៧
ព្រះញាតិវង្សព្រះយេស៊ូមិនជឿលើព្រះអង្គ
១ ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។
២ ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ*។
៣ បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីអោយសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។
៤ អ្នកដែលចង់អោយគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះត្រូវបង្ហាញអោយមនុស្សលោកឃើញផង»។
៥ បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។
៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។
៧ មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។
៨ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។
៩ ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។
ព្រះយេស៊ូនៅក្រុងយេរូសាឡឹមក្នុងឱកាសពិធីបុណ្យ
១០ កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ទ្រង់យាងទៅស្ងាត់ៗ មិនអោយនរណាឃើញឡើយ។
១១ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។
១២ បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។
១៣ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។
១៤ លុះដល់ពាក់កណ្ដាលពិធីបុណ្យព្រះយេស៊ូយាងឡើងទៅព្រះវិហារ* ហើយបង្រៀនបណ្ដាជន។
១៥ ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។
១៦ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំអោយមក។
១៧ អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។
១៨ អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសសំរាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនអោយមកនិយាយតែសេចក្ដីពិតឥតកុហកឡើយ។
១៩ លោកម៉ូសេប្រគល់ក្រឹត្យវិន័យទុកអោយអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ប្រតិបត្តិតាមក្រឹត្យវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
២០ បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានអារក្សចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។
២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។
២២ លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាអោយធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់អោយធ្វើពិធីនេះមិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។
២៣ បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលអោយបានជានៅថ្ងៃសប្ប័ទដូច្នេះ?
២៤ កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យអោយបានត្រឹមត្រូវវិញ»។
ព្រះយេស៊ូជាព្រះគ្រិស្ដមែនឬ
២៥ មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់
២៦ ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ដ*ទេដឹង
២៧ ប៉ុន្តែ ពេលព្រះគ្រិស្ដយាងមកគ្មាននរណាដឹងថា ទ្រង់យាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថា គាត់មកពីណា»។
២៨ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំអោយមក ទ្រង់សំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។
២៩ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយទ្រង់បានចាត់ខ្ញុំអោយមក»។
៣០ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។
៣១ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូគេពោលថា៖ «ពេលព្រះគ្រិស្ដយាងមក តើព្រះអង្គនឹងសំដែងទីសំគាល់ច្រើនជាងលោកនេះឬ?»។
គេចាត់កងរក្សាព្រះវិហារអោយមកចាប់ព្រះយេស៊ូ
៣២ ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*អោយមកចាប់ព្រះអង្គ។
៣៣ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះវិញហើយ។
៣៤ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះបានឡើយ»។
៣៥ ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ?
៣៦ គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំតែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះបានឡើយ” តើមានន័យដូចម្ដេច?»។
ទន្លេដែលមានទឹកផ្ដល់ជីវិត
៣៧ នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។
៣៨ អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិត ចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។
៣៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សំដែងសិរីរុងរឿងនៅឡើយ។
បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
៤០ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី*ដែលយើងរង់ចាំនោះមែន!»។
៤១ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រិស្ដ*»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រិស្ដមិនមែនមកពីស្រុកកាលីឡេទេ
៤២ ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រិស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ”»។
៤៣ បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។
៤៤ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។
ពួកអ្នកធំមិនជឿលើព្រះអង្គ
៤៥ កងរក្សាព្រះវិហារ*វិលទៅជួបពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។
៤៦ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។
៤៧ ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ!
៤៨ ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ
៤៩ មានតែបណ្ដាជនដែលមិនស្គាល់ក្រឹត្យវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។
៥០ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖
៥១ «តាមច្បាប់របស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បានឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។
៥២ ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិចារណាមើល៍ពុំដែលមានព្យាការីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។
[
៥៣ បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។