២
ប្រជាជនជួបជុំនៅក្រុងយេរូសាឡឹម
១ នេះជាព្រះបន្ទូលដែលព្យាការី*អេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីព្រះអម្ចាស់ ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម:
២ ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើក
ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គ
ដាក់នៅលើកំពូលភ្នំទាំងឡាយ
ដើម្បីអោយភ្នំនោះបានខ្ពស់ជាងគេ
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ
ជាហូរហែ។
៣ ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ
ទាំងពោលថា «ចូរនាំគ្នាមក!
យើងឡើងលើភ្នំរបស់ព្រះអម្ចាស់
យើងឡើងទៅព្រះដំណាក់នៃព្រះ
របស់លោកយ៉ាកុប។
ព្រះអង្គនឹងបង្រៀនយើងអំពី
មាគ៌ារបស់ព្រះអង្គ
ហើយយើងនឹងដើរតាមមាគ៌ានេះ»
ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន
ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
៤ ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា
ព្រះអង្គនឹងសំរុះសំរួលជាតិសាសន៍ជាច្រើន
អោយឈប់ទាស់ទែងគ្នា។
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន
មករំលាយធ្វើជាផាលនង្គ័ល
ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។
ប្រជាជាតិមួយឈប់ច្បាំងនឹង
ប្រជាជាតិមួយទៀត
ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
៥ កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក!
យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់!
៦ ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោល
ពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គ
ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត
នៅពេញក្នុងស្រុករបស់គេ
ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន
ប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្ត
ជាមួយជនបរទេស។
៧ ស្រុករបស់គេពោរពេញទៅដោយ
មាស និងប្រាក់
ទ្រព្យសម្បត្តិរបស់គេមានច្រើនឥតគណនា
ស្រុករបស់គេពោរពេញទៅដោយសេះ
រទេះចំបាំងរបស់គេមានច្រើនឥតគណនា។
៨ ស្រុករបស់គេក៏ពោរពេញទៅដោយ
ព្រះក្លែងក្លាយដែរ
គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន
គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ
ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
៩ មនុស្សលោកត្រូវអាប់អោន
គេនឹងដួលផ្កាប់មុខដល់ដី
ព្រះអង្គមិនអត់ទោសអោយគេឡើយ។
១០ ចូរនាំគ្នាចូលមកពួននៅក្នុងក្រហែងថ្មនេះ
ចូរនាំគ្នាលាក់ខ្លួននៅក្នុងដី ដើម្បីគេច
អោយផុតពីព្រះពិរោធរបស់ព្រះអម្ចាស់
ហើយគេចអោយផុតពីភាពថ្កុំថ្កើងនៃ
សិរីរុងរឿងរបស់ព្រះអង្គ។
១១ ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន
ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។
នៅថ្ងៃនោះមានតែព្រះអម្ចាស់មួយអង្គទេ
ដែលមនុស្សត្រូវលើកតម្កើង
១២ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល
បានកំណត់ថ្ងៃមួយទុក
សំរាប់ពង្រាបមនុស្សព្រហើន
មនុស្សអួតអាង និងមនុស្សវាយឫក។
១៣ ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន
នៅស្រុកលីបង់
ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។
១៤ ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយ
ពង្រាបភ្នំដ៏ខ្ពស់ៗ
១៥ ពង្រាបប៉មដ៏ខ្ពស់ៗ
ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។
១៦ ពង្រាបសំពៅទាំងអស់នៅស្រុកតើស៊ីស
និងពង្រាបនាវាដ៏ល្អប្រណីត។
១៧ ព្រះអង្គនឹងបន្ទាបមនុស្សព្រហើន
ព្រះអង្គនឹងពង្រាបមនុស្សអួតអាង។
នៅថ្ងៃនោះមានតែព្រះអម្ចាស់មួយអង្គទេ
ដែលមនុស្សត្រូវលើកតម្កើង។
១៨ ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។
១៩ ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ
គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី
ដើម្បីគេចអោយផុតពីព្រះពិរោធ
របស់ព្រះអម្ចាស់
ហើយគេចអោយផុតពីភាពថ្កុំថ្កើង
នៃសិរីរុងរឿងរបស់ព្រះអង្គ
នៅពេលព្រះអង្គក្រោកឡើង
ធ្វើអោយមានការភ័យតក់ស្លុតនៅលើផែនដី។
២០ នៅថ្ងៃនោះមនុស្សលោកនឹងយកព្រះក្លែងក្លាយ
ធ្វើអំពីប្រាក់ និងមាស
ដែលគេសិតសំរាប់ថ្វាយបង្គំ
បោះទៅអោយកណ្ដុរ និងប្រជៀវ។
២១ គេនឹងនាំគ្នាចូលទៅ
ពួនក្នុងគុហា និងក្រហែងភ្នំ ដើម្បីគេចអោយផុត
ពីព្រះពិរោធរបស់ព្រះអម្ចាស់
ហើយគេចអោយផុត
ពីភាពដ៏ថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ
នៅពេលព្រះអង្គក្រោកឡើង
ធ្វើអោយមានការភ័យតក់ស្លុតលើផែនដី។
២២ ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ
ដ្បិតជីវិតរបស់គេប្រៀបបាននឹង
មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!