៤០
ការ​ដំឡើង​ព្រះពន្លា
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ព្រះពន្លា និង​ពន្លា​ជួប​ព្រះអម្ចាស់។ ៣ ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា រួច​យក​វាំងនន​មក​បាំង។ ៤ ចូរ​យក​តុ​សក្ការៈ​មក ហើយ​អ្វីៗ​ដែល​ត្រូវ​ដាក់​នៅ​លើ​តុ ត្រូវ​រៀបចំ​អោយ​បាន​រៀប​រយ។ ចូរ​យក​ជើង​ចង្កៀង​មក រួច​រៀបចំ​ដុត​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។ ៥ ចូរ​ដាក់​អាសនៈ​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ព្រះពន្លា។ ៦ ចូរ​ដាក់​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត នៅ​ខាង​មុខ​ទ្វារ​ព្រះពន្លា​របស់​ពន្លា​ជួប​ព្រះអម្ចាស់។ ៧ ចូរ​ដាក់​អាង​សំរាប់​ពិធី​ជំរះ​កាយ នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ ហើយ​ចាក់​ទឹក​បំពេញ​អាង​នោះ​ផង។ ៨ ចូរ​ដំឡើង​រនាំង​ទីលាន​នៅ​ជុំវិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទីលាន​ផង។
៩ ចូរ​យក​ប្រេង​សំរាប់​ពិធី​លាប​ប្រេង​មក រួច​ធ្វើ​ពិធី​លាប​ប្រេង​លើ​ព្រះពន្លា និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​នោះ។ ចូរ​ញែក​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ជា​សក្ការៈ នោះ​ព្រះពន្លា​នឹង​ទៅ​ជា​សក្ការៈ។ ១០ ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាសនៈ​ថ្វាយ​តង្វាយ​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។ ១១ ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាង និង​កំណល់ ដើម្បី​ញែក​អាង​នោះ​ជា​សក្ការៈ។ ១២ ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​អោយ​ពួក​គេ។ ១៣ ចូរ​យក​សម្លៀកបំពាក់​សក្ការៈ​មក​ពាក់​អោយ​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​អោយ​បាន​វិសុទ្ធ ដើម្បី​អោយ​គាត់​បំពេញ​មុខងារ​ជា​បូជាចារ្យ*​បំរើ​យើង។ ១៤ ចូរ​នាំ​កូន​ប្រុស​របស់​អើរ៉ុន​ចូល​មក ចូរ​យក​អាវ​វែង​ពាក់​អោយ​ពួក​គេ ១៥ ហើយ​ចាក់​ប្រេង​តែងតាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជពង្ស​របស់​ពួក​គេ មាន​មុខងារ​ជា​បូជាចារ្យ​រហូត​ត​ទៅ»។
១៦ លោក​ម៉ូសេ​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​អស់ ដែល​ព្រះអម្ចាស់​បាន​បង្គាប់​លោក។ ១៧ ជន​ជាតិ​អ៊ីស្រាអែល​ដំឡើង​ព្រះពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ១៨ លោក​ម៉ូសេ​អោយ​គេ​ដំឡើង​ព្រះពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។ ១៩ គេ​លាត​ក្រណាត់​បាំង​ព្រះពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ។ ២០ លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គំរប​មក​គ្រប​លើ​ហិប​នោះ។ ២១ គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ព្រះពន្លា ហើយ​ចង​វាំងនន និង​បាំង​ហិប​នោះ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
២២ គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា និង​នៅ​ពី​មុខ​វាំងនន ២៣ គេ​រៀបចំ​នំបុ័ង​សំរាប់​ថ្វាយ​ព្រះអម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
២៤ គេ​ដាក់​ជើង​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នៅ​ប៉ែក​ខាង​ត្បូង​ព្រះពន្លា ទល់​មុខ​នឹង​តុ ២៥ គេ​អុជ​ចង្កៀង​ទាំង​អស់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
២៦ គេ​ដាក់​អាសនៈ​មាស​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ពី​មុខ​វាំងនន។ ២៧ គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
២៨ គេ​ចង​វាំងនន​នៅ​មាត់​ទ្វារ​ចូល​ព្រះពន្លា។ ២៩ គេ​ដាក់​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះពន្លា​របស់​ពន្លា​ជួប​ព្រះអម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ព្រះអម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។
៣០ គេ​តម្កល់​អាង​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ រួច​គេ​ចាក់​ទឹក​បំពេញ​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ៣១ លោក​ម៉ូសេ លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ប្រើ​ទឹក​ក្នុង​អាង​នេះ សំរាប់​ពិធី​លាង​ដៃ និង​លាង​ជើង។ ៣២ ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ពន្លា ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​លោក​តែងតែ​ធ្វើ​ពិធី​លាង​ជំរះ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
៣៣ នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​អោយ​គេ​ដំឡើង​រនាំង​របស់​ទីលាន នៅ​ជុំវិញ​ព្រះពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទីលាន។
សិរីរុងរឿង​របស់​ព្រះអម្ចាស់
៣៤ ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះពន្លា។ ៣៥ លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​បាន​ឡើយ ព្រោះ​មាន​ពពក​មក​គ្រប​បាំង​លើ​ពន្លា​នោះ ហើយ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះពន្លា។ ៣៦ ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះពន្លា ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រើ​ជំរំ ចេញ​ដំណើរ​ទៅ​មុខ។ ៣៧ ប្រសិន​បើ​ពពក​មិន​អណ្ដែត​ឡើង​ពី​ព្រះពន្លា​ទេ ជន​ជាតិ​អ៊ីស្រាអែល​មិន​ចេញ​ដំណើរ​ទេ គឺ​ពួក​គេ​រង់ចាំ​ថ្ងៃ​ដែល​ពពក​អណ្ដែត​ឡើង។ ៣៨ គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រាអែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក*​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​លើ​ព្រះពន្លា នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។