១ ដូច្នេះ តើ​សាសន៍​យូដា​វិសេស​ជាង​គេ​យ៉ាង​ណា ឬ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​ដូច​ម្តេច​ខ្លះ ២ មាន​គ្រប់​ជំពូក​ជា​ច្រើន​ណាស់ មុន​ដំបូង គឺ​ពី​ព្រោះ​បាន​ផ្ញើ​ព្រះបន្ទូល​ទុក​នឹង​គេ ៣ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្តី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី ៤ ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំជំរះ​ទ្រង់» ៥ ប៉ុន្តែ បើ​សិន​ជា​សេចក្តី​ទុច្ចរិត​របស់​យើង​រាល់​គ្នា បាន​នាំ​ឲ្យ​គេ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ​ច្បាស់​ជាង នោះ​តើ​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​ទ្រង់​ទុច្ចរិត​ឬ​អី ដែល​ទ្រង់​ធ្វើ​ទោស​នោះ (នេះ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក) ៦ ទេ មិន​មែន​ឡើយ តែ​បើ​សិន​ជា​ទុច្ចរិត​មែន នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​ព្រះ​ជំនុំជំរះ​លោកីយ៍​បាន ៧ ដ្បិត​បើ​សិន​ជា​សេចក្តី​ពិត​របស់​ព្រះ​បាន​ចំរើន​ឡើង សំរាប់​ជា​សិរីល្អ​ដល់​ទ្រង់ ដោយសារ​សេចក្តី​ភូតភរ​របស់​ខ្ញុំ នោះ​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជាប់​សេចក្តី​ជំនុំជំរះ ទុក​ដូច​ជា​មនុស្ស​មាន​បាប​ទៀត ៨ ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម​ត្រូវ​ហើយ។
គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ទេ
៩ ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា និង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប ១០ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ១១ គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ ១២ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង ១៣ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន ១៤ ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្តី​បណ្តាសា និង​សេចក្តី​ជូរ​ចត់ ១៥ ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម ១៦ នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​ទុក្ខ​លំបាក ១៧ គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​សោះ ១៨ ក៏​គ្មាន​សេចក្តី​កោតខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ» ១៩ រីឯ​គ្រប់​ទាំង​សេចក្តី​ដែល​ក្រឹត្យវិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រឹត្យវិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ៍​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ ២០ ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ ដ្បិត​ក្រឹត្យវិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។
ព្រះ​ប្រោស​ឲ្យ​មនុស្ស​បាន​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ
២១ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យវិន័យ សេចក្តី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យវិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ ២២ គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ២៣ ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ២៤ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ២៥ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយសារ​សេចក្តី​ជំនឿ​ដល់​ព្រះលោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់ ២៦ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ។
២៧ ដូច្នេះ តើ​សេចក្តី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្តី​ជំនឿ​វិញ​ទេ​តើ ២៨ ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយសារ​សេចក្តី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ ២៩ តើ​ព្រះអង្គ​ទ្រង់​ជា​ព្រះ​នៃ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ​ទេ​ឬ​អី មែន​ហើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ ៣០ ដ្បិត​គឺ​ជា​ព្រះ​តែ​១​ព្រះអង្គ ដែល​នឹង​រាប់​ទាំង​ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយសារ​តែ​គេ​មាន​សេចក្តី​ជំនឿ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេ​មាន​សេចក្តី​ជំនឿ​នោះ​ដែរ ៣១ ដូច្នេះ តើ​យើង​ឈ្មោះ​ថា​ធ្វើ​ឲ្យ​ក្រឹត្យវិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សេចក្តី​ជំនឿ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ឈ្មោះ​ថា យើង​តាំង​ក្រឹត្យវិន័យ​ឲ្យ​កាន់​តែ​មាំមួន​ឡើង​វិញ​ទេ​តើ។