៤
ព្រះអម្ចាស់នឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ
១ ថ្ងៃក្រោយព្រះអម្ចាស់នឹងលើកភ្នំ
ដែលមានព្រះដំណាក់របស់ព្រះអង្គ
ដាក់នៅលើកំពូលភ្នំទាំងឡាយ
ដើម្បីអោយភ្នំនោះបានខ្ពស់ជាងគេ
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ
ជាហូរហែ។
២ ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ
ទាំងពោលថា «ចូរនាំគ្នាមក!
យើងឡើងលើភ្នំរបស់ព្រះអម្ចាស់
យើងឡើងទៅព្រះដំណាក់នៃព្រះរបស់
លោកយ៉ាកុប។
ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ
ហើយយើងនឹងដើរតាមមាគ៌ានេះ»
ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន
ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
៣ ព្រះអង្គនឹងធ្វើជាចៅក្រមរវាង
ជាតិសាសន៍ដ៏ច្រើន
ព្រះអង្គនឹងសំរុះសំរួលប្រជាជាតិដ៏ខ្លាំងពូកែ
ដែលនៅឆ្ងាយៗ អោយឈប់ទាស់ទែងគ្នា។
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន
មកដំធ្វើជាផាលនង្គ័ល
ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។
ប្រជាជាតិមួយឈប់ច្បាំងនឹង
ប្រជាជាតិមួយទៀត
ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
៤ មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត
ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពរ
របស់គេរៀងៗខ្លួន។
គ្មាននរណាមករំខានពួកគេឡើយ
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
៥ ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម
ព្រះរបស់គេរៀងៗខ្លួន
រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់
ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។
៦ «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស
ដែលដើរពុំរួច
យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល
យើងបានធ្វើទោស»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៧ «យើងនឹងអោយអ្នករបួសដើរពុំរួច
ក្លាយទៅជាប្រជាជនដែលនៅសេសសល់
ហើយធ្វើអោយអ្នកដែលខ្ចាត់ព្រាត់
ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។
យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ
នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
៨ រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ
អ្នកប្រៀបដូចជាប៉មចាំយាម
និងជាបន្ទាយដ៏រឹងមាំ
អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម
យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
ព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹមអោយរួចពីឈឺចាប់
៩ ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ
ហេតុអ្វីបានជាអ្នកឈឺចុកចាប់
ដូចស្ត្រីសំរាលកូនដូច្នេះ?
តើអ្នកគ្មានស្ដេចទេឬ?
តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
១០ ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់
និងស្រែកថ្ងូរ ដូចស្ត្រីសំរាលកូនទៅ!
ដ្បិតឥឡូវនេះអ្នកត្រូវចាកចេញពីទីក្រុង
ទៅរស់នៅតាមស្រែចំការ
អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។
នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក
ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
១១ ឥឡូវនេះ ប្រជាជាតិជាច្រើន
លើកគ្នាមកវាយប្រហារអ្នកទាំងបន់ថា:
“សូមអោយក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស
ដើម្បីអោយយើងឃើញក្រុងនេះអន្តរាយ!”។
១២ ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យរបស់ព្រះអម្ចាស់ទេ
ហើយក៏ពុំយល់គំរោងការរបស់ព្រះអង្គដែរ
ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ
នៅក្នុងលានបោកបែន។
១៣ «ប្រជាជនក្រុងស៊ីយ៉ូនអើយ
ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ!
យើងនឹងអោយអ្នកមានកម្លាំងខ្លាំងក្លា
ដូចគោដែលមានស្នែងធ្វើពីដែក
ក្រចកជើងធ្វើពីលង្ហិន
អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន
ដូចគេបញ្ជាន់ស្រូវ
ហើយញែកជយភ័ណ្ឌរបស់ពួកគេ
ទុកសំរាប់យើង ដែលជាព្រះអម្ចាស់
និងញែកទ្រព្យសម្បត្តិរបស់គេទុកសំរាប់យើង
ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។
១៤ ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយ
ចូរអារសាច់របស់ខ្លួនទៅ!
ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយ
គេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់
ជនជាតិអ៊ីស្រាអែល។