២៤
ព្រះជាម្ចាស់​បណ្ដោយ​អោយ​មនុស្ស​អាក្រក់​ធ្វើ​តាម​ចិត្ត
១ ហេតុ​អ្វី​បាន​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត
មិន​កំណត់​ពេល​សំរាប់​វិនិច្ឆ័យ​ទោស​មនុស្ស
ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ
មិន​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌​អោយ?
២ មនុស្ស​តែងតែ​លួច​បង្ខិត​បង្គោល​របង​
គេ​លួច​សត្វ​របស់​អ្នក​ដទៃ​យក​ទៅ​ទុក
ក្នុង​ក្រោល​របស់​ខ្លួន។
៣ គេ​ជំរិត​យក​លា​របស់​ក្មេង​កំព្រា
គេ​រឹប​អូស​យក​គោ​របស់​ស្ត្រី​មេម៉ាយ
ទុក​ជា​របស់​បញ្ចាំ។
៤ គេ​ដេញ​ជន​ក្រីក្រ​អោយ​ចេញ​ពី​ផ្លូវ
ហើយ​បង្ខំ​ជន​ទុគ៌ត​នៅ​ក្នុង​ស្រុក
អោយ​រត់​ពួន​ទាំង​អស់​គ្នា។
៥ ជន​ក្រីក្រ​ទាំង​នោះ​ចេញ​ទៅ​រក​អាហារ
មក​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួន
ដូច​សត្វ​លា​ព្រៃ នៅ​វាល​រហោស្ថាន។
៦ ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែ
និង​បេះ​ផ្លែ​ទំពាំងបាយជូរ​ដែល​នៅ​សេសសល់
ក្នុង​ចំការ​របស់​មនុស្ស​អាក្រក់។
៧ នៅ​ពេល​យប់ ពួក​គេ​ដេក​ខ្លួន​ទទេ
គ្មាន​សម្លៀកបំពាក់
គ្មាន​ភួយ​ដណ្ដប់​នៅ​ពេល​រងា។
៨ រូប​កាយ​របស់​ពួក​គេ​ទទឹក​ជោក​ទៅ​ដោយ
ភ្លៀង​ដែល​ធ្លាក់​នៅ​តាម​ភ្នំ
ហើយ​ពួក​គេ​គ្មាន​អ្វី​ជា​ជំរក
ក្រៅ​ពី​ដេក​ឱប​ផ្ទាំង​ថ្ម​នោះ​ឡើយ។
៩ មាន​អ្នក​ខ្លះ​ទៀត ចាប់​កូន​ក្មេង​កំព្រា
ផ្ដាច់​ចេញ​ពី​ដោះ​ម្ដាយ
ហើយ​យក​កូន​របស់​ជន​ក្រីក្រ
ទុក​ជា​របស់​បញ្ចាំ។
១០ ជន​ក្រីក្រ​ទាំង​នោះ​ដើរ​ខ្លួន​ទទេ
គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ
ហើយ​ត្រូវ​គេ​បង្ខំ​អោយ​លី​ស្រូវ
តែ​គ្មាន​អ្វី​បរិភោគ។
១១ ពួក​គេ​ចំរាញ់​ប្រេង​អូលីវ
និង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​អោយ​អ្នក​ដទៃ
តែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។
១២ អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរ
ស្រែក​អង្វរ​ព្រះជាម្ចាស់​ពី​ទីក្រុង
ប៉ុន្តែ ព្រះអង្គ​ធ្វើ​ព្រងើយ
មិន​ដាក់​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។
១៣ មាន​អ្នក​ខ្លះ​ទៀត​បះបោរ​ប្រឆាំង​នឹង​ពន្លឺ
ពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេ
ហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។
១៤ ឃាតក​ក្រោក​ឡើង​ពី​ព្រលឹម
គេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌ត
នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ​ប្លន់។
១៥ មនុស្ស​ផិត​ក្បត់​រង់ចាំ​មើល​ពេល​ថ្ងៃ​លិច
ពួក​គេ​យក​ក្រណាត់​បិទ​មុខ
កុំ​អោយ​នរណា​មើល​ស្គាល់។
១៦ នៅ​ពេល​ងងឹត​ពួក​គេ​ចូល​ប្លន់​ផ្ទះ​នានា
នៅ​ពេល​ថ្ងៃ​ពួក​គេ​លាក់​ខ្លួន
គឺ​ពួក​គេ​មិន​ស្គាល់​ពន្លឺ​សោះ​ឡើយ។
១៧ ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជ
ហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។
១៨ អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់
មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅ
ដី​ជា​ចំណែក​មត៌ក​របស់​គេ ទទួល​បណ្ដាសា
ហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចំការ
ទំពាំងបាយជូរ​ទៀត​ទេ។
១៩ ការ​រាំង​ស្ងួត និង​កំដៅ
ធ្វើ​អោយ​ទឹក​កក​រលាយ​យ៉ាង​ណា
ស្ថាន​មនុស្ស​ស្លាប់​ក៏​នឹង​ធ្វើ​អោយ​មនុស្ស​បាប
រលាយ​សូន្យ​យ៉ាង​នោះ​ដែរ។
២០ ម្ដាយ​បង្កើត​របស់​គេ នឹង​ភ្លេច​គេ
ដង្កូវ​នឹង​ស៊ី​សព​គេ ទុក​ជា​អាហារ​យ៉ាង​ឆ្ងាញ់
គ្មាន​នរណា​នឹក​ដល់​គេ​ទៀត​ទេ។
អំពើ​អាក្រក់​នឹង​ត្រូវ​គេ​កាប់​រំលំ​ដូច​ដើម​ឈើ!”។
២១ ពួក​គេ​ធ្វើ​បាប​ស្ត្រី​អារ
ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ទេ។
២២ ប៉ុន្តែ ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះចេស្ដា
ដក​មនុស្ស​មាន​អំណាច​ចេញ
ពេល​ព្រះអង្គ​ក្រោក​ឡើង ពួក​គេ​គ្មាន​សង្ឃឹម​ថា
នឹង​រស់​ត​ទៅ​ទៀត​បាន​ឡើយ។
២៣ ព្រះអង្គ​បណ្ដោយ​អោយ​ពួក​គេ​ស្មាន​ថា
ខ្លួន​រស់​នៅ​យ៉ាង​សុខសាន្ត
ប៉ុន្តែ ព្រះអង្គ​ទត​មើល​អំពើ
ដែល​ពួក​គេ​ប្រព្រឹត្ត​ជានិច្ច។
២៤ ពួក​គេ​បាន​ថ្កើង​ឡើង​តែ​មួយភ្លែត
រួច​ហើយ​វិនាស​បាត់​ទៅ
ពួក​គេ​ដូច​ជា​ផ្កា​ដែល​ធ្លាក់​ចុះ​ពី​ទង
ហើយ​ស្លោក​អស់​ទៅ
និង​ដូច​កួរ​ស្រូវ​ដែល​គេ​ផ្ដាច់​ចេញ​ពី​ដើម។
២៥ បើ​ពាក្យ​របស់​ខ្ញុំ​មិន​ពិត​ទេ
សូម​តវ៉ា និង​បង្ហាញ​ថា
ខ្ញុំ​ពិត​ជា​និយាយ​ខុស​មែន»។