១៥
ព្រះបាទ​អសារា​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២របាក្សត្រ ២៦:៣-៤, ២១-២៣)
១ នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ​នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​អសារា ជា​បុត្រ​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​យូដា ២ ក្នុង​ព្រះជន្មាយុ​ដប់​ប្រាំ​មួយ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហាសិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូលា ជា​អ្នក​ក្រុង​យេរូសាឡឹម។ ៣ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បិតា​ដែរ។ ៤ ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។ ៥  ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ព្រះបាទ​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​អស់​ព្រះជន្ម។ ស្ដេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្ដេច​យ៉ូថាម​ជា​បុត្រ មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់គ្រង​ប្រជាជន​នៅ​ក្នុង​ស្រុក។
៦ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អសារា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ៧ ព្រះបាទ​អសារា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​យ៉ូថាម​ជា​បុត្រ ឡើង​ស្នង​រាជ្យ។
ព្រះបាទ​សាការី​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល
៨ នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបី នៃ​រជ្ជកាល​ព្រះបាទ​អសារា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​សាការី​ជា​បុត្រ​របស់​ព្រះបាទ​យេរ៉ូបោម ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយរាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។ ៩ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ពួក​អយ្យកោ​ដែរ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ១០ គ្រា​នោះ លោក​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស​បាន​ក្បត់​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ចំពោះ​មុខ​ប្រជាជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។
១១ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​សាការី សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១២ ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ថ្លែង​មក​កាន់​ព្រះបាទ​យេហ៊ូវ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បួន​តំណ»។​
ព្រះបាទ​សាលូម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល
១៣ ព្រះបាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបួន នៃ​រជ្ជកាល​ព្រះបាទ​អូស៉្យាស​ ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។ ១៤ លោក​មណាហិម​ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះបាទ​សាលូម​ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។ ១៥ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​សាលូម និង​គំរោងការ​ក្បត់ ដែល​ស្ដេច​រៀបចំ​ប្រឆាំង​នឹង​ព្រះបាទ​សាការី សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។
១៦ គ្រា​នោះ​ព្រះបាទ​មណាហិម បាន​វាយ​យក​ក្រុង​ធីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំវិញ ចាប់​តាំង​ពី​ក្រុង​ធើសា​រហូត​មក។ ស្ដេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្ដេច។ ស្ដេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​គភ៌ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។
ព្រះបាទ​មណាហិម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល
១៧ នៅ​អំឡុង​ឆ្នាំ​ទី​សាមសិប​ប្រាំ​បួន នៃ​រជ្ជកាល​ព្រះបាទ​អសារា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​មណាហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។ ១៨ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​នោះ ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ១៩ គ្រា​នោះ​ព្រះចៅ​ពូល​ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រាអែល តែ​ព្រះបាទ​មណាហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះចៅ​ពូល សូម​អោយ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។ ២០ ព្រះបាទ​មណាហិម​ទារ​ពន្ធ​ពី​ប្រជាជន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហាសិប​ណែន ដើម្បី​អោយ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្ដេច​អាស្ស៊ីរី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
២១ រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​មណាហិម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២២ កាល​ព្រះបាទ​មណាហិម សោយ​ទិវង្គត ព្រះបាទ​ពេកាហ៊ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។
ព្រះបាទ​ពេកាហ៊ា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល
២៣ នៅ​ឆ្នាំ​ទី​ហាសិប នៃ​រជ្ជកាល​ព្រះបាទ​អសារា ស្ដេច​ស្រុក​យូដា ព្រះបាទ​ពេកាហ៊ា ជា​បុត្រ​របស់​ព្រះបាទ​មណាហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល។ ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។ ២៤ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ២៥ លោក​ពេកា​ជា​កូន​របស់​លោក​រេម៉ាលា ហើយ​ជា​អង្គ​រក្ស​របស់​ស្ដេច បាន​ឃុបឃិត​ជា​មួយ​លោក​អើកុប និង​លោក​អើរីយេ​ធ្វើ​គុត​ស្ដេច​ ក្នុង​ដំណាក់​មួយ​នៃ​រាជវាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល​ទាហាន​ហាសិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ​ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះបាទ​ពេកាហ៊ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។
២៦ រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​ពេកាហ៊ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។
ព្រះបាទ​ពេកា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល
២៧ នៅ​ឆ្នាំ​ទី​ហាសិប​ពីរ នៃ​រជ្ជកាល​ព្រះបាទ​អសារា ជា​ស្ដេច​យូដា ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។ ២៨ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ២៩ ក្នុង​រជ្ជកាល​ព្រះបាទ​ពេកា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះចៅ​ទីកឡាត-ពីលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-មាកា ក្រុង​យ៉ាណូហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែបថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។ ៣០ លោក​ហូស៊ា​ជា​កូន​របស់​លោក​អេឡា បាន​ឃុបឃិត​ក្បត់​នឹង​ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលា លោក​ធ្វើ​គុត​ស្ដេច ហើយ​ឡើង​សោយរាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះបាទ​អសារា ស្ដេច​ស្រុក​យូដា។ ៣១ រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​ពេកា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។
ព្រះបាទ​យ៉ូថាម​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២របាក្សត្រ ២៧:១-៣, ៧-៩)
៣២ នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះបាទ​អសារា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ ៣៣ កាល​ព្រះបាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូសា ជា​កូន​របស់​លោក​សាដុក។ ៣៤ ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​អសារា​ជា​បិតា​ដែរ។ ៣៥ ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយយញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។ ព្រះបាទ​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ៣៦ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូថាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។
៣៧ នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​ចាត់​ព្រះបាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​ពេកា​​ជា​កូន​របស់​លោក​រេម៉ាលា​អោយ​មក​លុកលុយ​ស្រុក​យូដា។ ៣៨ ព្រះបាទ​យ៉ូថាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អហាស​ជា​បុត្រ ឡើង​ស្នង​រាជ្យ។