២០
បទបញ្ជាទាំងដប់ប្រការ
១ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែល ដូចតទៅ៖
២ «យើងព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
៣ មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។
៤ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។
៥ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបំរើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់អោយអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
៦ ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្ដីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។
៧ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់អោនអោយអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
៨ ចូររំលឹកថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះជាថ្ងៃដ៏វិសុទ្ធ*។
៩ អ្នកមានពេលប្រាំមួយថ្ងៃ សំរាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ
១០ តែថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបំរើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ
១១ ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គសំរាក ហេតុនេះហើយបានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏វិសុទ្ធ។
១២ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីអោយអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។
១៣ កុំសម្លាប់មនុស្ស។
១៤ កុំប្រព្រឹត្តអំពើផិតក្បត់។
១៥ កុំលួចប្លន់គេ។
១៦ កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំអោយអ្នកដទៃមានទោស។
១៧ កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបំរើប្រុស អ្នកបំរើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
១៨ ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
១៩ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំអោយព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។
២០ លោកម៉ូសេឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! ព្រះជាម្ចាស់យាងមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងអោយអ្នករាល់គ្នាគោរពកោតខ្លាចព្រះអង្គ កុំអោយអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
២១ ប្រជាជនឈរពីចម្ងាយ រីឯលោកម៉ូសេវិញ លោកចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។
ក្រឹត្យវិន័យស្ដីអំពីអាសនៈ
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកថា យើងនិយាយជាមួយអ្នករាល់គ្នាពីលើមេឃមក។
២៣ អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់ មកធ្វើជារូបព្រះសំរាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។
២៤ ចូរសង់អាសនៈមួយអំពីដី សំរាប់យើង។ ចូរយកចៀម និងគោ មកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព* នៅលើអាសនៈនោះ។ យើងនឹងមកអោយពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញអោយអ្នកស្គាល់នាមយើង។
២៥ ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើអោយថ្មទាំងនោះទៅជារបស់មិនវិសុទ្ធ។
២៦ មិនត្រូវសង់អាសនៈដែលមានកាំជណ្ដើរឡើយ ដើម្បីកុំអោយគេឃើញកេរខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្ដើរនោះ»។