត​ដែល​មក​ដោយ​សេចក្តី​ជំនឿ នោះ​ថា​ដូច្នេះ​វិញ គឺ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា «តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌» គឺ​ដើម្បី​នឹង​នាំ​ព្រះគ្រីស្ទ​ចុះ​មក ៧ ឬ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ» គឺ​ដើម្បី​នឹង​នាំ​ព្រះគ្រីស្ទ​ពី​ពួក​ស្លាប់​ឡើង​មក​នោះ​ឡើយ ៨ តែ​សេចក្តី​សុចរិត​នោះ តើ​ថា​ដូច​ម្តេច នោះ​ថា «ព្រះបន្ទូល​នៅ​ជិត​ឯង ក៏​នៅ​ក្នុង​មាត់ ហើយ​ក្នុង​ចិត្ត​ឯង​ផង» នោះ​គឺ​ជា​ព្រះបន្ទូល​នៃ​សេចក្តី​ជំនឿ ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកាស​ប្រាប់​ថា ៩ បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ១០ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់ ១១ ពី​ព្រោះ​គម្ពីរ​ថា «អស់​អ្នក​ណា​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ១២ ហើយ​សាសន៍​យូដា និង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះអម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នក​ណា ដែល​អំពាវនាវ​រក​ទ្រង់ ១៣ ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ១៤ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវនាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ ១៥ មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្តី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្តី​ដែល​បណ្តាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។
១៦ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទាំង​អស់​គ្នា​ទេ ដ្បិត​លោក​អេសាយ​មាន​ប្រសាសន៍​ថា «ឱ​ព្រះអម្ចាស់​អើយ តើ​មាន​អ្នក​ណា​ខ្លះ បាន​ជឿ​សេចក្តី ដែល​យើង​ខ្ញុំ​ប្រាប់» ១៧ ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ ១៨ តែ​ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន «សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ៍​បំផុត» ១៩ ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រាអែល​មិន​បាន​ដឹង​ទេ​ឬ​អី លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា​មុន​ថា «អញ​នឹង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ច្រណែន ដោយសារ​ពួក​មនុស្ស ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នាំ​ឲ្យ​ឯង​ខឹង ដោយសារ​សាសន៍១​ដែល​ឥត​ប្រាជ្ញា» ២០ លោក​អេសាយ​ក៏​មាន​ចិត្ត​ក្លាហាន​ណាស់ និង​មាន​ប្រសាសន៍​ថា «ពួក​អ្នក​ដែល​មិន​ស្វែង​រក​អញ នោះ​បាន​ឃើញ​អញ​ហើយ អញ​បាន​សំដែង​មក​ច្បាស់​ឲ្យ​ពួក​អ្នក ដែល​មិន​សួរ​រក​អញ​បាន​ឃើញ» ២១ ក៏​មាន​ប្រសាសន៍​ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «អញ​បាន​លូក​ដៃ​អញ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​ឯ​សាសន៍១​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​និយាយ​ទាស់​ទទឹង»។