៦៤
១ សូមព្រះអង្គហែកផ្ទៃមេឃ
ហើយយាងចុះមក!
ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក
នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ។
ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ
និងធ្វើអោយទឹកពុះកញ្ជ្រោល
ដើម្បីអោយខ្មាំងសត្រូវស្គាល់
ព្រះកិត្តិនាមរបស់ព្រះអង្គ។
ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ
នៅចំពោះព្រះភក្ត្រព្រះអង្គ។
២ ពេលព្រះអង្គសំដែងមហិទ្ធិឫទ្ធិដ៏អស្ចារ្យ
ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ
គឺនៅពេលព្រះអង្គយាងចុះមក
ភ្នំទាំងឡាយមុខជាកក្រើក
នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គពុំខាន។
៣ តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ
ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល
ជឿសង្ឃឹមលើព្រះអង្គឡើយ
គឺមានតែព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។
៤ ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែល
ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ
គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។
ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ
ព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។
ផ្ទុយទៅវិញ ព្រះអង្គទ្រង់ព្រះពិរោធ
នៅពេលណាយើងខ្ញុំងាកចេញពី
មាគ៌ារបស់ព្រះអង្គ។
៥ យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ
ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត
ដោយស្មានថាជាអំពើសុចរិតនោះ
ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម
យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹង
ស្លឹកឈើក្រៀម
ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក
នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
៦ គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ
គ្មាននរណាម្នាក់ភ្ញាក់រឭក
ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ
ដ្បិតព្រះអង្គបានលាក់ព្រះភក្ត្រនឹងយើងខ្ញុំ
ព្រះអង្គបណ្ដោយអោយចិត្តអាក្រក់
របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។
៧ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ
ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។
យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ
ហើយព្រះអង្គដូចជាជាងស្មូន។
យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ
របស់ព្រះអង្គ។
៨ ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ
នឹងយើងខ្ញុំខ្លាំងពេក
សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ
រហូតតទៅឡើយ
សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា
សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
៩ ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ
ក្លាយទៅជាទីស្ងាត់ជ្រងំ
ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ
យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
១០ ព្រះវិហារដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ
ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា
សរសើរតម្កើងព្រះនាមរបស់ព្រះអង្គ
បានត្រូវភ្លើងឆាបឆេះអស់
អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង
ក៏ត្រូវវិនាសដែរ។
១១ ឱព្រះអម្ចាស់អើយ
ពេលព្រះអង្គទតឃើញដូច្នេះ
តើព្រះអង្គនៅស្ងៀមកើតឬ?
តើព្រះអង្គធ្វើព្រងើយ ទុកអោយយើងខ្ញុំ
អាម៉ាស់ងើបមុខមិនរួចឬ?