៩
គ្រោះកាចទីប្រាំ: ជំងឺអាសន្នរោគ
១ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកអោយប្រជារាស្ត្ររបស់យើង ចេញទៅគោរពបំរើយើង”។
២ ប្រសិនបើព្រះករុណាបដិសេធបើកអោយពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ
៣ នោះព្រះអម្ចាស់នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម អោយកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។
៤ ប៉ុន្តែ ព្រះអម្ចាស់មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល អោយវិនាស ដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។
៥ ព្រះអម្ចាស់កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។
៦ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបអោយវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។
៧ ព្រះចៅផារ៉ោនបានចាត់គេអោយទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតអោយជនជាតិអ៊ីស្រាអែលចេញទៅទេ។
គ្រោះកាចទីប្រាំមួយ: ជំងឺបូស
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកដៃក្ដាប់ផេះពីចង្ក្រាន ហើយអោយម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្ដេចផារ៉ោន
៩ ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយជាដំបៅងាទៀតផង»។
១០ លោកម៉ូសេ និងលោកអើរ៉ុនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅគាល់ព្រះចៅផារ៉ោន។ លោកម៉ូសេបាចផេះទៅលើ បណ្ដាលអោយមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។
១១ ពួកគ្រូធ្មប់ពុំអាចមកជួបលោកម៉ូសេបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។
១២ ប៉ុន្តែ ព្រះអម្ចាស់ធ្វើអោយព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
គ្រោះកាចទីប្រាំពីរ: ព្រឹល
១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន ប្រាប់ថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ “ចូរបើកអោយប្រជារាស្ត្ររបស់យើង ចេញទៅគោរពបំរើយើង។
១៤ លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាង ប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីអោយអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។
១៥ ប្រសិនបើយើងមិនអាណិតអ្នកទេ ម៉្លេះសមយើងប្រើជំងឺអាសន្នរោគប្រហារអ្នក និងប្រជារាស្ត្ររបស់អ្នក អោយវិនាសសូន្យពីផែនដីបាត់ទៅហើយ។
១៦ យើងទុកជីវិតអ្នក ដើម្បីអោយអ្នកឃើញឫទ្ធិបារមីរបស់យើង ហើយអោយកេរ្តិ៍ឈ្មោះរបស់យើងល្បីសុសសាយពាសពេញផែនដី។
១៧ អ្នកបានជំទាស់នឹងប្រជារាស្ត្ររបស់យើង ដោយមិនបើកអោយគេចេញទៅទេ។
១៨ ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើអោយមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គឺតាំងពីស្រុកអេស៊ីបកកើតរហូតមកទល់សព្វថ្ងៃ គេមិនដែលជួបប្រទះបែបនេះទេ។
១៩ ឥឡូវនេះ ចូរប្រាប់គេអោយប្រមូលហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មានដែលអ្នកមាននៅតាមវាល យកទៅទុក។ ប្រសិនបើមនុស្ស ឬសត្វដែលនៅតាមវាលគ្មានជំរកទេ ពេលព្រឹលធ្លាក់ ពួកគេមុខជាវិនាសមិនខាន”»។
២០ នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏នាំអ្នកបំរើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជំរក។
២១ រីឯអស់អ្នកដែលមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ ក៏ទុកអ្នកបំរើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានព្រឹលធ្លាក់លើមនុស្ស លើសត្វ និងលើតិណជាតិទាំងអស់ក្នុងស្រុកអេស៊ីបទាំងមូល»។
២៣ លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃ ព្រះអម្ចាស់ធ្វើអោយមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ ព្រះអម្ចាស់ក៏បង្អុរព្រឹលអោយធ្លាក់មកលើស្រុកអេស៊ីប។
២៤ ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមកមិនដែលមានដូច្នេះទេ។
២៥ នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាល បំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។
២៦ មានតែស្រុកកូសែនជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។
២៧ ព្រះចៅផារ៉ោនក៏កោះហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន មានតែព្រះអម្ចាស់ទេដែលសុចរិត រីឯយើង និងប្រជារាស្ត្ររបស់យើងជាមនុស្សអាក្រក់។
២៨ ចូរអង្វរព្រះអម្ចាស់ សូមកុំអោយមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតអោយអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។
២៩ លោកម៉ូសេតបវិញថា៖ «ពេលទូលបង្គំចាកចេញពីទីក្រុង ទូលបង្គំនឹងលើកដៃប្រណម្យ ទូលអង្វរព្រះអម្ចាស់ នោះផ្គរលាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយព្រះករុណានឹងទទួលស្គាល់ថា ផែនដីជារបស់ព្រះអម្ចាស់។
៣០ ប៉ុន្តែ ទូលបង្គំដឹងថាព្រះករុណា ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចព្រះអម្ចាស់នៅឡើយ»។
៣១ ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់
៣២ រីឯស្រូវសាលី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។
៣៣ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន រួចចេញទៅក្រៅទីក្រុង។ លោកលើកដៃប្រណម្យ ទូលអង្វរព្រះអម្ចាស់ ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
៣៤ ពេលព្រះចៅផារ៉ោនឃើញភ្លៀង និងព្រឹលឈប់ធ្លាក់ ហើយផ្គរស្ងប់ស្ងាត់ទៅវិញដូច្នេះ ស្ដេចក៏ប្រព្រឹត្តអំពើបាបជាថ្មីទៀត គឺទាំងស្ដេច ទាំងនាម៉ឺនមន្ត្រីនៅតែមានះដដែល។
៣៥ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនអនុញ្ញាតអោយជនជាតិអ៊ីស្រាអែលចេញទៅ ដូចព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈលោកម៉ូសេ។