៣០
អាសនៈសំរាប់ដុតគ្រឿងក្រអូប
១ ត្រូវធ្វើអាសនៈមួយពីឈើនាងនួន សំរាប់ដុតគ្រឿងក្រអូប។
២ អាសនៈត្រូវមានរាងបួនជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ។
៣ អាសនៈទាំងមូលត្រូវស្រោបដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញត្រូវធ្វើពីមាស។
៤ ត្រូវធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។
៥ ត្រូវធ្វើឈើស្នែងពីរពីឈើនាងនួន ហើយស្រោបមាសផង។
៦ ត្រូវដាក់អាសនៈនេះនៅខាងមុខវាំងននបាំងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គឺចំពីមុខកន្លែងដែលយើងនឹងមកជួបអ្នក នៅលើគំរបហិប ដែលគ្របបន្ទះថ្មនៃសន្ធិសញ្ញា។
៧ រៀងរាល់ព្រឹក ពេលអើរ៉ុនចូលមកថែចង្កៀង គាត់ត្រូវដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។
៨ រៀងរាល់ល្ងាច ក្នុងពេលដែលគាត់អុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនេះត្រូវតែដុតថ្វាយព្រះអម្ចាស់ជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។
៩ កុំថ្វាយគ្រឿងក្រអូបដែលមិនសក្ការៈ ឬថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងច្រួចស្រាទំពាំងបាយជូរលើអាសនៈនេះឡើយ។
១០ មួយឆ្នាំម្ដង អើរ៉ុនត្រូវធ្វើពិធីជំរះអាសនៈអោយបានបរិសុទ្ធ ដោយយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប ទៅលាបតាមស្នែងរបស់អាសនៈ។ ពិធីនេះត្រូវតែធ្វើជារៀងរាល់ឆ្នាំ គ្រប់ជំនាន់តរៀងទៅ។ ត្រូវញែកអាសនៈនេះជារបស់ដ៏វិសុទ្ធបំផុត នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
ពន្ធដារសំរាប់ទីសក្ការៈ
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
១២ «នៅពេលអ្នកជំរឿនប្រជាជនអ៊ីស្រាអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ថ្វាយព្រះអម្ចាស់ ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។
១៣ អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា* ទុកជាតង្វាយថ្វាយព្រះអម្ចាស់។
១៤ អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន និងមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវបង់ប្រាក់នេះទុកជាតង្វាយថ្វាយព្រះអម្ចាស់។
១៥ តង្វាយដែលត្រូវថ្វាយព្រះអម្ចាស់នេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។
១៦ ពេលអ្នកទទួលប្រាក់ពីកូនចៅអ៊ីស្រាអែលហើយ ត្រូវយកប្រាក់នេះទៅប្រើប្រាស់សំរាប់ការងារក្នុងពន្លាជួបព្រះអម្ចាស់។ ធ្វើដូច្នេះ ព្រះអម្ចាស់នឹងនឹកដល់កូនចៅអ៊ីស្រាអែល ដែលបានលោះជីវិតរបស់ខ្លួន»។
អាងសំរាប់ពិធីជំរះកាយ
១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
១៨ «ចូរធ្វើអាងមួយអំពីលង្ហិន ដាក់នៅលើកំណល់ធ្វើអំពីលង្ហិន សំរាប់ធ្វើពិធីជំរះកាយ។ ត្រូវដាក់អាងនោះនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចចាក់ទឹកអោយពេញអាង។
១៩ អើរ៉ុន និងកូនប្រុសរបស់គាត់ ត្រូវយកទឹកពីក្នុងអាងនោះ សំរាប់ធ្វើពិធីលាងដៃ និងលាងជើង។
២០ មុននឹងចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ពួកគេត្រូវយកទឹកនោះមកធ្វើពិធីជំរះកាយជាមុនសិន ដើម្បីកុំអោយពួកគេត្រូវស្លាប់។ ពេលចូលទៅកាន់អាសនៈ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ក៏ពួកគេត្រូវធ្វើពិធីជំរះកាយដែរ។
២១ ពួកគេត្រូវតែធ្វើពិធីលាងដៃ និងលាងជើង ដើម្បីកុំអោយស្លាប់។ នេះជាច្បាប់ដែលអើរ៉ុន និងពូជពង្សរបស់គាត់ត្រូវអនុវត្តតាមរហូតតទៅ»។
ប្រេងដ៏សក្ការៈ
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
២៣ «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល
២៤ កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។
២៥ ត្រូវផ្សំគ្រឿងទាំងនោះធ្វើជាប្រេងក្រអូប តាមវិធីចំរាញ់ប្រេងរបស់អ្នកធ្វើទឹកអប់ ដើម្បីប្រើសំរាប់ធ្វើពិធីលាបប្រេងសក្ការៈ។
២៦ ត្រូវប្រើប្រេងនោះសំរាប់លាបពន្លាជួបព្រះអម្ចាស់ និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា
២៧ តុ និងគ្រឿងបរិក្ខារដែលប្រើប្រាស់ជាមួយតុ ជើងចង្កៀង និងគ្រឿងបរិក្ខារដែលប្រើជាមួយចង្កៀងអាសនៈដុតគ្រឿងក្រអូប
២៨ អាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។
២៩ ពេលអ្នកលាបប្រេងញែកវត្ថុទាំងនោះជាសក្ការៈ វត្ថុទាំងនោះនឹងបានទៅជាវិសុទ្ធ*បំផុត ហើយអ្វីៗដែលមកប៉ះនឹងវត្ថុទាំងនោះ ក៏នឹងទៅជាវិសុទ្ធដែរ។
៣០ ចូរយកប្រេងនេះលាបលើអើរ៉ុន និងកូនប្រុសរបស់គាត់ ញែកពួកគេអោយបានវិសុទ្ធ ដើម្បីអោយពួកគេបំពេញមុខងារជាបូជាចារ្យ*បំរើយើង។
៣១ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា នេះជាប្រេងសំរាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈ គ្រប់ជំនាន់តរៀងទៅ។
៣២ មិនត្រូវប្រើប្រេងនេះសំរាប់លាបតែងខ្លួនឡើយ ហើយក៏មិនត្រូវយកគ្រឿងផ្សំនេះទៅធ្វើប្រេងដូចប្រេងនេះដែរ ដ្បិតប្រេងនេះជាប្រេងសក្ការៈដែលអ្នករាល់គ្នាត្រូវតែទុកអោយនៅជាសក្ការៈរហូត។
៣៣ អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
គ្រឿងក្រអូបដ៏សក្ការៈ
៣៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបដូចជាស្លឹកពុំសែន ខ្លឹមចន្ទន៍ កំបូរ និងកំញានសុទ្ធ ទម្ងន់ស្មើៗគ្នា
៣៥ មកផ្សំធ្វើគ្រឿងក្រអូប តាមវិធីផ្សំរបស់អ្នកធ្វើគ្រឿងក្រអូប។ ត្រូវដាក់អំបិលលាយជាមួយផង ដើម្បីអោយគ្រឿងក្រអូបនោះទៅជាបរិសុទ្ធ និងសក្ការៈ។
៣៦ ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនអោយម៉ដ្ដ ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះជាម្សៅសក្ការៈបំផុត។
៣៧ មិនត្រូវផ្សំគ្រឿងក្រអូបសំរាប់ប្រើប្រាស់ដូចគ្រឿងនេះឡើយ ត្រូវចាត់ទុកគ្រឿងក្រអូបនេះជាសក្ការៈថ្វាយព្រះអម្ចាស់។
៣៨ អ្នកណាផ្សំគ្រឿងក្រអូបដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។