១៥
ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ត
១ គួរតែឲ្យយើងរាល់គ្នា ដែលមានកំឡាំង បានទ្រាំទ្រនឹងសេចក្តីកំសោយ របស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ
២ ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង
៣ ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ ដូចជាមានសេចក្តីចែងទុកមកថា «សេចក្តីដំនៀលដែលគេត្មះតិះដៀលទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ»
៤ ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ
៥ ឥឡូវនេះ សូមព្រះនៃសេចក្តីអត់ធ្មត់ និងសេចក្តីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ
៦ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
ដំណឹងល្អសំរាប់ប្រជាជាតិទាំងអស់
៧ ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។
៨ ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកអ្នកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្តីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោ
៩ ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្តីមេត្តាករុណារបស់ទ្រង់ តាមសេចក្តីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់»
១០ ហើយមានសេចក្តីមួយទៀតថា «ឱសាសន៍ទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់»
១១ ក៏មាន១ទៀតថា «ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ»
១២ ក្នុងបទ១ទៀត លោកអេសាយក៏មានប្រសាសន៍ថា «នឹងមានឫសរបស់អ៊ីសាយ១កើតឡើង សំរាប់នឹងកាន់កាប់លើអស់ទាំងសាសន៍ដទៃ សាសន៍ទាំងនោះនឹងយកទ្រង់ជាទីសង្ឃឹម»
១៣ ឥឡូវនេះ សូមព្រះនៃសេចក្តីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្តីអំណរ និងសេចក្តីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្តីជំនឿ ប្រយោជន៍ឲ្យបានសេចក្តីសង្ឃឹមជាបរិបូរ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។
សកម្មភាព និងគំរោងការរបស់លោកប៉ុល
១៤ ឱបងប្អូនអើយ ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្តីល្អពេញលេញហើយ ក៏បានពេញជាចំណេះគ្រប់មុខផង អាចនឹងទូន្មានគ្នាទៅវិញទៅមកបានហើយ
១៥ ហេតុដូច្នេះ បងប្អូនអើយ ខ្ញុំធ្វើសំបុត្រនេះផ្ញើមកអ្នករាល់គ្នា ដោយមានចិត្តក្លៀវក្លាលើសទៅទៀត ដែលមាន១ផ្នែក សំរាប់នឹងរំឭកដល់អ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះទ្រង់បានផ្តល់មកខ្ញុំ
១៦ ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាដង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។
១៧ ដូច្នេះ ខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រីស្ទយេស៊ូវ ពីសេចក្តីទាំងប៉ុន្មានខាងឯព្រះ
១៨ ព្រោះខ្ញុំមិនហ៊ាននិយាយពីការអ្វី លើកតែពីការដែលព្រះគ្រីស្ទបានធ្វើដោយសារខ្ញុំប៉ុណ្ណោះទេ គឺជាការនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ ទោះដោយពាក្យសំដី ឬការធ្វើក្តី
១៩ ទោះដោយអំណាចនៃទីសំគាល់ ឬការអស្ចារ្យ ឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តី ដល់ម៉្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទពេញពាសទួទៅ តាំងពីក្រុងយេរូសាឡិម ដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុន
២០ គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ
២១ ដូចជាមានសេចក្តីចែងទុកមកថា «ពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្តាប់ នោះនឹងឃើញ ហើយពួកដែលមិនបានឮសោះ នោះនឹងបានយល់វិញ»។
គំរោងការរបស់ប៉ុលធ្វើដំណើរទៅក្រុងរ៉ូម
២២ គឺដោយហេតុនោះបានជាខ្ញុំមានសេចក្តីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា
២៣ ប៉ុន្តែឥឡូវនេះ ដោយគ្មានកន្លែងណាសល់ នៅស្រុកទាំងនេះទៀត ហើយដោយខ្ញុំមានចិត្តរឭកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផង
២៤ បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច
២៥ តែឥឡូវនេះ ខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិន
២៦ ដ្បិតពួកស្រុកម៉ាសេដូន និងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
២៧ គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្តី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ
២៨ ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា
២៩ ហើយខ្ញុំដឹងថា ដែលខ្ញុំមកឯអ្នករាល់គ្នា នោះខ្ញុំនឹងនាំ ទាំងព្រះពរ នៃដំណឹងល្អ ផងព្រះគ្រីស្ទ ដ៏ពោរពេញមកដែរ។
៣០ តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ
៣១ ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡិម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង
៣២ ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា
៣៣ សូមឲ្យព្រះនៃសេចក្តីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នា អាម៉ែន។