២៧
លោកយ៉ាកុបលួចយកពររបស់លោកអេសាវ
១ លោកអ៊ីសាកមានវ័យចាស់ជរា ហើយភ្នែករបស់លោកចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះ លោកហៅលោកអេសាវ ជាកូនច្បង មកថា៖ «កូនអើយ!»។ លោកអេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។
២ លោកមានប្រសាសន៍ទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។
៣ ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកអោយឪពុក។
៤ បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកអោយឪពុកបរិភោគ។ ឪពុកនឹងអោយពរកូន មុនពេលឪពុកស្លាប់»។
៥ ពេលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវ លោកស្រីរេបិកាក៏បានលួចស្ដាប់ដែរ។ លោកអេសាវចេញដំណើរទៅព្រៃ ដើម្បីបរបាញ់សត្វនាំយកមកផ្ទះវិញ។
៦ ពេលនោះ លោកស្រីរេបិកាពោលទៅកាន់លោកយ៉ាកុប ជាកូនថា៖ «ម្ដាយបានឮឪពុកកូននិយាយទៅកាន់អេសាវ ជាបងរបស់កូនថា
៧ “ចូរទៅបាញ់សត្វនៅព្រៃយកមក ហើយធ្វើម្ហូបយ៉ាងឆ្ងាញ់អោយឪពុកបរិភោគ។ ឪពុកនឹងអោយពរកូននៅមុខព្រះអម្ចាស់ មុនពេលឪពុកស្លាប់”។
៨ ឥឡូវនេះ កូនអើយ ចូរស្ដាប់ពាក្យដែលម្ដាយប្រាប់អោយធ្វើ។
៩ ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្ដាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់តាមដែលឪពុកកូនចូលចិត្ត។
១០ បន្ទាប់មក កូននឹងយកម្ហូបនោះជូនឪពុកពិសា គាត់នឹងអោយពរកូនមុនពេលគាត់ស្លាប់»។
១១ លោកយ៉ាកុបតបទៅលោកស្រីរេបិកា ជាម្ដាយវិញថា៖ «បងអេសាវមានរោមពេញខ្លួន តែកូនអត់មានទេ។
១២ ប្រសិនបើលោកឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតលោក នោះកូនមុខជាទទួលបណ្ដាសាមិនខាន គឺមិនមែនទទួលពរទេ»។
១៣ ម្ដាយតបមកវិញថា៖ «កូនអើយ ទុកអោយបណ្ដាសានោះធ្លាក់មកលើម្ដាយចុះ! រីឯកូនគ្រាន់តែស្ដាប់ពាក្យម្ដាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។
១៤ លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
១៥ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់របស់លោកអេសាវជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់អោយលោកយ៉ាកុប ជាកូនពៅ។
១៦ គាត់ក៏យករោមពពែមករុំដៃ និងរុំករបស់លោកយ៉ាកុប ត្រង់កន្លែងដែលគ្មានរោម។
១៧ បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំបុ័ងដែលគាត់បានធ្វើ មកអោយលោកយ៉ាកុបជាកូនកាន់។
១៨ លោកយ៉ាកុបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។
១៩ លោកយ៉ាកុបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមអោយពរកូន»។
២០ លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។
២១ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីអោយដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។
២២ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាក ជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។
២៣ លោកពុំបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោមដូចដៃរបស់លោកអេសាវដែរ។ ប៉ុន្តែ មុននឹងអោយពរ
២៤ លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។
២៥ លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបអោយឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកអោយពរកូន»។ លោកយ៉ាកុបរៀបចំជូនឪពុកពិសា គាត់បានចាក់ស្រាទំពាំងបាយជូរជូនលោកពិសាដែរ។
២៦ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
២៧ លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏អោយពរលោកយ៉ាកុប ដូចតទៅនេះ៖
«ក្លិនរបស់កូនប្រៀបបាននឹងក្លិនចំការ
មួយដែលទទួលពរពីព្រះអម្ចាស់។
២៨ សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម
ពីលើមេឃមកអោយកូន
ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។
ព្រះអង្គប្រទានអោយកូនមានស្រូវ
និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
២៩ សូមអោយជាតិសាសន៍នានាបានទៅជា
ខ្ញុំបំរើរបស់កូន
ហើយអោយប្រជាជាតិជាច្រើន
ក្រាបថ្វាយបង្គំកូន!។
សូមអោយកូនគ្រប់គ្រងលើបងប្អូនរបស់កូន!
សូមអោយបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន
ក្រាបថ្វាយបង្គំកូន!
អ្នកណាដាក់បណ្ដាសាកូន
អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន!
រីឯអ្នកណាអោយពរកូន
អ្នកនោះក៏នឹងទទួលពរដែរ»។
៣០ ពេលលោកអ៊ីសាកអោយពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។
៣១ គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជំរាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមអោយពរកូន»។
៣២ លោកអ៊ីសាកជាឪពុកសួរថា៖ «នរណាហ្នឹង?» លោកអេសាវតបថា៖ «ខ្ញុំ អេសាវ ជាកូនច្បងរបស់លោកឪពុក»។
៣៣ លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកអោយឪពុក អំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏អោយពរវា វានឹងទទួលពររហូត»។
៣៤ ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមអោយពរមកកូនផងដែរ!»។
៣៥ លោកអ៊ីសាកឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្ដើមយកពររបស់កូនបាត់ទៅហើយ!»។
៣៦ លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសំរាប់កូនឬទេ?»។
៣៧ លោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវវិញថា៖ «ឪពុកបានអោយវាធ្វើជាម្ចាស់លើកូនឯង និងអោយបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបំរើរបស់វាហើយ។ ឪពុកក៏បានអោយស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសំរាប់កូនទេ»។
៣៨ លោកអេសាវអង្វរឪពុកទៀតថា៖ «តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? លោកឪពុកអើយ សូមអោយពរកូនផងដែរ!»។ ពេលនោះ លោកអេសាវទ្រហោយំ។
៣៩ លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖
«កូននឹងរស់នៅលើដីដែលគ្មានជីជាតិ
ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។
៤០ កូននឹងចិញ្ចឹមជីវិតដោយមុខដាវ
កូននឹងបានទៅជាខ្ញុំបំរើរបស់ប្អូនកូន
ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបំរះចេញផុតពី
នឹមរបស់ប្អូនកូន»។
លោកយ៉ាកុបទៅនៅជាមួយលោកឡាបាន់
៤១ លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
៤២ មានគេជំរាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏អោយគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។
៤៣ ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។
៤៤ កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទំរាំបងរបស់កូនត្រជាក់ចិត្តវិញ។
៤៥ ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្ដាយនឹងប្រើគេអោយទៅហៅកូនមកវិញ ដ្បិតម្ដាយមិនចង់អោយកូនទាំងពីរនាក់បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។
៤៦ លោកស្រីរេបិកាជំរាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។