២
១ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដីចប់សព្វគ្រប់ហើយ។
២ នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក ព្រះអង្គក៏ឈប់សំរាកនៅថ្ងៃទីប្រាំពីរ។
៣ ព្រះជាម្ចាស់ប្រទានពរអោយថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះអោយបានវិសុទ្ធ*ដ្បិតថ្ងៃនោះ ព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើត។
៤ នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។
មនុស្សដើមដំបូងបង្អស់
បុរស និងស្ត្រី នៅក្នុងសួនអេដែន
ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី
៥ នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតព្រះជាអម្ចាស់ពុំទាន់បានធ្វើអោយមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។
៦ ប៉ុន្តែ មានទឹកហូរចេញពីដីមកស្រោចស្រពផ្ទៃដីទាំងមូល។
៧ ព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
៨ ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្ស ដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។
៩ ព្រះជាអម្ចាស់បានធ្វើអោយដើមឈើគ្រប់មុខដុះចេញពីដីមក មានសំរស់គួរអោយទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្ដាលសួនឧទ្យានក៏មានដើមឈើដែលផ្ដល់ជីវិត និងដើមឈើដែលនាំអោយស្គាល់ល្អស្គាល់អាក្រក់ដែរ។
១០ មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនឧទ្យាន ហើយនៅត្រង់សួនឧទ្យានទន្លេនោះក៏បែកចេញជាបួន។
១១ ដៃទន្លេទីមួយឈ្មោះ ពីសុន គឺទន្លេនេះហើយដែលហូរព័ទ្ធស្រុកហាវីឡា ជាស្រុកដែលមានមាស។
១២ មាសនៅស្រុកនេះមានគុណភាពល្អ ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។
១៣ ទន្លេទីពីរឈ្មោះគីហូន ជាទន្លេដែលហូរព័ទ្ធស្រុកគូស។
១៤ ទន្លេទីបីឈ្មោះហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះអឺប្រាត។
១៥ ព្រះជាអម្ចាស់បានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីអោយគេភ្ជួររាស់ និងថែរក្សាសួននោះ។
១៦ ព្រះជាអម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន
១៧ តែមិនត្រូវបរិភោគផ្លែឈើពីដើម ដែលនាំអោយស្គាល់ល្អស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
១៨ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតអោយជួយ និងបានជាគ្នា។»
១៩ ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកអោយមនុស្ស ព្រោះទ្រង់ចង់ជ្រាបថា គេនឹងដាក់ឈ្មោះអោយវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់អោយ។
២០ មនុស្សបានដាក់ឈ្មោះអោយសត្វស្រុកទាំងអស់ អោយបក្សាបក្សីដែលហើរនៅលើមេឃ និងអោយសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។
២១ ដូច្នេះ ព្រះជាអម្ចាស់បានធ្វើអោយមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។
២២ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។
២៣ បុរសក៏ពោលឡើងថា៖
«លើកនេះពិតជាឆ្អឹង
ដែលកើតចេញមកពីឆ្អឹងអញ
ជាសាច់ដែលកើតចេញមកពីសាច់អញ
ត្រូវហៅនាងថា “ស្ត្រី”
ព្រោះនាងបានកើតចេញពីបុរសមក»។
២៤ ហេតុនេះ បុរសចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
២៥ ពេលនោះ បុរស និងភរិយារបស់គាត់នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។