៣៤
ព្រះបន្ទូល​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រាអែល
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​អ្នក​ដឹក​នាំ​ទាំង​នោះ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ដឹក​នាំ​​អ៊ីស្រាអែល​អើយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ធម្មតា​ពួក​គង្វាល​តែង​តែ​មើល​ថែរក្សា​ហ្វូង​ចៀម ៣ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​បាន​មើល​ថែ​ទាំ​ហ្វូង​ចៀម​ទេ អ្នក​រាល់​គ្នា​គិត​តែ​ពី​យក​ទឹក​ដោះ​មក​ផឹក កាត់​រោម​ចៀម​មក​ធ្វើ​ជា​សម្លៀកបំពាក់ ហើយ​សម្លាប់​ចៀម​ធាត់ៗ​ធ្វើ​ជា​អាហារ។ ៤ អ្នក​រាល់​គ្នា​ពុំ​បាន​ជួយ​ចៀម​ដែល​ខ្សោយ​អោយ​មាន​កម្លាំង អ្នក​រាល់​គ្នា​ពុំ​បាន​ព្យាបាល​ចៀម​ឈឺ ឬ​រុំ​របួស​អោយ​ចៀម​របួស​ទេ។ អ្នក​រាល់​គ្នា​ពុំ​បាន​នាំ​ចៀម​វង្វេង​អោយ​ត្រឡប់​មក​វិញ ហើយ​ក៏​មិន​ដើរ​រក​ចៀម​ដែល​បាត់​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ប្រើ​អំណាច​ជិះជាន់​សង្កត់សង្កិន​ពួក​គេ។ ៥ ចៀម​ទាំង​នោះ​ត្រូវ​ខ្ចាត់ខ្ចាយ រត់​បែកខ្ញែក​គ្នា ហើយ​ត្រូវ​សត្វ​សាហាវ​ដេញ​ចាប់​ស៊ី ព្រោះ​គ្មាន​នរណា​ឃ្វាល។ ៦ ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែកខ្ញែក​គ្នា​ពាសពេញ​ស្រុក តែ​គ្មាន​នរណា​រវីរវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។
៧ ហេតុ​នេះ​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ៨  ព្រះជាអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ហ្វូង​ចៀម​របស់​យើង​ត្រូវ​គេ​លួច​ប្លន់ ត្រូវ​សត្វ​ព្រៃ​ចាប់​ស៊ី ព្រោះ​តែ​គ្មាន​នរណា​ឃ្វាល រីឯ​ពួក​អ្នក​ដែល​យើង​ប្រើ​អោយ​ឃ្វាល​មិន​រវីរវល់​ដើរ​រក​ហ្វូង​ចៀម​របស់​យើង​ទេ គឺ​ពួក​គេ​គិត​តែ​ពី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ឥត​គិត​ឃ្វាល​ហ្វូង​ចៀម​ឡើយ»។ ៩ ហេតុ​នេះ​អ្នក​ដឹក​នាំ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ១០  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គង្វាល​ទាំង​នោះ យើង​នឹង​ដក​ហ្វូង​ចៀម​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​គេ​មក​វិញ។ យើង​នឹង​លែង​អោយ​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​យើង ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ហើយ យើង​នឹង​បេះ​ហ្វូង​ចៀម​របស់​យើង​ពី​មាត់​គេ លែង​អោយ​គេ​ស៊ី​ដូច​មុន​ទៀត»។
ព្រះអម្ចាស់​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះអង្គ
១១  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ​យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​យើង​ផ្ទាល់។ ១២ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែកខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អាប់។ ១៣ យើង​នឹង​នាំ​ប្រជាជន​របស់​យើង​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ស្រុក អោយ​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ យើង​នឹង​ឃ្វាល​ពួក​គេ​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល តាម​ជ្រលង​ដង​អូរ និង​គ្រប់​ទី​កន្លែង​ដែល​អាច​រស់​នៅ​បាន។ ១៤ យើង​នឹង​ឃ្វាល​ចៀម​របស់​យើង​នៅ​កន្លែង​ដែល​សម្បូណ៌​ស្មៅ​ខៀវ​ខ្ចី ពួក​គេ​នឹង​ស្នាក់​អាស្រ័យ​នៅ​តាម​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រាអែល។ នៅ​ទី​នោះ​ពួក​គេ​នឹង​សំរាក ហើយ​រក​ស៊ី​តាម​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។ ១៥ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​អោយ​វា​សំរាក - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ១៦ យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​អោយ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​អោយ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​អោយ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំមួន​យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។
១៧  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល។ ១៨ ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​មិន​ស្កប់​ចិត្ត​នឹង​រក​ស៊ី​នៅ​កន្លែង​របស់​ខ្លួន​ដែល​សម្បូណ៌​ស្មៅ តែ​បែរ​ជា​ទៅ​ជាន់​ឈ្លី​កន្លែង​ឯ​ទៀតៗ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា មិន​ស្កប់​ចិត្ត​នឹង​ផឹក​ទឹក​ថ្លា តែ​បែរ​ជា​យក​ជើង​កូរ​ទឹក​អោយ​ល្អក់​ដូច្នេះ? ១៩ ចៀម​ឯ​ទៀតៗ​របស់​យើង​ស៊ី​ស្មៅ​ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​ល្អក់!»។
២០ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់​នឹង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់! ២១ អ្នក​រាល់​គ្នា​យក​ស្មា និង​យក​ខ្លួន​ទៅ​បុក​ចៀម​ដែល​ខ្សោយ ហើយ​យក​ស្នែង​វ័ធ​ដេញ​ពួក​គេ​ចេញ​ទៅ​បាត់​អស់។ ២២ យើង​នឹង​សង្គ្រោះ​ចៀម​របស់​យើង ដើម្បី​កុំ​អោយ​គេ​លួច​ប្លន់​ទៀត ហើយ​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម។ ២៣ យើង​នឹង​ធ្វើ​អោយ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​នឹង​ធ្វើ​ជា​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។ ២៤ រីឯ​យើង​ជា​ព្រះអម្ចាស់​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ក្នុង​ចំណោម​ពួក​គេ។ នេះ​ជា​ពាក្យ​របស់​យើង​ជា​ព្រះអម្ចាស់
២៥ យើង​នឹង​ចង​សម្ពន្ធមេត្រី ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​ពួក​គេ យើង​នឹង​កំចាត់​សត្វ​សាហាវ​ចេញ​អោយ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខសាន្ត​ក្នុង​វាល​រហោស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។ ២៦ យើង​នឹង​អោយ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​អោយ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។ ២៧ ដើម​ឈើ​នៅ​តាម​ចំការ​នឹង​បង្កើត​ផល​ផ្លែ ហើយ​ទឹក​ដី​នឹង​ផ្ដល់​ភោគផល។ ពួក​គេ​នឹង​រស់​យ៉ាង​សុខសាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ពេល​ណា​យើង​យក​នឹម​ចេញ​ពី​ពួក​គេ ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ទាសករ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់ ២៨ ប្រជាជាតិ​នានា​នឹង​លែង​បំផ្លិចបំផ្លាញ​ពួក​គេ​ទៀត​ហើយ សត្វ​ព្រៃ​ក៏​នឹង​លែង​ហែក​ពួក​គេ​ស៊ី​ទៀត​ដែរ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត​នៅ​ក្នុង​ស្រុក ឥត​មាន​នរណា​បំភ័យ​ពួក​គេ​ឡើយ។ ២៩ យើង​នឹង​ប្រគល់​ចំការ​ដែល​មាន​ជីជាតិ​ល្អ​បំផុត​អោយ​ពួក​គេ ពួក​គេ​នឹង​លែង​ជួប​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក ហើយ​ក៏​លែង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជាជាតិ​នានា​ទៀត​ដែរ។ ៣០ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ហើយ​ពួក​គេ​គឺ​ពូជពង្ស​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ៣១ អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែរក្សា ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់