១៨
យ៉ូណាថានចងសម្ពន្ធមិត្តជាមួយដាវីឌ
១ លុះកាលដាវីឌទូលទៅសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ
២ នៅថ្ងៃនោះ សូលទ្រង់ក៏ទទួលដាវីឌ មិនឲ្យត្រឡប់ទៅឯផ្ទះឪពុកវិញទៀតទេ
៣ ខណៈនោះ យ៉ូណាថានបានតាំងសញ្ញានឹងដាវីឌ ពីព្រោះលោកស្រឡាញ់ដាវីឌដូចជាខ្លួនរបស់លោក
៤ លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសំលៀកបំពាក់របស់លោក និងដាវ ធ្នូ ហើយនឹងខ្សែក្រវាត់ផង
៥ គ្រានោះ ដាវីឌត្រាច់ទៅគ្រប់ទីកន្លែងតាមដែលសូលទ្រង់ប្រើ ហើយក៏តែងប្រព្រឹត្តដោយប្រាជ្ញា រួចមកសូលទ្រង់តាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកបណ្តាជន និងពួកមហាតលិករបស់សូល គេមានសេចក្តីពេញចិត្តជាខ្លាំង។
ស្តេចសូលច្រណែននឹងដាវីឌ
៦ គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសំឡាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង និងលោតកញ្ឆេង ហើយបន្ទរក្រាប់ និងប្រដាប់ភ្លេងផ្សេងៗ
៧ កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន
៨ ដូច្នេះ សូលទ្រង់មានសេចក្តីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានព្រះបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ
៩ ចាប់តាំងពីថ្ងៃនោះមក សូលទ្រង់ចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។
១០ លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្តីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង
១១ ខណៈនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង
១២ ដូច្នេះ សូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ
១៣ ហេតុដូច្នោះសូលទ្រង់ក៏ដកហូតដាវីឌចេញ ហើយតម្រូវឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្តាទ័ពចេញចូល
១៤ លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាទ្រង់គង់ជាមួយផង
១៥ កាលសូលទ្រង់ឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ នោះទ្រង់កោតខ្លាចដល់លោក
១៦ តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មានគេដិតចិត្តស្រឡាញ់ដល់ដាវីឌ ពីព្រោះលោកជាអ្នកនាំមុខគេចេញចូល។
ដាវីឌរៀបអាពាហ៍ពិពាហ៍ជាមួយបុត្រីស្តេចសូល
១៧ នៅគ្រានោះ សូលមានព្រះបន្ទូលទៅដាវីឌថា មើលអញនឹងឲ្យនាងម៉្រាប ជាកូនច្បងរបស់អញ ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងបានធ្វើជាអ្នកក្លាហាន សំរាប់អញ ហើយច្បាំងចំបាំងនៃព្រះយេហូវ៉ាចុះ ពីព្រោះសូលមានបំណងថា កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃនៃពួកភីលីស្ទីនធ្វើវិញចុះ
១៨ ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ
១៩ តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប ជាបុត្រីសូលទៅដាវីឌ នោះត្រឡប់ទៅជាបានលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ
២០ ឯមីកាល ជាបុត្រីសូល នាងប្រតិព័ទ្ធស្រឡាញ់ដល់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់សូល ការនោះក៏គាប់ព្រះទ័យដល់ទ្រង់
២១ ដោយបំណងថា អញនឹងឲ្យនាងទៅវាចុះ ដើម្បីឲ្យបានជាអន្ទាក់ដល់វា ហើយឲ្យដៃនៃពួកភីលីស្ទីនបានទាស់នឹងវា ដូច្នោះសូលមានព្រះបន្ទូលទៅដាវីឌថា នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាអញ ដោយសារនាងបន្ទាប់នេះវិញ។
២២ សូលទ្រង់ក៏បង្គាប់ដល់ពួកមហាតលិកថា ចូរនិយាយប្រលោមដាវីឌដោយសំងាត់ថា មើល ស្តេចទ្រង់សព្វព្រះទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ
២៣ ពួកមហាតលិកក៏ថ្លែងសេចក្តីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង
២៤ នោះពួកមហាតលិកក៏នាំសេចក្តីទៅក្រាបទូលដល់ទ្រង់ អំពីដាវីឌបាននិយាយយ៉ាងនោះ
២៥ រួចសូលទ្រង់បង្គាប់ថា ចូរឯងរាល់គ្នាទៅនិយាយនឹងដាវីឌដូច្នេះចុះ ថាស្តេចមិនចង់បានបណ្តាការអ្វីទេ ទ្រង់សព្វព្រះទ័យ ចង់បានតែស្បែកនៃស្រោមចុងស្វាស របស់ពួកភីលីស្ទីន១០០ប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់ តែគំនិតសូលទ្រង់គិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ
២៦ ដូច្នេះ កាលពួកមហាតលិកបាននាំសេចក្តីទៅប្រាប់ដល់ដាវីឌវិញហើយ នោះលោកក៏សុខចិត្ត នឹងធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សំរេចនៅឡើយ
២៧ បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅផង រួចសំឡាប់ពួកភីលីស្ទីនបាន២០០នាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះសូលទ្រង់ប្រទាននាងមីកាល ជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ
២៨ សូលទ្រង់ក៏យល់ឃើញ ហើយជ្រាបថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងដាវីឌ ឯនាងមីកាល ជាបុត្រីសូល ក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក
២៩ ដូច្នេះ សូលទ្រង់ខ្លាចដាវីឌរឹតតែខ្លាំងឡើងទៀត ក៏ធ្វើជាអ្នកសត្រូវនឹងលោកជាដរាបទៅ។
៣០ នៅគ្រានោះ ពួកមេសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មាននៃស្តេច ដល់ម៉្លេះបានជាគេទុកចិត្តពឹងដល់ឈ្មោះលោកណាស់។