២៤
អាពាហ៍ពិពាហ៍របស់លោកអ៊ីសាក
១ លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ ព្រះអម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។
២ លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបំរើរបស់លោក ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
៣ ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
៤ គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធអោយអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។
៥ អ្នកបំរើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរអោយខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»។
៦ លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះអោយសោះ!
៧ ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ ដែលបានយកខ្ញុំចេញពីញាតិសន្ដាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះអោយពូជពង្សខ្ញុំ។ ដូច្នេះ ព្រះអង្គមុខជាចាត់ទេវតារបស់ព្រះអង្គអោយទៅមុនអ្នក ដើម្បីអោយអ្នកដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។
៨ ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។
៩ អ្នកបំរើក៏ដាក់ដៃក្រោមភ្លៅលោកអប្រាហាំ ជាម្ចាស់របស់គាត់ ទាំងស្បថជូនលោកអំពីរឿងនេះ។
១០ អ្នកបំរើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។
១១ លុះមកដល់ជិតអណ្ដូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏អោយអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។
១២ គាត់ក៏អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ចៅហ្វាយរបស់ទូលបង្គំ សូមព្រះអង្គមេត្តាជួយអោយទូលបង្គំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសំដែងព្រះហប្ញទ័យសន្តោសមេត្តាដល់លោកអប្រាហាំជាម្ចាស់ទូលបង្គំផង!
១៣ ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ
១៤ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមអោយទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកអោយអូដ្ឋរបស់លោកផឹកថែមទៀត” សូមអោយបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសំដែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។
១៥ គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអប្រាហាំ។
១៦ នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។
១៧ អ្នកបំរើរបស់លោកអប្រាហាំរត់ទៅរកនាងពោលថា៖ «សូមនាងមេត្តាចាក់ទឹកពីក្អមនាង អោយខ្ញុំទទួលទានបន្តិច»។
១៨ នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមអោយទឹកអ្នកបំរើនោះពិសា។
១៩ ពេលនាងអោយគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកអោយអូដ្ឋលោកម្ចាស់ផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។
២០ នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្ដូងមកទៀត គឺនាងបានដងទឹកអោយអូដ្ឋទាំងអស់ផឹក។
២១ បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្តចង់ដឹងថា តើព្រះជាម្ចាស់ប្រោសអោយដំណើររបស់គាត់បានសំរេចតាមបំណង មែនឬយ៉ាងណា។
២២ កាលអូដ្ឋបានផឹកទឹកឆ្អែតហើយ អ្នកបំរើនោះក៏យកចិញ្ចៀនមាសមួយវង់ ទម្ងន់មួយជីកន្លះ មកអោយនាង រួចយកកងដៃមាសមួយគូ ដែលមានទម្ងន់បីតម្លឹង មកពាក់អោយនាងដែរ។
២៣ គាត់សួរនាងថា៖ «នាងត្រូវជាកូនចៅរបស់លោកណា? សូមមេត្តាប្រាប់អោយខ្ញុំដឹងផង។ តើនៅផ្ទះឪពុកនាង មានកន្លែងអោយយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?»។
២៤ នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាឃរ»។
២៥ នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។
២៦ បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំព្រះអម្ចាស់
២៧ ទាំងពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលតែងតែសំដែងព្រះហប្ញទ័យសន្តោសមេត្តា និងព្រះហប្ញទ័យស្មោះត្រង់ចំពោះលោកម្ចាស់ខ្ញុំជានិច្ច! ព្រះអម្ចាស់នាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនលោកម្ចាស់ខ្ញុំ»។
២៨ នាងក្រមុំរត់នាំដំណឹងនេះទៅប្រាប់ម្ដាយ។
២៩ នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក
៣០ ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮនាងរេបិកាជាប្អូនរៀបរាប់នូវសេចក្ដីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្ដូងទឹក។
៣១ គាត់ពោលថា៖ «អ្នកដែលព្រះអម្ចាស់ប្រទានពរអើយ សូមអញ្ជើញមក ម្ដេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនលោក ហើយក៏បានរៀបចំកន្លែងមួយសំរាប់អូដ្ឋដែរ»។
៣២ បុរសនោះចូលទៅក្នុងផ្ទះ គេយករបស់របរចុះពីខ្នងអូដ្ឋ រួចដាក់ចំបើង និងស្មៅអោយវាស៊ី ហើយយកទឹកមកលាងជើងអោយបុរសនោះ ព្រមទាំងអោយអស់អ្នកដែលមកជាមួយដែរ។
៣៣ បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជំរាបជូននូវសេចក្ដី ដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
៣៤ បុរសនោះក៏ពោលឡើងថា៖ «ខ្ញុំបាទជាអ្នកបំរើរបស់លោកអប្រាហាំ។
៣៥ ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានអោយលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបំរើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
៣៦ ក្នុងគ្រាដែលម្ចាស់របស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ លោកស្រីសារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនលោក គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីលោក។
៣៧ ម្ចាស់របស់ខ្ញុំបានអោយខ្ញុំស្បថថា “អ្នកមិនត្រូវដណ្ដឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះ មកធ្វើជាប្រពន្ធអោយកូនប្រុសខ្ញុំឡើយ។
៣៨ ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្ដានខ្ញុំ ហើយដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធអោយកូនប្រុសខ្ញុំ”។
៣៩ ខ្ញុំបានជំរាបលោកម្ចាស់របស់ខ្ញុំថា “ប្រហែលជានាងនោះមិនព្រមមកស្រុកនេះ តាមខ្ញុំប្របាទទេមើលទៅ”។
៤០ លោកតបមកខ្ញុំវិញថា “ព្រះអម្ចាស់ ជាព្រះដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ទេវតា*របស់ព្រះអង្គអោយទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើអោយដំណើររបស់អ្នកបានសំរេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្ដឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្ដាន និងក្រុមគ្រួសារខ្ញុំ មកធ្វើជាប្រពន្ធអោយកូនប្រុសខ្ញុំ។
៤១ ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនអោយទេ អ្នកនឹងបានរួចពីសម្បថនេះ”។
៤២ ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រ ព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហប្ញទ័យអោយដំណើររបស់ទូលបង្គំបានសំរេច ដូចប្រាថ្នាមែន
៤៣ ទូលបង្គំនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ដែលចេញមកដងទឹកថា “សុំនាងអោយទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច”
៤៤ ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹកអោយអូដ្ឋរបស់លោកផឹកថែមទៀត” នោះសូមអោយចំលើនារីដែលព្រះអង្គបានបម្រុងទុកជាភរិយារបស់កូនប្រុសម្ចាស់ទូលបង្គំ។
៤៥ ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាអោយទឹកមកខ្ញុំទទួលទានបន្តិច”។
៤៦ នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្ដៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា នាងខ្ញុំនឹងទៅដងទឹកអោយអូដ្ឋលោកម្ចាស់ផឹកថែមទៀត”។
៤៧ ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់អោយនាង។
៤៨ បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំព្រះអម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលទ្រង់បានដឹកនាំខ្ញុំ ដោយព្រះហប្ញទ័យស្មោះត្រង់ អោយខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោក យកទៅធ្វើជាភរិយាអោយកូនប្រុសរបស់លោក។
៤៩ ឥឡូវនេះ ប្រសិនបើអស់លោកចង់សំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះម្ចាស់របស់ខ្ញុំ សូមមានប្រសាសន៍មក ដើម្បីអោយខ្ញុំអាចគិតគូរទៅតាមនោះផង»។
៥០ លោកឡាបាន់ និងលោកបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីព្រះអម្ចាស់ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។
៥១ នាងរេបិកានៅមុខលោកស្រាប់ហើយ សូមទទួលនាងយកទៅចុះ អោយនាងបានទៅជាភរិយារបស់កូនប្រុសម្ចាស់លោក ដូចព្រះអម្ចាស់មានព្រះបន្ទូល»។
៥២ កាលអ្នកបំរើរបស់លោកអប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំព្រះអម្ចាស់
៥៣ រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូននាងរេបិកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្ដាយរបស់នាងដែរ។
៥៤ បន្ទាប់មក ទើបគាត់បរិភោគបាយទឹកជាមួយអស់អ្នកដែលរួមដំណើរជាមួយគាត់ ហើយយប់នោះ គេក៏នាំគ្នាស្នាក់នៅទីនោះទៅ។ លុះព្រឹកឡើងពេលក្រោកពីដំណេក អ្នកបំរើពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកម្ចាស់ខ្ញុំវិញហើយ»។
៥៥ បងប្រុស និងម្ដាយរបស់នាងរេបិកាពោលថា៖ «សុំអោយរេបិកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។
៥៦ គាត់តបទៅវិញថា៖ «ព្រះអម្ចាស់បានធ្វើអោយដំណើររបស់ខ្ញុំបានសំរេចតាមបំណងហើយ ដូច្នេះ សូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតអោយខ្ញុំវិលត្រឡប់ទៅរកម្ចាស់ខ្ញុំវិញចុះ»។
៥៧ គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។
៥៨ គេក៏ហៅនាងរេបិកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។
៥៩ គេក៏អនុញ្ញាតអោយនាងរេបិកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបំរើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។
៦០ ក្រុមគ្រួសារបានអោយពរនាងរេបិកាថា៖
«ប្អូនរេបិកាអើយ
សូមអោយនាងបានទៅជាម្ដាយរបស់មនុស្ស
រាប់លានរាប់កោដិនាក់
សូមអោយពូជពង្សនាងគ្រប់គ្រង
លើពួកខ្មាំងសត្រូវរបស់នាង»។
៦១ រេបិកាក្រោកឡើង ជាមួយពួកស្រីបំរើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបំរើក៏នាំនាងរេបិកាចេញទៅ។
៦២ នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។
៦៣ ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។
៦៤ រីឯនាងរេបិកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាក នាងលោតចុះពីខ្នងអូដ្ឋ
៦៥ សួរអ្នកបំរើថា៖ «អ្នកដែលឈរនៅតាមវាល ហើយកំពុងតែដើរមករកយើងនោះជានរណា?»
៦៦ អ្នកបំរើតបថា៖ «គឺលោកហើយដែលជាម្ចាស់របស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ។ អ្នកបំរើក៏រៀបរាប់ប្រាប់លោកអ៊ីសាក នូវកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ។
៦៧ លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើអោយគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។