១៤
ពិធី​ជំរះ​កាយ​មនុស្ស​ឃ្លង់
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «នេះ​ជា​ច្បាប់​សំរាប់​ពិធី​ជំរះ​កាយ​មនុស្ស​ឃ្លង់​អោយ​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជំរះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​បូជាចារ្យ។ ៣ បូជាចារ្យ​ត្រូវ​ចេញ​ពី​ជំរំ​ទៅ​ពិនិត្យ​មើល​មនុស្ស​ឃ្លង់។ ប្រសិន​បើ​ឃើញ​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ ៤ បូជាចារ្យ​ត្រូវ​បញ្ជា​អោយ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល​នៅ​រស់ ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តាត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប*។ ៥ បូជាចារ្យ​ត្រូវ​អោយ​គេ​អារ ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ជ្រោះ។ ៦ បូជាចារ្យ​យក​សត្វ​ស្លាប​មួយ​ទៀត ដែល​នៅ​រស់ ព្រម​ទាំង​យក​ឈើ​តាត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប ជ្រលក់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​គេ​បាន​អារ​ក នៅ​ពី​លើ​ផើង​ទឹក​ជ្រោះ​នោះ។ ៧ បន្ទាប់​មក លោក​ត្រូវ​ប្រោះ​ចំនួន​ប្រាំពីរ​ដង​ទៅ​លើ​មនុស្ស​ទទួល​ពិធី​ជំរះ​កាយ។ បូជាចារ្យ​ប្រកាស​ថា មនុស្ស​ឃ្លង់​នោះ​បាន​បរិសុទ្ធ​ហើយ រួច​លែង​សត្វ​ស្លាប​ដែល​នៅ​រស់​អោយ​ហើរ​ទៅ​វាល។ ៨ អ្នក​ទទួល​ពិធី​ជំរះ​កាយ​នោះ​ត្រូវ​បោក​សម្លៀកបំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជំរះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំនៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ៩ នៅ​ថ្ងៃ​ទី​ប្រាំពីរ គាត់​ត្រូវ​កោរ​សក់ ពុក​ចង្កា រោម​ចិញ្ចើម និង​រោម​ទាំង​អស់​របស់​ខ្លួន​សា​ជា​ថ្មី​ម្ដង​ទៀត។ គាត់​ត្រូវ​បោក​សម្លៀកបំពាក់ ហើយ​ងូត​ទឹក ទើប​គាត់​បាន​បរិសុទ្ធ។ ១០ នៅ​ថ្ងៃ​ទី​ប្រាំបី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ដ​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។ ១១ បូជាចារ្យ​ដែល​ធ្វើ​ពិធី​ជំរះ​កាយ​នាំ​សាមី​ខ្លួន និង​តង្វាយ​របស់​គាត់​ចូល​ទៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ១២ បូជាចារ្យ​យក​កូន​ចៀម​មួយ និង​ប្រេង​កន្លះ​លីត្រ មក​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប រួច​លើក​ថ្វាយ​ព្រះអម្ចាស់ ១៣ បូជាចារ្យ​ចាក់​ក​កូន​ចៀម​ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​យញ្ញបូជា​រំដោះ​បាប ឬ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ទីសក្ការៈ ដ្បិត​យញ្ញបូជា​លោះ​បាប​ក៏​ដូច​ជា​យញ្ញបូជា​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។ ១៤ បូជាចារ្យ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ លើ​មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ​នោះ។ ១៥ បូជាចារ្យ​យក​ប្រេង​ចាក់​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ១៦ រួច​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ហើយ​ប្រោះ​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ១៧ បន្ទាប់​មក បូជាចារ្យ​យក​ប្រេង​ដែល​នៅ​សល់​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប។ ១៨ រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​បូជាចារ្យ លោក​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជំរះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គេ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ១៩ បូជាចារ្យ​ថ្វាយ​យញ្ញបូជា​រំដោះ​បាប ហើយ​ធ្វើ​ពិធី​លោះ​គេ​អោយ​រួច​ផុត​ភាព​សៅហ្មង។ បន្ទាប់​មក លោក​ចាក់​ក​សត្វ ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ ២០ បូជាចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ បន្ទាប់​មក លោក​ធ្វើ​ពិធី​រំដោះ​បាប​ម្ដង​ទៀត ទើប​អ្នក​នោះ​បាន​បរិសុទ្ធ។ ២១ ប្រសិន​បើ​សាមី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធភាព​នឹង​ថ្វាយ​តង្វាយ​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប ដើម្បី​អោយ​បូជាចារ្យ​លើក​ថ្វាយ​ព្រះអម្ចាស់ សំរាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។ ២២ គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធភាព​របស់​គាត់ គឺ​មួយ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ ២៣ នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ជូន​បូជាចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ គឺ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ។ ២៤ បូជាចារ្យ​យក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប និង​យក​ប្រេង​លើក​ថ្វាយ​ព្រះអម្ចាស់ ២៥ បូជាចារ្យ​ចាក់​ក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប​នោះ ហើយ​យក​ឈាម​សាច់​នោះ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ។ ២៦ បូជាចារ្យ​ចាក់​ប្រេង​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ២៧ ហើយ​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក រួច​ប្រោះ​ចំនួន​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ២៨ បន្ទាប់​មក បូជាចារ្យ​យក​ប្រេង​ដែល​នៅ​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប។ ២៩ រីឯ​ប្រេង​នៅ​សល់​ក្នុង​បាត​ដៃ បូជាចារ្យ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គេ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ៣០ បន្ទាប់​មក បូជាចារ្យ​យក​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ តាម​លទ្ធភាព​ដែល​សាមី​ខ្លួន​អាច​រក​បាន ៣១ ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​លោក​យក​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​សាមី​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
៣២ នេះ​ជា​ច្បាប់​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់»។
ករណី​ស្លែ​នៅ​លើ​ជញ្ជាំង​ផ្ទះ
៣៣  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ ៣៤ «ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់​ទឹក​ដី​កាណាន ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​យើង​ធ្វើ​អោយ​មាន​ស្លែ​នៅ​តាម​ផ្ទះ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់ ៣៥ នោះ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ទៅ​ប្រាប់​បូជាចារ្យ​ថា: “ខ្ញុំ​បាន​ឃើញ​ដូច​ជា​មាន​ស្នាម​ម្យ៉ាង​នៅ​ផ្ទះ​របស់​ខ្ញុំ”។ ៣៦ បូជាចារ្យ​ត្រូវ​បញ្ជា​អោយ​គេ​រើ​ឥវ៉ាន់​ចេញ​ពី​ក្នុង​ផ្ទះ មុន​ពេល​លោក​ចូល​ទៅ​ពិនិត្យ​ស្នាម​នៅ​ផ្ទះ​នោះ។ ធ្វើ​បែប​នេះ អ្វី​ៗ​ដែល​នៅ​ក្នុង​ផ្ទះ នៅ​តែ​បរិសុទ្ធ​ដដែល។ បន្ទាប់​មក បូជាចារ្យ​ចូល​ទៅ​ក្នុង​ផ្ទះ ដើម្បី​ពិនិត្យ​មើល។ ៣៧ ប្រសិន​បើ​លោក​ឃើញ​ស្នាម​នៅ​តាម​ជញ្ជាំង​ផ្ទះ​នោះ មាន​សភាព​ខូង​ពណ៌​បៃតង ឬ​ក្រហម​ព្រឿង​ៗ ឬ​ប្រសិន​បើ​ស្នាម​នោះ​រូង​ចូល​ទៅ​ក្នុង​ជញ្ជាំង​ផ្ទះ ៣៨ បូជាចារ្យ​ត្រូវ​ចេញ​ពី​ផ្ទះ។ ពេល​មក​ដល់​មាត់​ទ្វារ លោក​ត្រូវ​បិទ​ទ្វារ​ផ្ទះ​នោះ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ៣៩ នៅ​ថ្ងៃ​ទី​ប្រាំពីរ បូជាចារ្យ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត ៤០ បូជាចារ្យ​បញ្ជា​អោយ​គេ​ដក​ដុំ​ថ្ម​ដែល​មាន​ដុះ​ស្លែ​នោះ យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។ ៤១ លោក​ត្រូវ​អោយ​គេ​កោស​ជញ្ជាំង​ខាង​ក្នុង​ផ្ទះ ហើយ​យក​កំទេច​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។ ៤២ បន្ទាប់​មក ត្រូវ​យក​ដុំ​ថ្ម​ផ្សេង​ទៀត​មក​ដាក់​ជំនួស រួច​យក​បាយអ មក​បូក​សា​ជា​ថ្មី។
៤៣ ក្រោយ​ពី​ដក​ថ្ម កោស​ជញ្ជាំង និង​បូក​បាយអ​រួច​ហើយ ប្រសិន​បើ​ស្នាម​ស្លែ​លេច​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ផ្ទះ​នោះ ៤៤ បូជាចារ្យ​ត្រូវ​ពិនិត្យ​ម្ដង​ទៀត។ បើ​លោក​ឃើញ​ស្នាម​រាលដាល​នៅ​ក្នុង​ផ្ទះ បាន​សេចក្ដី​ថា​ជា​ស្លែ​ដែល​មិន​អាច​បំបាត់​បាន ហើយ​ផ្ទះ​នោះ​មិន​បរិសុទ្ធ។ ៤៥ គេ​ត្រូវ​កំទេច​ផ្ទះ​នោះ ទាំង​ដុំ​ថ្ម ទាំង​ឈើ ទាំង​បាយអ រួច​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។ ៤៦ អ្នក​ណា​ចូល​ផ្ទះ​នេះ​ក្នុង​អំឡុង​ពេល​ដែល​គេ​បិទ​ទ្វារ អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ៤៧ អ្នក​ដេក​នៅ​ក្នុង​ផ្ទះ​នោះ​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​អ្នក​បរិភោគ​អាហារ​នៅ​ក្នុង​ផ្ទះ​នោះ ក៏​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន​ដែរ។
៤៨ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​គេ​បូក​បាយអ​ឡើង​វិញ​ហើយ ប្រសិន​បើ​បូជាចារ្យ​ចូល​ទៅ​ពិនិត្យ​មើល​ឃើញ​ថា ស្នាម​មិន​ចេញ​មក​ទៀត​ទេ លោក​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​បរិសុទ្ធ ព្រោះ​លែង​ដុះ​ស្លែ​ទៀត​ហើយ។ ៤៩ បូជាចារ្យ​ត្រូវ​យក​សត្វ​ស្លាប​ពីរ​ក្បាល ឈើ​តាត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប* មក​ធ្វើ​ពិធី​ជំរះ​បាប​ពី​ក្នុង​ផ្ទះ​នោះ។ ៥០ លោក​ត្រូវ​អារ ក​សត្វ​ស្លាប​មួយ​ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ជ្រោះ។ ៥១ បូជាចារ្យ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ ក​លាយ​ជា​មួយ​ទឹក​ជ្រោះ ៥២ ហើយ​ប្រោះ​ចំនួន​ប្រាំពីរ​ដង​ទៅ​លើ​ផ្ទះ​នោះ ដើម្បី​ជំរះ​អោយ​បរិសុទ្ធ ជ្រះស្រឡះ​ពី​អំពើ​បាប។ ៥៣ បូជាចារ្យ​ត្រូវ​លែង​សត្វ​នៅ​រស់ អោយ​ហើរ​ពី​ទីក្រុង​ចេញ​ទៅ​វាល។ លោក​ធ្វើ​ពិធី​រំដោះ​បាប​ចេញ​ពី​ផ្ទះ ហើយ​ផ្ទះ​នោះ​នឹង​បាន​បរិសុទ្ធ។
៥៤ នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង រោគ​អង្គែ​ស៊ី ៥៥ ការ​កើត​កន្ទួល កើត​ភ្លឺ និង​កើត​ស្រែង ៥៦ ស្ដី​អំពី​ការ​ដុះ​ផ្សិត​នៅ​លើ​សម្លៀកបំពាក់ និង​ដុះ​ស្លែ​នៅ​តាម​ជញ្ជាំង​ផ្ទះ។ ៥៧ ក្រឹត្យវិន័យ​នេះ​អាច​ជួយ​អោយ​គេ​សន្មត​អំពី​មនុស្ស ឬ​វត្ថុ​ដែល​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ។ នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​រោគ​ឃ្លង់»។