១៩
លោក​ឡុត​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​សូដុម
១ នៅ​ពេល​ល្ងាច ទេវតា*​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម។ លោក​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​លោក​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល​ដោយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។ ២ គាត់​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ ជា​អ្នក​បំរើ​របស់​លោក​សិន សូម​លោក​ម្ចាស់​លាង​ជើង ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់ ចាំ​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាំង​ពី​ព្រលឹម»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​សំរាក​នៅ​តាម​ទីធ្លា​ក្រុង​ក៏​បាន»។ ៣ ប៉ុន្តែ ដោយ​លោក​ឡុត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ទេវតា​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ និង​អោយ​គេ​ដុត​នំបុ័ង​ឥត​មេ​ជូន​ទេវតា ទេវតា​ក៏​បរិភោគ។
៤ ពេល​នោះ គេ​មិន​ទាន់​ចូល​ដំណេក​នៅ​ឡើយ​ទេ ស្រាប់​តែ​មាន​អ្នក​ក្រុង​នោះ គឺ​ប្រុសៗ​នៅ​ក្រុង​សូដុម​គ្រប់ៗ​គ្នា តាំង​ពី​ក្មេង​រហូត​ដល់​ចាស់ នាំ​គ្នា​ឡោមព័ទ្ធ​ផ្ទះ​លោក​ឡុត។ ៥ គេ​ស្រែក​សួរ​លោក​ឡុត​ថា៖ «តើ​ពួក​អ្នក​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ពី​ល្ងាចមិញ​នៅ​ឯ​ណា? ចូរ​អោយ​គេ​ចេញ​មក! យើង​នឹង​រួម​ដំណេក​​ជា​មួយ​ពួក​គេ»។ ៦ លោក​ឡុត​ចេញ​មក​ជួប​ពួក​គេ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ។ ៧ គាត់​ពោល​ថា៖ «បង​ប្អូន​អើយ សូម​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អី! ៨ ខ្ញុំ​សូម​អង្វរ​បង​ប្អូន​ទៅ​ចុះ មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​ពុំ​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ​ទេ ខ្ញុំ​នឹង​នាំ​វា​ចេញ​មក​ជូន​បង​ប្អូន​នៅ​ខាង​ក្រៅ អោយ​បង​ប្អូន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ទៅ​ចុះ ក៏​ប៉ុន្តែ សូម​មេត្តា​កុំ​ប៉ះពាល់​បុរស​ទាំង​នេះ ដែល​បាន​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​ឡើយ»។ ៩ ពួក​គេ​តប​ថា៖ «ថយ​ទៅ!»។ គេ​ពោល​ទៀត​ថា៖ «មើល៍ ជន​បរទេស​ម្នាក់​នេះ​មក​នៅ​ស្រុក​យើង តែ​ឥឡូវ​បែរ​ជា​ចង់​ធ្វើ​ម្ចាស់​ស្រុក​ទៅ​វិញ! ទេ​មិន​បាន​ទេ យើង​នឹង​ធ្វើ​បាប​អ្នក​ឯង​ខ្លាំង​ជាង​ជន​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពួក​គេ​ក៏​ច្រាន​លោក​ឡុត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ចូល​ទៅ បម្រុង​នឹង​ទម្លាយ​ទ្វារ។ ១០ ពេល​នោះ ទេវតា​ទាំង​ពីរ​លូក​ដៃ​ទៅ​ទាញ​លោក​ឡុត​ចូល​មក​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ​ជិត​វិញ។ ១១ បន្ទាប់​មក ទេវតា​បាន​ធ្វើ​អោយ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា តាំង​ពី​តូច​ដល់​ធំ ដូច្នេះ ពួក​គេ​ពុំ​អាច​រក​មាត់​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ឡើយ។
១២ ទេវតា​ពោល​ទៅ​លោក​ឡុត​ថា៖ «តើ​មាន​នរណា​ខ្លះ​នៅ​ជា​មួយ​លោក? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី និង​មាន​អ្វី​ទៀត​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ក្នុង​ក្រុង ចូរ​នាំ​ចេញ​ពី​កន្លែង​នេះ​ទៅ ១៣ ដ្បិត​យើង​នឹង​រំលាយ​ក្រុង​នេះ​ចោល ពីព្រោះ​ពាក្យ​ចោទ​ប្រកាន់​ក្រុង​នេះ​បាន​លាន់​ឮ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ព្រះអម្ចាស់​បាន​ចាត់​ពួក​យើង​អោយ​មក​រំលាយ​ក្រុង​នេះ​ចោល»។ ១៤ លោក​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា​ប្រុសៗ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះអម្ចាស់​នឹង​រំលាយ​ទីក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសា​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។ ១៥ ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​អោយ​វិនាស ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។ ១៦ ប៉ុន្តែ ដោយ​លោក​ឡុត​នៅ​បង្អែបង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ និង​កូន​ស្រី​គាត់​ទាំង​ពីរ ទាញ​ចេញ​ទៅ​ទុក​អោយ​នៅ​ខាង​ក្រៅ​ទីក្រុង ដ្បិត​ព្រះអម្ចាស់​សព្វ​ព្រះហប្ញទ័យ​អោយ​គាត់​បាន​រួច​ជីវិត។ ១៧ ពេល​នាំ​គាត់​ចេញ​ផុត​ពី​ក្រុង​នោះ ទេវតា​ម្នាក់​ពោល​ថា៖ «ចូរ​រត់​អោយ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​ក្រោយ! កុំ​ឈប់​នៅ​តំបន់​វាល​រាប​អោយ​សោះ! ចូរ​រត់​ទៅ​តំបន់​ភ្នំ ដើម្បី​អោយ​រួច​អាយុ​ជីវិត»។ ១៨ លោក​ឡុត​ពោល​ទៅ​ទេវតា​វិញ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ប្របាទ​ផង! ១៩ សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ទៅ​ចុះ ដ្បិត​លោក​ម្ចាស់​សំដែង​សប្បុរសធម៌​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ប្របាទ ដោយ​ទុក​ជីវិត​ខ្ញុំ​ប្របាទ​អោយ​នៅ​រស់។ ប៉ុន្តែ ខ្ញុំ​ប្របាទ​ពុំ​អាច​រត់​ទៅ​តំបន់​ភ្នំ​ទាន់​ទេ ព្រោះ​ខ្ញុំ​ប្របាទ​មុខ​ជា​ជួប​នឹង​មហន្តរាយ​នេះ ហើយ​ត្រូវ​ស្លាប់​មិន​ខាន។ ២០ សូម​លោក​ម្ចាស់​អធ្យាស្រ័យ​អោយ​ខ្ញុំ​ប្របាទ​ផង មើល៍ មាន​ក្រុង​មួយ​នៅ​ជិត​នេះ​ស្រាប់ ខ្ញុំ​ប្របាទ​អាច​រត់​ទៅ​ជ្រក​កោន​បាន ព្រោះ​ក្រុង​នេះ​តូច​ទេ! សូម​មេត្តា​អោយ​ខ្ញុំ​ប្របាទ​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដ្បិត​ក្រុង​នោះ​ពិត​ជា​តូច​មែន! ខ្ញុំ​ប្របាទ​នឹង​ស្នាក់​នៅ​ទី​នោះ អោយ​បាន​រួច​ជីវិត»។ ២១ ទេវតា​ពោល​ទៅ​គាត់​វិញ​ថា៖ «ខ្ញុំ​យោគយល់​ដល់​លោក​ម្ដង​ទៀត ខ្ញុំ​មិន​រំលាយ​ក្រុង​ដែល​លោក​និយាយ​នេះ​ទេ។ ២២ ចូរ​ប្រញាប់ប្រញាល់​រត់​អោយ​ដល់​ក្រុង​នោះ​ចុះ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​មុន​លោក​ទៅ​ដល់​ឡើយ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «សូអារ»​។ ២៣ ពេល​លោក​ឡុត​ចូល​ទៅ​ដល់​ក្រុង​សូអារ ព្រះអាទិត្យ​បាន​រះ​បំភ្លឺ​ផែនដី​ហើយ។
២៤ ពេល​នោះ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​មាន​ស្ពាន់ធ័រ និង​មាន​ភ្លើង​បង្អុរ​ចុះ​ពី​មេឃ គឺ​ចុះ​មក​ពី​ព្រះអម្ចាស់ ធ្លាក់​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា។ ២៥ ព្រះអង្គ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខជាតិ​ទាំងឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្តរាយ​អស់។ ២៦ រីឯ​ភរិយា​របស់​លោក​ឡុត​វិញ គាត់​បាន​ងាក​មើល​ក្រោយ គាត់​ក៏​ក្លាយ​ទៅ​ជា​រូប​ចម្លាក់​អំបិល។
២៧ លុះ​ព្រលឹម​ឡើង លោក​អប្រាហាំ​ទៅ​កន្លែង​ដែល​លោក​បាន​នៅ​ជា​មួយ​ព្រះអម្ចាស់ ២៨ លោក​សម្លឹង​មើល​ទៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​តំបន់​វាល​រាប​ទាំង​មូល ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ។ ២៩ នៅ​ពេល​ព្រះជាម្ចាស់​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ ព្រះអង្គ​បាន​នឹក​គិត​ដល់​លោក​អប្រាហាំ គឺ​ព្រះអង្គ​បាន​ប្រោស​លោក​ឡុត​អោយ​រួច​ផុត​ពី​មហន្តរាយ ក្នុង​ពេល​ព្រះអង្គ​រំលាយ​ក្រុង​ដែល​លោក​ឡុត​រស់​នៅ​នោះ។
លោក​ឡុត និង​កូន​ស្រី​ទាំង​ពីរ​របស់​គាត់ ដើម​កំណើត​របស់​ជន​ជាតិ​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន
៣០ លោក​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​នោះ​ទេ។ គាត់​ស្នាក់​នៅ​តាម​រូង​ភ្នំ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ។
៣១ ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​នាង​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ​ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង​ក្នុង​លោក​នេះ​ឡើយ។ ៣២ ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​អោយ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។ ៣៣ នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន រួច​ហើយ នាង​បង​ចូល​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។ ៣៤ លុះ​ស្អែក​ឡើង នាង​បង​បាន​និយាយ​ទៅ​កាន់​នាង​ប្អូន​ថា៖ «ពី​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​ឪពុក យប់​នេះ យើង​យក​ស្រា​មក​បង្អក​គាត់​ទៀត​ទៅ រួច​សិម​ឯង​ចូល​ដេក​ជា​មួយ​គាត់​ម្ដង ដើម្បី​ត​ពូជ​ពី​ឪពុក​របស់​យើង»។ ៣៥ នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​អោយ​ឪពុក​សា​ជា​ថ្មី ហើយ​នាង​ពៅ​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។ ៣៦ ក្រោយ​មក កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឡុត​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​របស់​ខ្លួន។ ៣៧ នាង​បង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វបុរស​របស់​ជន​ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។ ៣៨ នាង​ពៅ​ក៏​សំរាល​បាន​កូន​ប្រុស​មួយ​ដែរ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា បេនអាំមី ដែល​ជា​ឪពុក​របស់​ជន​ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។