លោក​យ៉ូហានបាទីស្ដ​ប្រៀនប្រដៅ​បណ្ដាជន
(ម៉ាថាយ ៣:១-១២ ម៉ាកុស ១:១-៨ យ៉ូហាន ១:១៩-២៨)
១ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជកាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះនាម​ទីប៊ើរ លោក​ប៉ុនទាស-ពីឡាត​ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​យូដា ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ*​គ្រប់គ្រង​ស្រុក​កាលីឡេ ព្រះបាទ​ភីលីព​អនុជ​របស់​ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​តំបន់​អ៊ីទូរេ និង​តំបន់​ត្រាខូនីត ព្រះបាទ​លីសានាស​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​ស្រុក​អាប៊ីឡែន ២ លោក​អាណ និង​លោក​កៃផាស​ធ្វើ​ជា​មហា​បូជាចារ្យ*។ ពេល​នោះ ព្រះជាម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោស្ថាន*។ ៣ លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​អោយ​មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​រួច​ពី​បាប។ ៤ លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​ថា៖
«មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង
នៅ​វាល​រហោស្ថាន​ថាៈ
ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់
ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ។
៥  ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​អោយ​រាប​ស្មើ
និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​អោយ​រាប
ត្រូវ​តម្រង់​ផ្លូវ​កោង​អោយ​ត្រង់
ព្រម​ទាំង​លុប​ផ្លូវ​រដិបរដុប​អោយ​រាប​ស្មើ​ដែរ
៦  នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ
របស់​ព្រះជាម្ចាស់»។
៧ លោក​យ៉ូហាន​តែងតែ​បន្ទោស​មហាជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អោយ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះពិរោធ​របស់​ព្រះជាម្ចាស់​ ដែល​ជិត​មក​ដល់​ដូច្នេះ?។ ៨ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​ក៏​អាច​ធ្វើ​អោយ​ថ្ម​ទាំង​នេះ ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។ ៩ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។ ១០ មហាជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ ១១ លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​អោយ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​អោយ​អ្នក​គ្មាន​ដែរ»។ ១២ មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ ១៣ លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កំរិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ ១៤ មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​អោយ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។
១៥ ប្រជាជន​នៅ​តែ​រង់ចាំ ហើយ​គេ​រិះគិត​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ថា ប្រហែល​លោក​នេះ​ទេ​ដឹង​ជា​ព្រះគ្រិស្ដ*!។ ១៦ លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អោយ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ១៧ លោក​កាន់​ចង្អេរ លោក​សំអាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ វិញ​លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ ១៨ លោក​យ៉ូហាន​ប្រកាស​ដំណឹងល្អ*​ដល់​ប្រជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន​ទៀត​ផង។ ១៩ លោក​ស្ដី​បន្ទោស​ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ​ថែម​ទៀត ព្រោះ​ទ្រង់​បាន​យក​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ព្រះអង្គ​មក​ធ្វើ​ជា​មហេសី​របស់​ព្រះអង្គ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះបាទ​ហេរ៉ូដ ព្រោះ​ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។ ២០ ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង។
ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក
(មថ.៣:១៣-១៧ មក.១:៩-១១ យហ.១.៣២-៣៤)
២១ ពេល​ប្រជាជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះយេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ២២ ហើយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះអង្គ។ មាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់»​។
បញ្ជី​រាយ​នាម​ព្រះអយ្យកោ​របស់​ព្រះយេស៊ូ
(ម៉ាថាយ ១:១-១៧)
២៣ កាល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ព្រះបរមកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា។ តាម​គេ​ស្មាន​ព្រះអង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​ហេលី ២៤ លោក​ហេលី​ជា​បុត្រ​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ថាត់​ជា​បុត្រ​លោក​លេវី លោក​លេវី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​បុត្រ​លោក​យ៉ូសែប ២៥ លោក​យ៉ូសែប​ជា​បុត្រ​លោក​ម៉ាតាធាស លោក​ម៉ាតាធាស​ជា​បុត្រ​លោក​ហាម៉ូស លោក​ហាម៉ូស​ជា​បុត្រ​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​បុត្រ​លោក​អែសលី លោក​អែសលី​ជា​បុត្រ​លោក​ណាកាយ ២៦ លោក​ណាកាយ​ជា​បុត្រ​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​បុត្រ​លោក​ម៉ាតាធាល លោក​ម៉ាតាធាល​ជា​បុត្រ​លោក​សេម៉ី លោក​សេម៉ី​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យូដា ២៧ លោក​យូដា​ជា​បុត្រ​លោក​យ៉ូអាណាន់ លោក​យ៉ូអាណាន់​ជា​បុត្រ​លោក​រេសា លោក​រេសា​ជា​បុត្រ​លោក​សូរ៉ូបាបិល លោក​សូរ៉ូបាបិល​ជា​បុត្រ​លោក​សាលធាល លោក​សាលធាល​ជា​បុត្រ​លោក​នេរី ២៨ លោក​នេរី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​អ័តឌី លោក​អ័តឌី​ជា​បុត្រ​លោ​កូសាម លោក​កូសាម​ជា​បុត្រ​លោក​អែលម៉ូដាម លោក​អែលម៉ូដាម​ជា​បុត្រ​លោក​អ៊ើរ ២៩ លោក​អ៊ើរ​ជា​បុត្រ​លោក​យ៉ូស្វេ លោក​យ៉ូស្វេ​ជា​បុត្រ​លោក​អេលាស៊ើរ លោក​អេលាស៊ើរ​ជា​បុត្រ​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​បុត្រ​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ ថាត់​ជា​បុត្រ​លោក​លេវី ៣០ លោក​លេវី​ជា​បុត្រ​លោក​ស៊ីម្មាន លោក​ស៊ីម្មាន​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យ៉ូណាន លោក​យ៉ូណាន​ជា​បុត្រ​លោក​អេលាគីម ៣១ លោក​អេលាគីម​ជា​បុត្រ​លោក​មេលាស លោក​មេលាស​ជា​បុត្រ​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​បុត្រ​លោក​ម៉ាតាថា លោក​ម៉ាតាថា​ជា​បុត្រ​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ ៣២ ស្ដេច​ដាវីឌ​ជា​បុត្រ​លោក​អ៊ីសាយ លោក​អ៊ីសាយ​ជា​បុត្រ​លោក​អូបេដ លោក​អូបេដ​ជា​បុត្រ​លោក​បូអូស លោក​បូអូស​ជា​បុត្រ​លោក​សាលម៉ូន លោក​សាលម៉ូន​ជា​បុត្រ​លោក​ណាសូន ៣៣ លោក​ណាសូន​ជា​បុត្រ​លោក​អមីណាដាប់ លោក​អមីណាដាប់​ជា​បុត្រ​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែសរ៉ូម លោក​អែសរ៉ូម​ជា​បុត្រ​លោក​ពេរេស លោក​ពេរេស​ជា​បុត្រ​លោក​យូដា ៣៤ លោក​យូដា​ជា​បុត្រ​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​បុត្រ​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​បុត្រ​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​បុត្រ​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​បុត្រ​លោក​ណាឃរ ៣៥ លោក​ណាឃរ​ជា​បុត្រ​លោក​សេរូក លោក​សេរូក​ជា​បុត្រ​លោក​រេហ៊ូវ លោក​រេហ៊ូវ​ជា​បុត្រ​លោក​ផាលេក លោក​ផាលេក​ជា​បុត្រ​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​បុត្រ​លោក​សេឡា ៣៦ លោក​សេឡា​ជា​បុត្រ​លោក​កៃណាន លោក​កៃណាន​ជា​បុត្រ​លោក​អើប៉ាកសាដ លោក​អើប៉ាកសាដ​ជា​បុត្រ​លោក​សិម លោក​សិម​ជា​បុត្រ​លោក​ណូអេ លោក​ណូអេ​ជា​បុត្រ​លោក​ឡាម៉េក ៣៧ លោក​ឡាម៉េក​ជា​បុត្រ​លោក​មធូសាឡា លោក​មធូសាឡា​ជា​បុត្រ​លោក​ហេណុក លោក​ហេណុក​ជា​បុត្រ​លោក​យ៉ារ៉េឌ លោក​យ៉ារ៉េឌ​ជា​បុត្រ​លោក​ម៉ាលេលាល លោក​ម៉ាលេលាល​ជា​បុត្រ​លោក​កៃណាន ៣៨ លោក​កៃណាន​ជា​បុត្រ​លោក​អេណុស លោក​អេណុស​ជា​បុត្រ​លោក​សេថ លោក​សេថ​ជា​បុត្រ​លោក​អដាំ ហើយ​លោក​អដាំ​ជា​បុត្រ​ព្រះជាម្ចាស់។