១ ឱ​ប្អូន ជា​ប្រពន្ធ​អើយ
អញ​បាន​ចូល​មក​ក្នុង​សួនច្បារ​អញ​ហើយ
អញ​បាន​បេះ​ជ័រ​ល្វីងទេស នឹង​គ្រឿង​ក្រអូប​របស់​អញ
អញ​បាន​បរិភោគ​សំណុំ នឹង​ទឹក​ឃ្មុំ​របស់​អញ
អញ​បាន​ផឹក​ស្រា​ទំពាំងបាយជូរ នឹង​ទឹក​ដោះ​គោ​ហើយ
ឱ​សំឡាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ
ឱ​មាស​សំឡាញ់​រាល់​គ្នា​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។
 
២ ៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ
នោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា
ឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញ ជា​អ្នក
បរិសុទ្ធ​របស់​អញ​អើយ
ចូរ​បើក​ទ្វារ​ឲ្យ​អញ​ផង ដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ
សន្សើម
សរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់
៣ អញ​បាន​ដោះ​អាវ​អញ​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ
ពាក់​វិញ​បាន
អញ​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ប្រឡាក់
ទៀត​បាន
៤ ស្ងួន​សំឡាញ់​ខ្ញុំ​ក៏​បញ្ចូល​ព្រះហស្ត​តាម​ប្រហោង​ទ្វារ
ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្តី​រំជួល​ដល់​ទ្រង់
៥ ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ
គ្រឿង​ក្រអូប​បាន​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ
ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ
៦ ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ
តែ​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយ
ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួល
ខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះ
ខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ
៧ ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំ
គេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួស
ពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ
៨ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ
ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សំឡាញ់​ខ្ញុំ
នោះ​នាង​ទាំងឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា
ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។
 
៩ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ
តើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់
ណា​ទៀត​យ៉ាង​ណា
បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ
តើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់
ណា​ទៀត​យ៉ាង​ណា​ទៅ។
 
១០ ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម
ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​១​ម៉ឺន​នាក់
១១ ព្រះសិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វគុណ
ព្រះកេសា​ទ្រង់​រំកាញ់ ហើយ​ខ្មៅ​ដូច​សារិកា
១២ ព្រះនេត្រ​ទ្រង់​ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក
ដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោង
យ៉ាង​សម​ល្អ
១៣ ព្រះគណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប
ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម
ព្រះរឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប
១៤ ព្រះហស្ត​ទ្រង់​ដូច​ជា​ចិញ្ចៀន​មាស​ដាំ​ដោយ​ត្បូង​បេរីល
ព្រះកាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក​ស្រោប​ដោយ​និលរតន៍
១៥ ព្រះបាទ​ទ្រង់​ដូច​ជា​សសរ​ថ្ម​កែវ
តម្កល់​នៅ​លើ​ជើង​មាស​នព្វគុណ
ឯ​ភាព​ទ្រង់​មាន​លំអ​ដូច​ជា​ភ្នំ​ល្បាណូន
វិសេស​ដូច​ជា​ដើម​តាត្រៅ
១៦ ព្រះឱស​ទ្រង់​ក៏​ផ្អែម​ក្រអូប
អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ
ឱ​ពួក​កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ
នេះ​ហើយ​ជា​ស្ងួន​សំឡាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។