៤២
ចម្លើយ​ចុង​ក្រោយ​របស់​លោក​យ៉ូប
១ លោក​យ៉ូប​ទូល​ព្រះអម្ចាស់​ថា៖
២ «ទូលបង្គំ​ទទួល​ស្គាល់​ថា
ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន
ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​អោយ​ព្រះអង្គ
ទាល់​ព្រះតម្រិះ​ឡើយ។
៣ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​ថា
“ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គំរោងការ​របស់​យើង
ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ?”
ពិត​មែន​ហើយ ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី
ដ៏​អស្ចារ្យ​ដោយ​ពុំ​ដឹង​ខ្លួន
គឺ​ការ​អស្ចារ្យ​ខ្ពស់​លើស​ពី​ប្រាជ្ញា
ដែល​ទូលបង្គំ​អាច​យល់ និង​អាច​ស្គាល់។
៤ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា
“ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែង
យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ”
៥ កាល​ពី​មុន​ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ
អំពី​ព្រះអង្គ
ឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះអង្គ
ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។
៦ ហេតុ​នេះ​ទូលបង្គំ​សូម​សារភាព​កំហុស
ហើយ​ដាក់​ខ្លួន
ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។
ព្រះអម្ចាស់​ប្រទាន​ពរ​អោយ​លោក​យ៉ូប​សា​ជា​ថ្មី
៧ ក្រោយ​ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​អេលីផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្តភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឡើយ។ ៨ ដូច្នេះ ចូរ​យក​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បំរើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សំរាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប​ជា​អ្នក​បំរើ​របស់​យើង​នឹង​ទូលអង្វរ​អោយ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា អោយ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប​ជា​អ្នក​បំរើ​របស់​យើង​ឡើយ»។
៩ លោក​អេលីផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់។ ពេល​នោះ ព្រះអម្ចាស់​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។
១០ នៅ​ពេល​ដែល​លោក​យ៉ូប​ទូលអង្វរ​អោយ​មិត្តភក្ដិ​របស់​លោក ព្រះអម្ចាស់​ប្រោសប្រណី​លោក​អោយ​បាន​ចំរុងចំរើន​ឡើង​វិញ។ ព្រះអម្ចាស់​ប្រទាន​អោយ​លោក​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។ ១១ បង​ប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិមិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សំដែង​ការ​អាណិតអាសូរ និង​សំរាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​បាន​បណ្ដាល​អោយ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ​មក​ជូន​លោក។ ១២  ព្រះអម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។ ១៣ លោក​មាន​កូន​ប្រុស​ប្រាំពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ ១៤ លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមីម៉ា» កូន​ស្រី​ទី​ពីរ «កេស៊ីយ៉ា» និង​កូន​ស្រី​ទី​បី «កេរេន-ហាពូក»។ ១៥ នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល​គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត​ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក​ក៏​បាន​ចែក​មត៌ក​អោយ​នាង​ទាំង​បី ដូច​បង​ប្អូន​ប្រុសៗ​ទាំង​ប្រាំពីរ​នាក់​ដែរ។
១៦ ក្រោយ​មក​លោក​យ៉ូប​រស់​បាន​មួយ​រយ​សែសិប​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។ ១៧ បន្ទាប់​ពី​មាន​អាយុ​យឺនយូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕