៣
១ នៅគ្រានោះ រាជវង្សសូល និងរាជវង្សដាវីឌ គេច្បាំងគ្នាអស់កាលជាយូរ តែដាវីឌចេះតែមានកំឡាំងខ្លាំងឡើង ហើយរាជវង្សសូលក៏កាន់តែខ្សោយទៅ។
បុត្ររបស់ស្តេចដាវីឌប្រសូតនៅក្រុងហេប្រុន
២ រីឯនៅក្រុងហេប្រុន ដាវីឌបង្កើតបានបុត្រាខ្លះ បុត្រច្បងរបស់ទ្រង់ គឺអាំណូន ដែលកើត និងអ័ហ៊ីណោមជាអ្នកស្រុកយេសរាល
៣ បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
៤ បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
៥ បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។
អ័ប៊ីនើរមានទំនាស់ជាមួយស្តេចអ៊ីស-បូសែត
៦ នៅគ្រាដែលរាជវង្សសូល និងរាជវង្សដាវីឌកំពុងតែមានចំបាំងដល់គ្នា នោះអ័ប៊ីនើរក៏ចំរើនកំឡាំងខ្លួនខាងឯរាជវង្សសូល
៧ រីឯសូល ទ្រង់មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា គ្រានោះ អ៊ីស-បូសែតមានព្រះបន្ទូលទៅអ័ប៊ីនើរថា ហេតុអ្វីបានជាអ្នកចូលទៅឯស្ត្រីអ្នកម្នាងរបស់បិតាយើងដូច្នេះ
៨ នោះអ័ប៊ីនើរក៏មានសេចក្តីកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា ទូលបង្គំជាក្បាលឆ្កែរបស់ផងពួកយូដាឬអី សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសំដែងគុណ ដល់រាជវង្សរបស់សូល ជាបិតាទ្រង់ ព្រមទាំងវង្សានុវង្ស និងមិត្រសំឡាញ់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ ទៅក្នុងកណ្តាប់ដៃដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំ ពីរឿងស្រីនោះឬ
៩ បើសិនជាទូលបង្គំមិនលើកដាវីឌឡើង តាមដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់ហើយ នោះសូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
១០ គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សសូល ទៅលើដាវីឌ ឲ្យសោយរាជ្យឡើង លើពួកអ៊ីស្រាអែល និងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា។
១១ នោះទ្រង់រកឆ្លើយតបនឹងអ័ប៊ីនើរសូម្បីតែ១ម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។
អ័ប៊ីនើរចុះចូលជាមួយស្តេចដាវីឌ
១២ នោះអ័ប៊ីនើរចាត់សារឲ្យទៅឯដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា តើអ្នកណាជាស្តេចផែនដី សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់
១៣ ដាវីឌក៏តបថា អើ យើងនឹងចុះសញ្ញានឹងអ្នក ប៉ុន្តែ តោងឲ្យអ្នកធ្វើការនេះសិន គឺអ្នកមិនឃើញមុខយើងឡើង ទាល់តែបាននាំមីកាល ជាបុត្រីសូលមក ក្នុងកាលដែលអ្នកមកសួរយើង
១៤ ដាវីឌក៏ចាត់សារឲ្យទៅឯអ៊ីស-បូសែត ជាបុត្រាសូលថា ចូរឲ្យមីកាល ជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសាស្បែកចុងស្វាសនៃពួកភីលីស្ទីន១០០នាក់នោះមកខ្ញុំវិញ
១៥ នោះអ៊ីស-បូសែតក៏ចាត់ឲ្យគេទៅនាំយកនាង ពីប៉ាលធាល ជាកូនឡាអ៊ីស ប្តីនាងមក
១៦ ឯប្តីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។
១៧ គ្រានោះ អ័ប៊ីនើរមានប្រសាសន៍នឹងពួកចាស់ទុំនៃពួកអ៊ីស្រាអែលថា កាលពីដើមអ្នករាល់គ្នាចង់បានដាវីឌឲ្យធ្វើជាស្តេចលើអ្នករាល់គ្នា
១៨ ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលពីដាវីឌហើយ ថាអញ និងជួយសង្គ្រោះពួកអ៊ីស្រាអែល ជារាស្ត្រចេញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ហើយពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌ ជាអ្នកបំរើរបស់អញ
១៩ អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្តីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល និងពួកគ្រួបេនយ៉ាមីនទាំងអស់
២០ ដូច្នេះ អ័ប៊ីនើរបានមកឯដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្ស២០នាក់មកជាមួយផង ឯដាវីឌ ទ្រង់រៀបជប់លៀងអ័ប៊ីនើរ និងពួកមនុស្សដែលមកជាមួយដែរ
២១ នោះអ័ប៊ីនើរទូលទៅដាវីឌថា ទូលបង្គំនឹងឡើងចេញទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដើម្បីឲ្យគេចុះសញ្ញានឹងទ្រង់ ឲ្យទ្រង់បានសោយរាជ្យលើគ្រប់ទាំងអស់ តាមព្រះហឫទ័យ រួចដាវីឌទ្រង់ឲ្យអ័ប៊ីនើរទៅវិញ ហើយលោកក៏ទៅដោយសុខសាន្ត។
យ៉ូអាប់ធ្វើឃាតអ័ប៊ីនើរ
២២ ខណៈនោះ យ៉ូអាប់ និងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយនឹងដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយលោកក៏បានទៅដោយសុខសាន្ត
២៣ កាលយ៉ូអាប់ និងពួកពលទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក បានមកដល់ហើយ នោះគេជំរាបយ៉ូអាប់ថា អ័ប៊ីនើរ ជាកូននើរបានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត
២៤ នោះយ៉ូអាប់លោកចូលទៅឯស្តេច ទូលសួរថា តើទ្រង់បានធ្វើអ្វីដូច្នេះ មើល អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ
២៥ ទ្រង់ស្គាល់អ័ប៊ីនើរ ជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល និងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង
២៦ រួចកាលយ៉ូអាប់បានចេញពីចំពោះដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ា មកវិញ តែដាវីឌមិនជ្រាបទេ។
២៧ កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោក ទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសំងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន
២៨ កាលដាវីឌបានជ្រាប នោះទ្រង់មានព្រះបន្ទូលថា ឯអញហើយនឹងរាជ្យអញឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ា ជាដរាបទៅ
២៩ សូមឲ្យទោសនោះធ្លាក់ទៅលើក្បាលយ៉ូអាប់ និងវង្សាញាតិរបស់គេទាំងអស់វិញចុះ សូមកុំឲ្យខានមានអ្នកណា ក្នុងពូជពង្សយ៉ូអាប់ដែលហូរខ្ទុះ ឬកើតឃ្លង់ ឬដែលត្រូវច្រត់លើឈើច្រត់ ឬដែលដួលស្លាប់ដោយដាវ ឬដែលខ្វះអាហារនោះឡើង
៣០ គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនលោកបានសំឡាប់អ័ប៊ីនើរទៅ ដោយព្រោះសំឡាប់អេសាអែលជាប្អូន នៅក្នុងចំបាំងត្រង់គីបៀន។
៣១ គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្តាទ័ពរាល់គ្នា ដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសំលៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ
៣២ គេបញ្ចុះសពអ័ប៊ីនើរ នៅត្រង់ហេប្រុន ហើយស្តេចទ្រង់ព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួករាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ
៣៣ ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី
៣៤ ដៃឯងឥតជាប់ចំណង ហើយជើងក៏ឥតជាប់ច្រវាក់ដែរ ឯងបានដួលស្លាប់ ដូចជាមនុស្សដែលត្រូវដួលស្លាប់ ដោយសារពួកទុច្ចរិត រួចបណ្តាជនទាំងអស់គ្នា ក៏យំ និងលោកម្តងទៀត
៣៥ នោះបណ្តាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ដាវីឌទ្រង់ស្បថថា បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះទ្រង់ធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ
៣៦ ពួកបណ្តាជនទាំងឡាយក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ
៣៧ ដូច្នេះ នៅថ្ងៃនោះបណ្តាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសំឡាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកអំពីស្តេចទេ
៣៨ ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ថា តើមិនដឹងទេឬអី ថានៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ
៣៩ ហើយនៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើង ឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេ រឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ។