ស្តេច​ដាវីឌ​ទទួល​មភីបូសែត​ចូល​វាំង
១ គ្រា​នោះ ដាវីឌ​មាន​ព្រះបន្ទូល​សួរ​ថា តើ​មាន​ពូជពង្ស​របស់​សូល​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្តី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណាថាន ២ រីឯ​នៅ​ក្នុង​ពួក​ដំណាក់​សូល មាន​អ្នក​បំរើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​ឯ​ដាវីឌ រួច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា ព្រះករុណា​វិសេស គឺ​ទូលបង្គំ​នេះ​ហើយ ៣ នោះ​ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​មាន​ពូជពង្ស​របស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្តី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ ស៊ីបា ទូល​ឆ្លើយ​ថា នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​នៃ​យ៉ូណាថាន ៤ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​នៅ​ឯ​ណា រួច​ស៊ីបា​ទូល​តប​ថា លោក​នៅ​ឯ​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ដែល​នៅ​ក្រុង​ឡូរ-ដេបារ ៥ នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​លោក​ពី​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ជា​អ្នក​ដែល​នៅ​ក្រុង​ឡូរ-ដេបារ​នោះ​មក ៦ ដូច្នេះ មភីបូសែត ជា​បុត្រា​នៃ​យ៉ូណាថាន ដែល​ជា​បុត្រា​សូល ក៏​មក​ឯ​ដាវីឌ​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយបង្គំ រួច​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ថា មភីបូសែត​អើយ លោក​ក៏​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះករុណា​វិសេស ៧ នោះ​ដាវីឌ​មាន​ព្រះបន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្តី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណាថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​អស់​ទាំង​ស្រែ​ចំការ​របស់​សូល​ជា​ជីតា​ដល់​អ្នក តែ​ឯង​ខ្លួន​អ្នក និង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​យើង​ជានិច្ច ៨ នោះ​លោក​ក៏​ក្រាប​ថ្វាយបង្គំ​ទូល​ថា តើ​បាវ​បំរើ​នៃ​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូលបង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​នេះ។ ៩ ស្តេច​ទ្រង់​ក៏​មាន​ព្រះបន្ទូល​ហៅ​ស៊ីបា ជា​បាវ​បំរើ​របស់​សូល​មក​ត្រាស់​បង្គាប់​ថា បណ្តា​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​សូល និង​ពូជពង្ស​ទ្រង់ នោះ​អញ​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅហ្វាយ​ឯង​នេះ​ហើយ ១០ ត្រូវ​ឲ្យ​ឯង​ភ្ជួររាស់​ស្រែ​ចំការ​នោះ​ឲ្យ​លោក ព្រម​ទាំង​កូន​ចៅ​ឯង ហើយ​ពួក​បាវ​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ផង ត្រូវ​ប្រមូល​ផល​ផ្លែ​យក​មក ជូន​បុត្រា​របស់​ចៅហ្វាយ​ឯង​បាន​អាហារ​បរិភោគ ប៉ុន្តែ ឯ​មភីបូសែត ជា​បុត្រា​ចៅហ្វាយ​ឯង​លោក​នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​អញ​ជានិច្ច រីឯ​ស៊ីបា មាន​កូន​ប្រុស​១៥​នាក់ និង​បាវ​២០​នាក់ ១១ នោះ​ស៊ីបា​ទូល​ទៅ​ស្តេច​ថា ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​ព្រះករុណា ជា​អម្ចាស់​នៃ​ទូលបង្គំ បាន​មាន​ព្រះបន្ទូល​ប្រាប់​មក តែ​ចំណែក​មភីបូសែត​នោះ ទ្រង់​មាន​ព្រះបន្ទូល​ថា លោក​ត្រូវ​បរិភោគ​នៅ​តុ​យើង ទុក​ដូច​ជា​បុត្រ​ណា​មួយ​របស់​ស្តេច ១២ ឯ​មភីបូសែត លោក​មាន​កូន​ប្រុស​១​ឈ្មោះ​មីកា ហើយ​អស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា នោះ​សុទ្ធ​តែ​ជា​បាវ​បំរើ​របស់​មភីបូសែត​ទាំង​អស់ ១៣ ដូច្នេះ មភីបូសែត​លោក​ក៏​នៅ​ក្រុង​យេរូសាឡិម​ទៅ ដោយ​ព្រោះ​លោក​ត្រូវ​បរិភោគ​នៅ​តុ​នៃ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​២។