ពាក្យ​ទូលអង្វរ​សូម​ព្រះអម្ចាស់​អាណិត​មេត្តា
១  ព្រះអម្ចាស់​អើយ សូម​នឹក​ដល់
ហេតុការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ
សូម​ទត​មើល​ចុះ
តើ​គេ​ត្មះតិះដៀល​យើង​ខ្ញុំ​ដល់​កំរិត​ណា!
២ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ
បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស
ផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​ជន​ដទៃ។
៣ យើង​ខ្ញុំ​ធ្លាក់​ខ្លួន​ដូច​ក្មេង​កំព្រា​គ្មាន​ឪពុក
ម្ដាយ​យើង​ខ្ញុំ​រស់​នៅ​ដូច​ស្ត្រី​មេម៉ាយ។
៤ យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់
ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់
ហើយ​ត្រូវ​បង់​ប្រាក់
ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។
៥ ពួក​អ្នក​ដែល​តាម​ប្រហារ​យើង​ខ្ញុំ
ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​ខ្ញុំ​ជានិច្ច
យើង​ខ្ញុំ​អស់​កម្លាំង
តែ​គេ​មិន​ទុក​អោយ​យើង​ខ្ញុំ​សំរាក​ទេ។
៦ យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីប
និង​ស្រុក​អាស្ស៊ីរី ដើម្បី​ចំអែត​ក្រពះ។
៧ ដូនតា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន
តែ​ពួក​គេ​ស្លាប់​អស់​ហើយ
គឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោស
ព្រោះ​តែ​កំហុស​ដែល​ដូនតា​បាន​ប្រព្រឹត្ត។
៨ ពួក​ទាសករ​ត្រួតត្រា​លើ​យើង​ខ្ញុំ
តែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំ
ចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។
៩ យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវ
ដើម្បី​ទៅ​រក​ស្បៀង​អាហារ។
 
១០ ដោយ​ឃ្លាន​ខ្លាំង​ពេក
ស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។
១១ សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន
និង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានា
ក្នុង​ស្រុក​យូដា។
១២ ពួក​គេ​ព្យួរ​ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ
ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។
១៣ គេ​ប្រើ​អោយ​ពួក​យុវជន​លី​ត្បាល់​កិន
គេ​ប្រើ​ក្មេង​ប្រុសៗ​អោយ​លី​ឈើ​ដ៏​ធ្ងន់
រហូត​ដល់​ជំពប់​ជើង​ដួល។
១៤ ពួក​ព្រឹទ្ធាចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង
ទៀត​ហើយ
រីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។
១៥ អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំ
យើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ ជំនួស​ការ​រាំ​រែក
១៦ យើង​ខ្ញុំ​បាត់​បង់​កិត្តិយស
យើង​ខ្ញុំ​ត្រូវ​វេទនា
ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!
១៧ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោចផ្សា
យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។
១៨ ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។
១៩  ព្រះអម្ចាស់​អើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​ទៅ
បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ
អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
២០ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ
រហូត​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ
អស់​មួយ​ជីវិត?
២១  ព្រះអម្ចាស់​អើយ
សូម​នាំ​យើង​ខ្ញុំ​អោយ​វិល​ត្រឡប់​មក​វិញ
នោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ
សូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។
២២ តើ​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ
តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​យើង​ខ្ញុំ
ហួស​កំរិត​បែប​នេះ​ឬ?