៣៣
ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈទុក្ខលំបាក
១ លោកយ៉ូបអើយ
សូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែង
នៅពេលនេះចុះ
សូមត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ!
២ ខ្ញុំរៀបចំពាក្យសំដី
ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។
៣ ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្ត
ខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។
៤ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើង
ខ្យល់ដង្ហើមរបស់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើអោយខ្ញុំរស់រានមានជីវិត។
៥ សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន
សូមរកហេតុផលតទល់នឹងខ្ញុំចុះ!
៦ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
ខ្ញុំមិនខុសពីលោកទេ
ព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
៧ ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ
ហើយក៏កុំនឹកស្មានថា
ខ្ញុំចង់យកអំណាច
មកគាបសង្កត់លោកអោយសោះ។
៨ ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់
ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ
៩ គឺលោកពោលថា:
“ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប
ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
១០ តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំ
ព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។
១១ ព្រះអង្គដាក់ខ្នោះជើងខ្ញុំ
ព្រះអង្គឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំ”។
១២ លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេ
ចាំខ្ញុំពន្យល់លោក
ដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
១៣ ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា
ព្រះអង្គមិនឆ្លើយតបនឹងពាក្យ
របស់លោកដូច្នេះ?
១៤ ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗ
តែគ្មាននរណាចាប់អារម្មណ៍ទេ។
១៥ ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិ
តាមរយៈសុបិននិមិត្តនារាត្រីកាល
ក្នុងពេលដែលមនុស្សកំពុងតែដេក
លង់លក់មិនដឹងខ្លួន។
១៦ ព្រះអង្គក៏សំដែងអោយគេស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ
ព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ
អោយគេយល់យ៉ាងច្បាស់ផង។
១៧ ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សអោយងាក
ចេញពីអំពើអាក្រក់
ហើយការពារមនុស្សកុំអោយមានអំនួត
១៨ ដើម្បីកុំអោយគេធ្លាក់ទៅក្នុងរណ្ដៅ
និងការពារជីវិតគេ អោយរួចពីមុខលំពែង។
១៩ ព្រះជាម្ចាស់ក៏វាយប្រដៅមនុស្សតាមរយៈ
ការឈឺចាប់ដែរ
គឺនៅពេលដែលគេដេក ឈឺចុកចាប់
សព្វសព៌ាង្គកាយ។
២០ ពេលនោះ គេបរិភោគអាហារលែងកើត
ហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែរ។
២១ រូបកាយរបស់គេកាន់តែស្គមទៅៗ
នៅសល់តែស្បែក និងឆ្អឹង។
២២ គេកាន់តែខិតជិតរណ្ដៅ
ជីវិតរបស់គេ ក៏ខិតទៅជិតមច្ចុរាជដែរ។
២៣ ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយរូប
ក្នុងចំណោមទេវតាមួយពាន់
មកបកស្រាយ និងបង្ហាញអោយអ្នកនោះ
ស្គាល់ផ្លូវត្រឹមត្រូវ
២៤ ព្រះជាម្ចាស់មុខជាលើកលែងទោសអោយគេ
ដ្បិតទេវតាអង្វរថា:
“សូមដោះលែងអ្នកនេះទៅ
កុំអោយគេធ្លាក់ទៅក្នុងរណ្ដៅឡើយ
ទូលបង្គំរកបានហេតុផល
ដើម្បីរំដោះគេហើយ!”។
២៥ ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជា
ស្រស់ស្អាតដូចគ្រានៅពីក្មេង
ហើយគេនឹងបានដូចគ្រានៅវ័យជំទង់។
២៦ ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេ
គេចូលទៅគាល់ព្រះអង្គដោយអំណរ
ព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
២៧ ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា:
“ខ្ញុំបានប្រព្រឹត្តអំពើបាប
ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ
តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ
ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
២៨ ព្រះអង្គបានរំដោះខ្ញុំមិនអោយធ្លាក់ ទៅក្នុងរណ្ដៅ
ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។
២៩ ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរ
ឬបីលើក ចំពោះមនុស្ស
៣០ ដើម្បីនាំគេអោយចៀសផុតពីរណ្ដៅ
ហើយអោយពន្លឺជីវិតចាំងចែងទៅលើគេ។
៣១ លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ!
សូមលោកនៅស្ងៀមទៅ
ទុកអោយខ្ញុំនិយាយម្ដង!
៣២ ប្រសិនបើលោកចង់ឆ្លើយ
សូមឆ្លើយមកចុះ!
សូមមានប្រសាសន៍មក
ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
៣៣ បើគ្មានទេ សូមស្ដាប់ខ្ញុំ!
សូមនៅស្ងៀមទៅ
ខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។