៣
អ៊ីស្រាអែលប្រៀបបាននឹងស្រីពេស្យាដែលមិនដូរគំនិត
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ពេលបុរសម្នាក់លែងលះភរិយា
ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត
បុរសនោះអាចវិលទៅរកនាងវិញបានឬ?
ទេ បើធ្វើដូច្នេះ
ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។
អ៊ីស្រាអែលអើយ ចំណែកឯអ្នកវិញ
អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន
តើអ្នកចង់អោយយើងទទួលអ្នកវិញឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២ ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍
តើមានកន្លែងណាមួយដែលអ្នកពុំបាន
ផិតក្បត់យើង?
អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្ត
របស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថាន
អ្នកបានធ្វើអោយទឹកដីនេះទៅជាសៅហ្មង
ព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាក
សីលធម៌ដែលអ្នកប្រព្រឹត្ត។
៣ ហេតុនេះហើយបានជាយើងមិនព្រមអោយ
មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ
ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត
អ្នកមិនព្រមទទួលសារភាពកំហុសទេ។
៤ ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា
“ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់
តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ!
៥ តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់
ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។
អ្នកពោលដូច្នេះ
តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
ចូរកែប្រែចិត្តគំនិតឡើង!
៦ នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវ៉ានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
៧ យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ក៏បានឃើញដែរ។
៨ យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវ៉ា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះអោយដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។
៩ ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។
១០ ទោះបីយ៉ាងនេះក្ដី យូដាជាប្អូនដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលសាវ៉ាគ្រាន់បើជាងយូដាដែលផិតក្បត់។
១២ ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖
អ៊ីស្រាអែលសាវ៉ាអើយ ចូរវិលមកវិញ
យើងនឹងមិនប្រកាន់ទោសនាងទៀតទេ
ដ្បិតយើងមានមេត្តាករុណា
យើងមិនចងកំហឹងរហូតតទៅឡើយ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ ចូរទទួលស្គាល់កំហុសរបស់ខ្លួន
តែប៉ុណ្ណោះបានហើយ
គឺនាងបានបះបោរប្រឆាំងនឹងព្រះអម្ចាស់
ជាព្រះរបស់នាង
នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង
គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី
ហើយនាងពុំបានស្ដាប់សំឡេងយើងទេ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។ យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។
១៥ យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើង អោយមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
១៦ នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។
១៧ នៅគ្រានោះគេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់ព្រះអម្ចាស់”ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូសប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។
១៨ នៅគ្រានោះជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រាអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នាពីស្រុកខាងជើង មកដល់ទឹកដីដែលយើងបានប្រគល់អោយបុព្វបុរសរបស់គេទុកជាមត៌ក។
១៩ យើងគិតថា យើងសប្បាយចិត្ត
នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ
ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ
ក្នុងចំណោមប្រជាជាតិទាំងឡាយអោយអ្នក។
យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា”
ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
២០ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយ
អ្នករាល់គ្នាបានក្បត់ចិត្តយើង
ដូចស្ត្រីក្បត់ចិត្តប្ដីដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ
គឺជាសំរែកយំសោក និងសំរែកអង្វរករ
របស់ជនជាតិអ៊ីស្រាអែល
ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា
គេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។
២២ កូនចៅដែលក្បត់ចិត្តយើងអើយ!
ចូរនាំគ្នាវិលត្រឡប់មកវិញ
យើងប្រោសអោយអ្នករាល់គ្នា
លែងមានចិត្តសាវ៉ាទៀត។
“យើងខ្ញុំមករកព្រះអង្គហើយ
ដ្បិតព្រះអង្គជាព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។
២៣ យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ
នៅលើកំពូលភ្នំ
យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវ
លើភ្នំខ្ពស់ៗ។
មានតែព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំប៉ុណ្ណោះ
ដែលអាចសង្គ្រោះអ៊ីស្រាអែលបាន។
២៤ តាំងពីយើងខ្ញុំនៅក្មេង
ព្រះគំរក់បានធ្វើអោយអ្វីៗ
ដែលដូនតារបស់យើងខ្ញុំបានសន្សំ
វិនាសហិនហោចអស់
គឺទាំងហ្វូងចៀម និងហ្វូងគោ
ទាំងកូនប្រុស និងកូនស្រី។
២៥ សេចក្ដីអាម៉ាស់ធ្វើអោយយើងខ្ញុំងើបមុខមិនរួច
ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។
តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ
យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ
បានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់
ជាព្រះនៃយើងខ្ញុំ
យើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀង
របស់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំឡើយ”»។