២៩
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​អេស៊ីប
១ នៅ​ឆ្នាំ​ទី​ដប់ ថ្ងៃ​ទី​ដប់ពីរ ខែ​ទី​ដប់ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ ព្រម​ទាំង​ប្រជាជន​អេស៊ីប​ទាំង​មូល​ទៅ! ៣ ចូរ​ប្រកាស​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។ ៤ យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។ ៥ យើង​នឹង​បោះ​អ្នក ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវីរវល់​នឹង​សាកសព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​អោយ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។ ៦ ប្រជាជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ ដ្បិត​ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​កូន​ចៅ​អ៊ីស្រាអែល​យក​ធ្វើ​ជា​បង្អែក។ ៧ នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​អោយ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​អោយ​ពួក​គេ​ថ្លោះ​ចង្កេះ»។
៨  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «មើល៍​យើង​នឹង​ធ្វើ​អោយ​ស្រុក​អ្នក​កើត​សង្គ្រាម យើង​នឹង​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ក្នុង​ស្រុក​អ្នក។ ៩ ស្រុក​អេស៊ីប​នឹង​ត្រូវ​ហិនហោច ក្លាយ​ជា​គំនរ​បាក់​បែក ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់។ ដោយ​អ្នក​ពោល​ថា​ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ ១០ យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប អោយ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន​ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំប្រទល់​ស្រុក​អេត្យូពី។ ១១ គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ។ ១២ ក្នុង​រយៈ​ពេល​សែសិប​ឆ្នាំ យើង​នឹង​ធ្វើ​អោយ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិនហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជាជាតិ​នានា យើង​នឹង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​ប្រទេស​នានា»។ ១៣  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែសិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន​ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្ដេញ​ពួក​គេ​ទៅ​នោះ អោយ​ត្រឡប់​មក​វិញ។ ១៤ យើង​នឹង​ស្ដារ​ស្រុក​អេស៊ីប​ឡើង​វិញ យើង​នឹង​នាំ​ពួក​គេ​មក​នៅ​ស្រុក​ប៉ាត្រុស ជា​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​នគរ​មួយ​ដ៏​ទន់​ខ្សោយ។ ១៥ ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​នគរ​មួយ​ទន់​ខ្សោយ​ជាង​នគរ​ឯ​ទៀតៗ គេ​នឹង​លែង​ត្រួតត្រា​លើ​ប្រជាជាតិ​នានា គឺ​យើង​នឹង​ធ្វើ​អោយ​គេ​ចុះ​អន់ថយ ដើម្បី​កុំ​អោយ​គេ​ត្រួតត្រា​លើ​ប្រជាជាតិ​នានា​ទៀត។ ១៦ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​នឹង​លែង​មាន​បង្អែក​ដែល​ទាក់ទាញ​ពួក​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប ដោយ​បែរ​ទៅ​រក​ស្រុក​អេស៊ីប​មក​ជួយ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះជាអម្ចាស់»។
ស្ដេច​នេប៊ូក្នេសា​មក​វាយ​លុក​ស្រុក​អេស៊ីប
១៧ នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
១៨ «កូន​មនុស្ស​អើយ នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ប្រើ​កងទ័ព​របស់​ខ្លួន​អោយ​ប្រឹងប្រែង​វាយ​យក​ក្រុង​ទីរ៉ុស។ ទាហាន​បាប៊ីឡូន​ទាំង​អស់​ខំ​ប្រឹង​រហូត​ដល់​ជ្រុះ​សក់ និង​មាន​ស្នាម​របួស​ពេញ​ស្មា តែ​ស្ដេច​ស្រុក​បាប៊ីឡូន និង​កងទ័ព​ពុំ​បាន​ទទួល​ជ័យជំនះ ពី​ការ​វាយ​លុក​ក្រុង​ទីរ៉ុស​ឡើយ។ ១៩ ហេតុ​នេះ​យើង​ប្រកាស ក្នុង​នាម​យើង​ជា​ព្រះជាអម្ចាស់​ថា យើង​ប្រគល់​ស្រុក​អេស៊ីប​អោយ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ នេប៊ូក្នេសា​នឹង​នាំ​យក​ទ្រព្យ​សម្បត្តិ​ស្រុក​អេស៊ីប​ទៅ​ស្រុក​របស់​ខ្លួន ស្ដេច​នេះ​នឹង​រឹប​អូស​យក​ទាំង​អស់ ឥត​ទុក​អោយ​នៅ​សល់​អ្វី​ឡើយ។ ស្ដេច​នឹង​យក​ជយភ័ណ្ឌ​ធ្វើ​ជា​បៀវត្សរ៍​ចែក​អោយ​កងទ័ព​របស់​ខ្លួន។ ២០ យើង​ប្រគល់​ស្រុក​អេស៊ីប អោយ​នេប៊ូក្នេសា​ទុក​ជា​កំរៃ​ចំពោះ​កិច្ចការ​ដែល​គេ​បាន​ធ្វើ ដ្បិត​ពួក​ទាហាន​របស់​ស្ដេច​នេះ បាន​ធ្វើ​ការ​អោយ​យើង -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
២១ នៅ​ថ្ងៃ​នោះ​យើង​នឹង​ពង្រឹង​កម្លាំង​ជន​ជាតិ​អ៊ីស្រាអែល។ រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​នឹង​អោយ​អ្នក​និយាយ​បាន ពួក​គេ​នឹង​ឮ​ពាក្យ​អ្នក ហើយ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។