១៩
ទឹកដីរបស់កុលសម្ព័ន្ធស៊ីម្មាន
១ ឆ្នោតលើកទីពីរ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូនចៅយូដា។
២ ពួកគេបានទទួលក្រុងដូចតទៅ ទុកជាមត៌ក គឺបៀរសេបា សេបាម៉ូឡាដា
៣ ហាតសា-ស៊ូអាល បាឡា អាសែម
៤ អែលថូឡាត បេធូលហោម៉ា
៥ ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា
៦ បេត-ល្បាអូត សារូហេន គឺមានទាំងអស់ដប់បីក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
៧ ក្រុងឯទៀតៗមាន: អាយីន រីម៉ូន អេធើរ និងអាសាន គឺមានទាំងអស់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
៨ បន្ទាប់មក មានស្រុកភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់បាឡាត-បៀរ គឺរ៉ាម៉ាត់ខាងត្បូង។ នេះហើយទឹកដី ដែលជាមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។
៩ ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែក មកចែកអោយកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មាន ស្ថិតនៅកណ្ដាលទឹកដីយូដា។
ទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូន
១០ ឆ្នោតលើកទីបី ត្រូវចំលើកូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។
១១ ព្រំប្រទល់ឡើងឆ្ពោះទៅទិសខាងលិច រហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបាសែត និងរហូតទៅដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកនាម។
១២ ពីសារីត ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាបោរ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាភា។
១៣ បន្ទាប់មក ព្រំប្រទល់នេះបន្តទៅខាងកើតរហូតដល់គីតា-ហេភើរ អ៊ីតា-កាស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅណេយ៉ា។
១៤ ព្រំប្រទល់នេះវាងទៅខាងជើងហាណាថូន ហើយទៅដល់ជ្រោះយីបថា-អែល។
១៥ ទឹកដីនេះមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង ក្នុងចំណោមក្រុងទាំងនោះ មានកាថាត ណា-ហាឡាល់ ស៊ីមរ៉ូន យីដាឡា និងបេថ្លេហិមជាដើម។
១៦ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ
១៧ ឆ្នោតលើកទីបួន ត្រូវចំលើកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។
១៨ ទឹកដីរបស់គេ មានក្រុងយីសរាល គីសាឡូត ស៊ូណេម
១៩ ហាផារ៉ែម ស៊ីអូន អាណាក្រាត
២០ រ៉ាប៊ីត គីសយ៉ូន អាបេស
២១ រេមេត អេន-កានីម អេន-ហាដា បេតផាសេ។
២២ ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
២៣ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ
២៤ ឆ្នោតលើកទីប្រាំ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
២៥ ទឹកដីរបស់គេមានក្រុងហែលកាថ ហាលី បេថែន អាកសាប
២៦ អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំកើមែល ដោយកាត់តាមស៊ីហោរ-លីបណាថ។
២៧ នៅខាងកើត ព្រំប្រទល់ឡើងទៅដល់បេតដាកូន ជាប់នឹងទឹកដីសាប់យូឡូន និងជ្រលងភ្នំយីបថាអែល រួចបត់ទៅទិសខាងជើង ដល់បេតអេមេក និងណេយែល ហើយកាត់តាមខាងឆ្វេងក្រុងកាប៊ូល
២៨ ទៅដល់អេប្រូន រេហូប ហាំម៉ូន និងខាណា រហូតដល់ក្រុងស៊ីដូនមហានគរ។
២៩ បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសារួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។
៣០ បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
៣១ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធណែបថាលី
៣២ ឆ្នោតលើកទីប្រាំមួយ ត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
៣៣ ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីមកាត់តាមអាដាមី-ណេកិប និងយ៉ាប់នាលរហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។
៣៤ នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាបោរ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្ដោយទឹកដីសាប់យូឡូន ផ្នែកខាងត្បូង និងទឹកដីអេស៊ើរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។
៣៥ ក្រុងដែលមានកំពែងក្នុងស្រុកនេះ គឺស៊ីឌីមសេរ ហាំម៉ាត់ រ៉ាកាត់ គីនេរ៉េត
៣៦ អាដាម៉ា រ៉ាម៉ា ហាសោរ
៣៧ កេដែស អេទ្រី អេន-ហាសោរ
៣៨ យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេត-សេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
៣៩ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធដាន់
៤០ ឆ្នោតលើកទីប្រាំពីរ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
៤១ ទឹកដីដែលជាចំណែកមត៌ករបស់គេ មានក្រុងសូរ៉ាស់ អែសថោល-សេមែស
៤២ សាឡាប៊ីន អាយ៉ាឡូន យីត-ឡា
៤៣ អេឡូន ធីមណា អេក្រូន
៤៤ អែលថ្កេរ គីថោន បាឡាត
៤៥ យេហ៊ូដ បេនេ-បេរ៉ាក់កាថ-រីម៉ូន
៤៦ ស្ទឹងមេយ៉ារកូន និងរ៉ាកូន ព្រមទាំងទឹកដីដែលនៅទល់មុខក្រុងយ៉ុបប៉េ។
៤៧ ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។
៤៨ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
ចំណែកមត៌ករបស់លោកយ៉ូស្វេ
៤៩ កាលជនជាតិអ៊ីស្រាអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស្វេ ជាកូនរបស់លោកនូនទុកជាមត៌កដែរ។
៥០ ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅ នៅទីនោះ។
៥១ លោកបូជាចារ្យ*អេឡាសារ និងលោកយ៉ូស្វេជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល បានចែកទឹកដីទាំងនេះជាមត៌កអោយពួកគេ ដោយចាប់ឆ្នោតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារព្រះពន្លាជួបព្រះអម្ចាស់នៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។