៣០
ព្រះបន្ទូល​ប្រឆាំង​នឹង​ការ​ចង​សម្ពន្ធ​មិត្ត​រវាង អ៊ីស្រាអែល និង​អេស៊ីប
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
កូនៗ​ដែល​ចេះ​តែ​បះបោរ
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
ពួក​គេ​បាន​ធ្វើ​តាម​គំរោងការ
ដែល​យើង​មិន​បាន​គ្រោង​ទុក
ពួក​គេ​បាន​ចង​សម្ពន្ធមិត្ត
ផ្ទុយ​ពី​ឆន្ទៈ​របស់​យើង
ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។
២ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប
ដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះ
ពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន
ពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។
៣ ក៏​ប៉ុន្តែ ការ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន
នឹង​នាំ​អោយ​អ្នក​រាល់​គ្នា​ត្រូវ​អាម៉ាស់
ការ​ជ្រក​កោន​ក្រោម​ម្លប់​របស់​ស្រុក​អេស៊ីប
នឹង​នាំ​អោយ​អ្នក​រាល់​គ្នា​បាក់​មុខ​ជា​មិន​ខាន!
៤ ពួក​រដ្ឋ​មន្ត្រី​របស់​អ្នក​រាល់​គ្នា
ទៅ​ដល់​ក្រុង​សូអាន​ហើយ
ទូត​របស់​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ហានេស
៥ តែ​ពួក​គេ​នឹង​ត្រូវ​ខក​ចិត្ត
ដោយ​ឃើញ​ថា​ប្រជាជន​អេស៊ីប
ពុំ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេ
គឺ​ជន​ជាតិ​អេស៊ីប​ពុំ​អាច​សង្គ្រោះ
ពុំ​អាច​ជួយ​ពួក​គេ​បាន​ទាល់​តែ​សោះ!
ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​អោយ​ពួក​គេ​ត្រូវ
អាម៉ាស់ និង​បាត់​បង់​កិត្តិយស​ប៉ុណ្ណោះ។
៦ សេចក្ដី​ប្រកាស​អំពី​សត្វ​តិរច្ឆាន​នៅ
វាល​រហោស្ថាន​ណេកិប:
ពួក​គេ​ឆ្លង​កាត់​វាល​ហួតហែង​គួរ​អោយ​ព្រឺ​ខ្លាច
ជា​កន្លែង​ដែល​មាន​សត្វ​សិង្ហ
មាន​ពស់​វែក និង​មាន​នាគ​ហោះ
ពួក​គេ​ដឹក​ជញ្ជូន​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ
លើ​ខ្នង​លា និង​លើ​ខ្នង​អូដ្ឋ
យក​ទៅ​អោយ​ប្រជាជាតិ​មួយ​ដែល​ពុំ​អាច
ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទាល់​តែ​សោះ។
៧ ជំនួយ​របស់​ស្រុក​អេស៊ីប
គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ
គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​អោយ
ស្រុក​អេស៊ីប​ថា
«ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង
តែ​មិន​បាន​ការ​អ្វី»។
ប្រជាជន​ដែល​មិន​ចេះ​ស្ដាប់​បង្គាប់
៨ ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្ម
ហើយ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ
នៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូសាឡឹម
ទុក​ជា​ឯកសារ​ទៅ​អនាគត
ទុក​ជា​ភស្ដុតាង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
៩ ប្រជាជន​នេះ​ជា​ប្រជាជន​ដែល​ចេះ​តែ​បះបោរ
ពួក​គេ​សុទ្ធ​តែ​ជា​កូន​អកតញ្ញូ
ដែល​ពុំ​ព្រម​ស្ដាប់​ដំបូន្មាន​របស់​ព្រះអម្ចាស់​ទេ។
១០ គេ​បំបិទ​មាត់​ហោរា​ថា “កុំ​ទាយ​អី”
ហើយ​ប្រាប់​គ្រូ​ទស្សន៍ទាយ​ថា
“កុំ​ទស្សន៍ទាយ​ការ​ពិត
ចូរ​ពោល​តែ​ពាក្យ​បញ្ចើចបញ្ចើ
និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!
១១ ចូរ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ
ចូរ​ឃ្លាត​ចាក​ពី​គន្លង​ធម៌
កុំ​និយាយ​អំពី​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ
អ៊ីស្រាអែល​ប្រាប់​យើង​ទៀត!”។
១២ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ
អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖
អ្នក​រាល់​គ្នា​បដិសេធ​មិន​ទទួល​ពាក្យ​របស់​យើង
ហើយ​បែរ​ទៅ​ពឹង​ផ្អែក​លើ
អំណាច​ផ្ដាច់​ការ និង​កលល្បិច។
១៣ អំពើ​អាក្រក់​នេះ​នឹង​បណ្ដាល​អោយ​អ្នក​រាល់​គ្នា
វិនាស​សូន្យ​ដោយ​មិន​ដឹង​ខ្លួន
ដូច​ស្នាម​នៅ​លើ​កំពែង​ដ៏​ខ្ពស់
ធ្វើ​អោយ​កំពែង​ប្រេះ​រលំ​ភ្លាម​មួយ​រំពេច។
១៤ កំពែង​នោះ​នឹង​រលំ​ខ្ទេចខ្ទី
ដូច​ក្អម​ដី​ដែល​ជាង​ស្មូន​បោក​កំទេច
គ្មាន​អំបែង​ណា​មួយ​នៅ​ធំ​ទេ គឺ​សូម្បី​យក​ទៅ
ប្រើ​សំរាប់​កាយ​រងើក​ភ្លើង​ចេញ​ពី​ចង្ក្រាន
ឬ​ដួស​ទឹក​ពាង​ក៏​មិន​បាន​ផង។
១៥  ព្រះជាអម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ
អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ទៀត​ថា៖
ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញ
ហើយ​នៅ​ស្ងប់​ស្ងៀម
នោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។
ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់​ស្ងៀម
ហើយ​ទុក​ចិត្ត​លើ​យើង
នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង!
ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។
១៦ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា
«ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!»
ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។
អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា
«រទេះ​ចំបាំង​របស់​យើង​បរ​លឿន​ណាស់»
ពិត​មែន​ហើយ!
តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយ
មាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។
១៧ ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែង
អ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​អោយ​រត់​ប្រាស​អាយុ
ខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា
រត់​អស់​គ្មាន​សល់។
ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា
អ្នក​ដែល​សល់​ពី​ស្លាប់​មាន​គ្នា​តិច​ណាស់
គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំ
ឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។
អនាគត​ដ៏​ភ្លឺ​ស្វាង
១៨ ប៉ុន្តែ ព្រះអម្ចាស់​រង់ចាំ​ពេល​ដែល​ព្រះអង្គ
ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា
ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ
ព្រះហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា
ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។
អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ
ប្រាកដ​ជា​មាន​សុភមង្គល​ពុំខាន។
១៩ ប្រជាជន​ក្រុង​ស៊ីយ៉ូន
អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​អើយ
អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ!
ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះអង្គ
ព្រះអង្គ​នឹង​ប្រណី​សន្ដោស
ពេល​ណា​ព្រះអង្គ​ឮ​សំឡេង​អ្នក
ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។
២០ នៅ​គ្រា​មាន​អាសន្ន
ព្រះអម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នា
នៅ​ពេល​ខ្វះ​ខាត
ព្រះអង្គ​នឹង​ប្រទាន​ទឹក​អោយ​អ្នក​រាល់​គ្នា។
ព្រះអង្គ​ដែល​បង្រៀន​អ្នក
លែង​ពួន​នឹង​អ្នក​ទៀត​ហើយ
អ្នក​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​ភ្នែក។
២១ បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង
អ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា
«នេះ​ជា​មាគ៌ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។
 
២២ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ចាត់​ទុក
មាស និង​ប្រាក់​ដែល​ស្រោប​ជុំវិញ​រូប​បដិមា
របស់​អ្នក​រាល់​គ្នា​ថា ជា​មាស​ប្រាក់​មិន​បរិសុទ្ធ
អ្នក​នឹង​យក​ទៅ​បោះ​ចោល​ដូច​សំរាម
ដោយ​ពោល​ថា «វត្ថុ​គំរក់!»។
២៣ ព្រះអម្ចាស់​នឹង​ប្រទាន​ភ្លៀង​អោយ​ធ្លាក់​ចុះ​មក
លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ
ហើយ​ដី​នឹង​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង
យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។
នៅ​ថ្ងៃ​នោះ​ហ្វូង​សត្វ​របស់​អ្នក
នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹងល្វើយ។
២៤ គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័ល
ក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុត
ដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។
២៥ នៅ​ថ្ងៃ​មហា​ពិឃាត
គឺ​ថ្ងៃ​ដែល​បន្ទាយ​ទាំង​ប៉ុន្មាន​ត្រូវ​រលំ
នោះ​នឹង​មាន​ទឹក​ហូរ​ស្រោច​ស្រព
ភ្នំ​ទាំង​ធំ​ទាំង​តូច។
២៦ នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់​រុំ​របួស​អោយ
ប្រជារាស្ត្រ​របស់​ព្រះអង្គ
នៅ​ពេល​ដែល​ព្រះអង្គ​ព្យាបាល​គេ
អោយ​បាន​ជា​ពី​មុខ​របួស​ទាំង​អស់
ព្រះច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះអាទិត្យ
ហើយ​ព្រះអាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំពីរ​ដង
គឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំពីរ​រួម​គ្នា។
ព្រះអម្ចាស់​ធ្វើ​ទោស​ស្រុក​អាស្ស៊ីរី
២៧ មើល ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​មក​ពី​ចម្ងាយ
ទាំង​ខ្ញាល់ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង
ព្រះអង្គ​មាន​ព្រះបន្ទូល​ដោយ​ព្រះពិរោធ
ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង
ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។
២៨ ខ្យល់​ដែល​ចេញ​ពី​ព្រះអង្គ​ប្រៀប​បាន​នឹង
ទឹក​ជ្រោះ ដែល​ជន់​ឡើង​រហូត​ដល់​ច្រមុះ។
ព្រះអង្គ​នឹង​រែង​ប្រជាជាតិ​ទាំង​នោះ
អោយ​វិនាស​បាត់​បង់
ព្រះអង្គ​ដាក់​ដែក​បង្ហៀរ​នៅ​មាត់​ប្រជាជន​នេះ
ដើម្បី​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​មិន​ចង់​ទៅ។
២៩ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ច្រៀង​យ៉ាង​សប្បាយ ដូច​នៅ​រាត្រី​ដែល​គេ​ប្រារព្ធ​ពិធី​បុណ្យ អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះអម្ចាស់ ដែល​ជា​ថ្មដា​របស់​ជន​ជាតិ​អ៊ីស្រាអែល ដោយ​មាន​ចិត្ត​អរ​សប្បាយ ដូច​អ្នក​ដើរ​តាម​ចង្វាក់​សំឡេង​ខ្លុយ។
៣០ ពេល​នោះ ព្រះអម្ចាស់​នឹង​បន្លឺ​ព្រះ​សូរសៀង
ប្រកប​ដោយ​តេជបារមី
ព្រះអង្គ​នឹង​បង្ហាញ​ព្រះចេស្ដា
និង​ព្រះពិរោធ​របស់​ព្រះអង្គ
តាម​រយៈ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ
តាម​រយៈ​ព្យុះ​សង្ឃរា ដែល​ធ្វើ​អោយ​ភ្លៀង
និង​ព្រឹល​ដែល​បង្អុរ​ចុះ​មក។
៣១ ជន​ជាតិ​អាស្ស៊ីរី​នឹង​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង
នៅ​ពេល​ឮ​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់
និង​ពេល​ព្រះអង្គ​វាយ​ធ្វើ​ទោស​ពួក​គេ។
៣២ គ្រប់​ពេល​ដែល​ពួក​គេ​ត្រូវ​ដំបង គឺ​នៅ​ពេល​ព្រះអម្ចាស់​វាយ​ពួក​អាស្ស៊ីរី នោះ​នឹង​ឮ​ស្នូរ​សំឡេង​ក្រាប់ និង​ចាប៉ី​លេង​កំដរ​ផង។
៣៣ មើល៍ គេ​បាន​រៀបចំ​កន្លែង​បូជា
តាំង​ពី​យូរ​ណាស់​មក​ហើយ
គេ​បម្រុង​ទុក សំរាប់​បូជា​ស្ដេច​ស្រុក​អាស្ស៊ីរី
គឺ​គេ​ជីក​រណ្ដៅ​យ៉ាង​ជ្រៅ ហើយ​ទូលាយ
ព្រម​ទាំង​ប្រមូល​គំនរ​អុស​ដ៏​ច្រើន​បរិបូណ៌
ទុក​សំរាប់​ដុត។
ខ្យល់​របស់​ព្រះអម្ចាស់
ដែល​ប្រៀប​ដូច​ជា​ស្ពាន់ធ័រ
នឹង​បក់​មក​បញ្ឆេះ​គំនរ​អុស​នោះ។