៣៦
លោក​អេសាវ​តាំង​ទី​លំនៅ​នៅ​ស្រុក​អេដុម
១ នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។ ២ លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន​ជាតិ​ហេត នាង​អហូលីបាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបៀន ជន​ជាតិ​ហេវី ៣ និង​នាង​បាសម៉ាត ជា​កូន​របស់​លោក​អ៊ីស្មាអែល គឺ​ប្អូន​ស្រី​របស់​លោក​ណេបាយ៉ុត។ ៤ នាង​អដា​បង្កើត​បាន​អេលីផាស​ជូន​លោក​អេសាវ នាង​បាសម៉ាត​បង្កើត​រេហួល ៥ ហើយ​នាង​អហូលីបាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។
៦ លោក​អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បំរើ ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​លោក​យ៉ាកុប​ជា​ប្អូន​របស់​លោក ៧ ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធភាព​ល្មម សំរាប់​អោយ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ដែរ។ ៨ លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។
ពូជពង្ស​របស់​លោក​អេសាវ
៩ នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ជា​បុព្វបុរស​របស់​ជន​ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ ១០ កូន​ចៅ​របស់​លោក​អេសាវ​មាន​ឈ្មោះ​ដូច​ត​ទៅ: អេលីផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល ជា​កូន​របស់​នាង​បាសម៉ាត ភរិយា​របស់​លោក​អេសាវ។
១១ កូន​របស់​អេលីផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។ ១២ អេលីផាស ជា​កូន​របស់​លោក​អេសាវ មាន​ប្រពន្ធ​ចុង​ឈ្មោះ នាង​ធីមណា នាង​បង្កើត​បាន​កូន​ឈ្មោះ​អាម៉ាឡេក។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។
១៣ កូន​ចៅ​របស់​រេហួល​គឺ ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ភរិយា​របស់​លោក​អេសាវ។
១៤ កូន​ចៅ​របស់​នាង​អហូលីបាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន មាន​យេអ៊ូស យ៉ាឡាម និង​កូរ៉ា។
១៥ រីឯ​មេកន្ទ្រាញ​របស់​កូន​ចៅ​លោក​អេសាវ​មាន​រាយ​នាម​ដូច​ត​ទៅ​នេះ: មេកន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលីផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​ថេម៉ាន លោក​អូម៉ារ លោក​សេផូ លោក​កេណាស ១៦ លោក​កូរេ លោក​កាថាម លោក​អាម៉ាឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេកន្ទ្រាញ​នៃ​អំបូរ​អេលីផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​អដា។ ១៧ រីឯ​មេកន្ទ្រាញ​នៃ​កូន​ចៅ​របស់​លោក​រេហួល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេរ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ជា​ភរិយា​របស់​លោក​អេសាវ។ ១៨ មេកន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលីបាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរេ។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលីបាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។
១៩ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ ហើយ​ជា​មេកន្ទ្រាញ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។
២០ រីឯ​កូន​ចៅ​របស់​លោក​សៀរ ជន​ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា ២១ ឌីសូន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​ជន​ជាតិ​ហូរី កូន​របស់​លោក​សៀរ នៅ​ស្រុក​អេដុម។ ២២ កូន​ចៅ​របស់​ឡូថាន មាន ហូរី និង​ហេម៉ាម។ ប្អូន​ស្រី​របស់​ឡូថាន ឈ្មោះ​នាង​ធីមណា។ ២៣ រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​ត​ទៅ: អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និង​អូណាំ។ ២៤ រីឯ​កូន​ចៅ​របស់​ស៊ីបៀន​មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ជា​ឪពុក។ ២៥ កូន​ចៅ​របស់​លោក​អណា​មាន ឌីសសុន និង​នាង​អហូលីបាម៉ា។ ២៦ កូន​ចៅ​របស់​ឌីសសុន​មាន​ឈ្មោះ​ដូច​ត​ទៅ: ហែមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។ ២៧ កូន​ចៅ​របស់​អេស៊ើរ​មាន​ឈ្មោះ​ដូច​ត​ទៅ: ប៊ីលហាន សាវ៉ាន និង​យ៉ាកាន។ ២៨ កូន​ចៅ​របស់​ឌីសាន​មាន អ៊ូស និង​អរ៉ាន។
២៩ រីឯ​មេកន្ទ្រាញ​របស់​ជន​ជាតិ​ហូរី​មាន​ឈ្មោះ​ដូច​ត​ទៅ: លោក​ឡូថាន លោក​សូបាល លោក​ស៊ីបៀន លោក​អណា ៣០ លោក​ឌីសូន លោក​អេស៊ើរ និង​លោក​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​របស់​ជន​ជាតិ​ហូរី នៅ​ស្រុក​សៀរ។
៣១ មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​នាម​ដូច​ត​ទៅ ៣២ ព្រះបាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីនហាបា ក្នុង​ស្រុក​អេដុម។ ៣៣ លុះ​ព្រះបាទ​បេឡា​បាន​សោយ​ទិវង្គត​ទៅ ព្រះបាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេរ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ៣៤ ព្រះបាទ​យ៉ូបាប​សោយ​ទិវង្គត​ទៅ ព្រះបាទ​ហ៊ូសាំ ជា​អ្នក​ស្រុក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស ៣៥ ព្រះបាទ​ហ៊ូសាំ​សោយ​ទិវង្គត​ទៅ ព្រះបាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ មក​ពី​ក្រុង​អាវីត បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ គឺ​ស្ដេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។ ៣៦ ព្រះបាទ​ហាដាឌ​សោយ​ទិវង្គត​ទៅ ព្រះបាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាសរេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ៣៧ ព្រះបាទ​សាំឡា​សោយ​ទិវង្គត​ទៅ ព្រះបាទ​សូល ជា​អ្នក​ក្រុង​រ៉េហូបូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ៣៨ ព្រះបាទ​សូល​សោយ​ទិវង្គត​ទៅ ព្រះបាទ​បាលហាណាន់ ជា​បុត្រ​របស់​លោក​អកបោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ៣៩ ព្រះបាទ​បាលហាណាន់ ជា​បុត្រ​របស់​លោក​អកបោរ សោយ​ទិវង្គត​ទៅ ព្រះបាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេថាបែល ជា​បុត្រី​របស់​លោក​ម៉ាតរេឌ និង​ជា​ចៅ​របស់​លោក​ម៉េសាហាប់។
៤០ រីឯ​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេសាវ​មាន​ឈ្មោះ​តាម​អំបូរ និង​តាម​ទឹក​ដី​ដូច​ត​ទៅ: លោក​ធីមណា លោក​អាលវ៉ា លោក​យេថេត ៤១ លោក​អហូលីបាម៉ា លោក​អេឡា លោក​ពីណូន ៤២ លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ ៤៣ លោក​ម៉ាកឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​ហើយ ដែល​ជា​មេកន្ទ្រាញ​នៃ​ជន​ជាតិ​អេដុម តាម​ទី​លំនៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ លោក​អេសាវ​ជា​បុព្វបុរស​របស់​ជន​ជាតិ​អេដុម។