២
អំពីព្រះគ្រិស្ដជាប់ឆ្កាង
១ បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។
២ ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីអោយខ្ញុំដឹងអ្វី ក្រៅពីព្រះយេស៊ូគ្រិស្ដនោះឡើយ ជាពិសេស អំពីព្រះយេស៊ូគ្រិស្ដដែលបានសោយទិវង្គតនៅលើឈើឆ្កាង។
៣ ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។
៤ ពាក្យសំដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសំដែងឫទ្ធានុភាពវិញ
៥ ដើម្បីកុំអោយជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់
៦ ក៏ប៉ុន្តែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះ ដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។
៧ យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្កប់ន័យទុកតាមគំរោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។
៨ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះបានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។
៩ ប៉ុន្តែ ដូចមានចែងទុកមកថា៖
«អ្វីៗដែលភ្នែកមើលមិនឃើញ
អ្វីៗដែលត្រចៀកស្ដាប់មិនឮ
និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ
ព្រះជាម្ចាស់បានរៀបចំទុក
សំរាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»។
១០ ព្រះជាម្ចាស់បានសំដែងអោយយើងដឹងអំពីគំរោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជំរៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ទ្រង់ឈ្វេងយល់ដែរ។
១១ ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។
១២ ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បីអោយស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។
១៣ យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។
១៤ រីឯមនុស្សដែលពុំបានទទួលព្រះវិញ្ញាណ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីព្រះវិញ្ញាណបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែព្រះវិញ្ញាណប៉ុណ្ណោះ ដែលប្រទានអោយមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។
១៥ រីឯអ្នកដែលបានទទួលព្រះវិញ្ញាណវិនិច្ឆ័យបានទាំងអស់ ហើយគ្មានអ្នកណាវិនិច្ឆ័យអ្នកនោះបានឡើយ
១៦ ដ្បិតក្នុងគម្ពីរមានចែងថា៖
«តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់?
តើអ្នកណាអាចថ្វាយយោបល់
ព្រះអង្គបាន?»។
រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ដ*ហើយ។