២៧
១ នៅថ្ងៃនោះព្រះអម្ចាស់នឹងប្រើ ព្រះខ័នដ៏ធំហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាកហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ។
ចំការទំពាំងបាយជូររបស់ព្រះអម្ចាស់
២ នៅថ្ងៃនោះចូរនាំគ្នាបន្លឺសំឡេងច្រៀង
សរសើរចំការទំពាំងបាយជូរ
ដែលផ្ដល់ស្រាដ៏មានរសជាតិឆ្ងាញ់ពិសា។
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងថែរក្សាចំការទំពាំងបាយជូរ
យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។
យើងយាមចំការនេះទាំងថ្ងៃទាំងយប់
ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។
៤ យើងមិនខឹងសម្បារនឹងវាទៀតទេ
ប៉ុន្តែ ប្រសិនបើយើងឃើញ
បន្លា ឬអញ្ចាញដុះនៅក្នុងនោះ
យើងនឹងកាប់ឆ្ការវា
ព្រមទាំងដុតកំទេចចោលទៀតផង។
៥ បើគេចូលមកជ្រកកោននឹងយើង
ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង
នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តអោយគេ។
៦ នៅអនាគតកាល ពូជពង្សរបស់លោកយ៉ាកុប
នឹងចាក់ឫស
ពូជពង្សរបស់លោកអ៊ីស្រាអែល
នឹងមានពន្លកដុះចេញមក
រួចមានផ្កា មានផ្លែពាសពេញលើផែនដី។
៧ តើព្រះអម្ចាស់បានវាយប្រជារាស្ត្ររបស់ព្រះអង្គ
ដូចព្រះអង្គវាយអស់អ្នកដែលបានវាយពួកគេឬទេ?
តើព្រះអង្គប្រហារជីវិតពួកគេ
ដូចព្រះអង្គប្រហារជីវិតអស់អ្នកដែល
បានសម្លាប់ពួកគេឬទេ?។
៨ ទេ! ព្រះអម្ចាស់ដាក់ទោសប្រជារាស្ត្រ
របស់ព្រះអង្គ ដោយនិរទេសពួកគេ
គឺព្រះអង្គបានបណ្ដេញពួកគេ
ដោយសារខ្យល់បក់បោកយ៉ាងខ្លាំង
ពីបូព៌ាប្រទេស។
៩ ដោយព្រះអម្ចាស់លើកលែងទោសអោយ
កូនចៅរបស់លោកយ៉ាកុបរួចពីបាប
ពួកគេនឹងកំទេចថ្មអាសនៈ
របស់ព្រះក្លែងក្លាយអោយខ្ទេច
ដូចថ្មកំបោរដែលគេកំទេចអោយទៅជាធូលីដី
ព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ា
និងកន្លែងថ្វាយសក្ការបូជាដល់ព្រះទាំងនោះ។
១០ ទីក្រុងដែលមានកំពែងដ៏រឹងមាំ
នឹងលែងមានមនុស្សនៅទៀតហើយ
គឺក្រុងនោះត្រូវគេបោះបង់ចោលអោយនៅ
ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ
សំរាប់គោមកដេក
ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។
១១ ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម
ស្រីៗមកប្រមូលយកទៅដុត។
ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ
ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ
លែងអាណិតមេត្តាពួកគេ
ព្រះដែលបានបង្កើតពួកគេមក
លែងអត់អោនដល់ពួកគេទៀតហើយ។
១២ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងបោកបែនស្រូវ
ចាប់ពីទន្លេអឺប្រាត
រហូតដល់ទឹកជ្រោះស្រុកអេស៊ីប
ជនជាតិអ៊ីស្រាអែលអើយ នៅពេលនោះ
ព្រះអង្គនឹងប្រមូលអ្នករាល់គ្នាម្ដងមួយៗ។
១៣ នៅថ្ងៃនោះគេនឹងផ្លុំត្រែធំ
ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី
ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប
នឹងនាំគ្នាវិលត្រឡប់មកវិញ
គេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។