៦
១ ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្ដនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់
២ អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យ ទោសអស់កល្បជានិច្ចនោះឡើយ។
៣ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។
៤ មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ*បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ*
៥ ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និងស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោកទៀតផង។
៦ ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្តគំនិតសាជាថ្មីម្ដងទៀតបានឡើយ ដ្បិតខ្លួនគេផ្ទាល់ បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្តិយសព្រះអង្គជាសាធារណៈផង។
៧ ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលព្រះពរពីព្រះជាម្ចាស់ដែរ។
៨ ផ្ទុយទៅវិញ ប្រសិនបើដីនោះដុះសុទ្ធតែបន្លា និងអញ្ចាញគេនឹងចាត់ទុកថាគ្មានតម្លៃ ជិតត្រូវបណ្ដាសា ហើយគេមុខជាដុតចោលមិនខាន។
៩ ក៏ប៉ុន្តែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ
១០ ដ្បិតព្រះជាម្ចាស់ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្តហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបំរើប្រជាជនដ៏វិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
១១ យើងចង់អោយបងប្អូនម្នាក់ៗ នៅតែមានចិត្តខ្នះខ្នែង រហូតដល់ចុងបញ្ចប់ គឺធ្វើអោយសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ
១២ ដើម្បីកុំអោយបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែអោយយកតំរាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។
ព្រះបន្ទូលសន្យាដែលមិនចេះប្រែប្រួល
១៣ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយក ព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាប្រធានសម្បថបានឡើយ។
១៤ ព្រះអង្គមានព្រះបន្ទូលថាៈ«យើងនឹងអោយពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើអោយពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។
១៥ ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។
១៦ មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើអោយពាក្យសំដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។
១៧ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញអោយអស់អ្នកដែលទទួលមត៌កតាមព្រះបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើព្រះអង្គសំរេចព្រះហឫទ័យយ៉ាងណាហើយនោះ ទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។
១៨ ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់នៅខាងមុខយើង ព្រះអង្គក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំង ដោយមានព្រះបន្ទូលទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហក ក្នុងព្រះបន្ទូលនេះឡើយ។
១៩ សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សំរាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង
២០ គឺឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យ*រហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទម៉ិលគីស្សាដែក។