២៧
ទំនួញ​ស្ដី​អំពី​ក្រុង​ទីរ៉ុស
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «កូន​មនុស្ស​អើយ ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​ក្រុង​ទីរ៉ុស! ៣ ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា
“ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”
៤ ព្រំប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត
ដល់​កណ្ដាល​សមុទ្រ
អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្ដល់​អោយ​អ្នក
មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។
៥ ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ
មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក
ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់
មក​ធ្វើ​ជា​ដង​ក្ដោង​របស់​អ្នក។
៦ ពួក​គេ​យក​ឈើ​ម៉ៃសាក់​ពី​ស្រុក​បាសាន
មក​ធ្វើ​ជា​ច្រវា
យក​ឈើ​គ្រញូង​ពី​កោះ​គីទីម
មក​ក្រាល​ជា​មួយ​ភ្លុក ធ្វើ​កន្លែង​អង្គុយ។
៧ ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ
មក​ពី​ស្រុក​អេស៊ីប
សំរាប់​អោយ​អ្នក​ប្រើ​ជា​ទង់​ផង។
ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម
និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។
៨ អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​អើវ៉ាឌ ជា​អ្នក​ចែវ
អ្នក​ឯកទេស​នៃ​ក្រុង​ទីរ៉ុស​ជា​នាយ​សំពៅ។
៩ ពួក​ចាស់​ទុំ​ពី​ស្រុក​កេបាល
និង​អ្នក​ឯកទេស​របស់​ពួក​គេ​ជា​ជាង​ជួសជុល។
សំពៅ​សមុទ្រ​ទាំង​ប៉ុន្មាន និង​អ្នក​ដើរ​សំពៅ
បាន​ចូល​មក​ឈប់​សំចត​នៅ​ក្នុង​អ្នក
ដើម្បី​លក់​ដូរ​ទំនិញ។
១០ អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូឌ និង​អ្នក​ស្រុក​ពូត
នាំ​គ្នា​មក​បំរើ​ក្នុង​ជួរ​កងទ័ព​របស់​អ្នក
ពួក​គេ​ជា​អ្នក​ចំបាំង​របស់​អ្នក
ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក
ព្រម​ទាំង​ផ្ដល់​អោយ​អ្នក​បាន​រុងរឿង។
១១ កូន​ចៅ​អើវ៉ាឌ និង​ពួក​ចំបាំង​របស់​អ្នក​ស្ថិត​នៅ​ជុំវិញ​កំពែង​របស់​អ្នក ហើយ​ក៏​មាន​ទាហាន​យាមល្បាត​នៅ​តាម​ទី​តាំង​ទ័ព​របស់​អ្នក​ដែរ។ ពួក​គេ​ព្យួរ​ខែល​នៅ​ជុំវិញ​កំពែង​របស់​អ្នក ធ្វើ​អោយ​សម្រស់​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ។
ទីរ៉ុស​ជា​ក្រុង​ពាណិជ្ជកម្ម
១២ ស្រុក​តើស៊ីស​នាំ​គ្នា​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ពួក​គេ​នាំ​ប្រាក់ ដែក ស្ពាន់ និង​សំណ​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ ១៣ ស្រុក​យ៉ាវ៉ាន ទូបាល និង​មេសេក​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ទាសករ និង​វត្ថុ​ធ្វើ​ពី​លង្ហិន​មក​ដូរ​យក​ទំនិញ​របស់​អ្នក។ ១៤ អ្នក​ស្រុក​តូការម៉ា​យក​សេះ​សំរាប់​ទឹម សេះ​ចំបាំង និង​លា​កាត់ មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ ១៥ ប្រជាជន​នៅ​ស្រុក​ដេដាន់​រក​ស៊ី​ជា​មួយ​អ្នក ជំនួញ​រវាង​កោះ​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក គេ​យក​ភ្លុក និង​ឈើ​គ្រញូង​មក​ដូរ​ទំនិញ​របស់​អ្នក។ ១៦ ស្រុក​ស៊ីរី​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត​ផល​របស់​អ្នក​មួយ​ចំនួន​ធំ ហើយ​ពួក​គេ​ក៏​យក​កែវមរកត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​ទេសឯក​ដ៏​ម៉ដ្ដ ផ្កា​ថ្ម និង​ត្បូង​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក​ដែរ។ ១៧ ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ​មក​លក់​អោយ​អ្នក។ ១៨ ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិតផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ពណ៌​ស​មក​លក់​អោយ​អ្នក​ដែរ។ ១៩ ស្រុក​វេដាន់ និង​ស្រុក​យ៉ាវ៉ាន ចាប់​តាំង​ពី​ស្រុក​អូសាល់ រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ដែកថែប ព្រម​ទាំង​កំញាន និង​ខ្លឹមចន្ទន៍​មក​លក់​អោយ​អ្នក។ ២០ ស្រុក​ដេដាន់​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សំរាប់​សេះ​ចំបាំង​មក​លក់​អោយ​អ្នក។ ២១ ស្រុក​អារ៉ាប់ និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។ ២២ អ្នក​ជំនួញ​ពី​ស្រុក​សេបា និង​ស្រុក​រ៉ាម៉ា​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ ព្រម​ទាំង​ត្បូង និង​មាស​គ្រប់​ប្រភេទ​មក​លក់​អោយ​អ្នក។ ២៣ ស្រុក​ខារ៉ាន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីលម៉ាដ​នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក ២៤ ពួក​គេ​លក់​ដូរ​របស់​ដ៏​មាន​តម្លៃ​ជា​មួយ​អ្នក គឺ​មាន​អាវ​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​គ្រប់​ប្រភេទ និង​ខ្សែ​ក្រង។
ទំនួញ​ស្ដី​អំពី​ក្រុង​ទីរ៉ុស (ត)​
២៥ សំពៅ​ពី​ស្រុក​តើស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក
អ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​លើសលប់
ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ
នៅ​កណ្ដាល​សមុទ្រ។
២៦ ពួក​អ្នក​ចែវ​នាំ​អ្នក​អោយ​ធ្វើ​ដំណើរ
នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន
ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កំទេច​អ្នក។
២៧ ទ្រព្យ​សម្បត្តិ ទំនិញ និង​ឥវ៉ាន់​របស់​អ្នក
ព្រម​ទាំង​អ្នក​ដើរ​សំពៅ កម្មករ​សំពៅ
អ្នក​ជួសជុល​សំពៅ អ្នក​លក់​ដូរ
និង​ទាហាន​ចំបាំង​ដែល​នៅ​ជា​មួយ​អ្នក
គឺ​នៅ​ថ្ងៃ​ដែល​អ្នក​វិនាស
មនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​អ្នក
ក៏​នឹង​ត្រូវ​លិច​លង់​ទៅ​ក្នុង​សមុទ្រ​ដែរ។
២៨ ពេល​ឮ​សំរែក​ស្លន់ស្លោ​របស់​កម្មករ​សំពៅ
ប្រជាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់
២៩ អ្នក​ចែវ​សំពៅ​ផ្សេង​ទៀត
នាំ​គ្នា​ចុះ​ចេញ​ពី​សំពៅ​របស់​ខ្លួន
អ្នក​ដើរ​សំពៅ និង​កម្មករ​សំពៅ​ទាំង​ប៉ុន្មាន
នាំ​គ្នា​ឈរ​នៅ​លើ​គោក។
៣០ ពួក​គេ​នឹង​បន្លឺ​សំឡេង​ស្រណោះ​អ្នក
ពួក​គេ​សោយ​សោក​យ៉ាង​ជូរ​ចត់
ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន
ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។
៣១ ពួក​គេ​កោរ​សក់​កាន់​ទុក្ខ​អ្នក ពួក​គេ​ស្លៀក​បាវ
ហើយ​នាំ​គ្នា​សោក​សង្រេង​យ៉ាង​ខ្លោចផ្សា
ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត កើត​ទុក្ខ​ស្រណោះ​អ្នក។
៣២ ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​អោយ​ស្មូត្រ​ទំនួញ
និង​យំ​អាឡោះអាល័យ​អ្នក​ទាំង​ពោល​ថា:
គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ
គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!
៣៣ ពេល​អ្នក​ដឹក​ទំនិញ​នៅ​តាម​សមុទ្រ
ប្រជាជន​ជា​ច្រើន​បាន​ឆ្អែត។
ទ្រព្យ​សម្បត្តិ និង​ទំនិញ​ដ៏​បរិបូណ៌​របស់​អ្នក
បាន​ធ្វើ​អោយ​ស្ដេច​ជា​ច្រើន​នៅ​ផែនដី
ក្លាយ​ទៅ​ជា​អ្នក​មាន។
៣៤ តែ​ឥឡូវ​នេះ អ្នក​វិនាស​ក្នុង​សមុទ្រ
ទំនិញ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល
នៅ​ក្នុង​សំពៅ​ជា​មួយ​អ្នក
ក៏​លិច​លង់​ដល់​បាត​សមុទ្រ​ជា​មួយ​អ្នក​ដែរ។
៣៥ ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​តាម​កោះ​នានា
នឹង​នាំ​គ្នា​សោយ​សោក ព្រោះ​តែ​អ្នក
ស្ដេច​របស់​ពួក​គេ​នឹង​ភ័យ​ញ័រ​រន្ធត់
ផ្ទៃ​មុខ​របស់​គេ​ស្លេកស្លាំង​អស់។
៣៦ អ្នក​លក់​ដូរ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ
នាំ​គ្នា​ចំអក​អោយ​អ្នក។
ពេល​មនុស្សម្នា​ឃើញ​អ្នក គេ​ភ័យ​តក់ស្លុត
ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។