៤
ប្រស្នាអំពីពូជស្រូវ
(ម៉ាថាយ ១៣:១-៩ លូកា ៨:៤-៨)
១ ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
២ ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖
៣ «ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។
៤ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។
៥ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។
៦ លុះដល់ថ្ងៃក្ដៅពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។
៧ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនអោយបង្កើតផលបានឡើយ។
៨ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះអោយផលមួយជាសាមសិប ខ្លះទៀតអោយមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។
៩ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
១០ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសិស្សទាំងដប់ពីររូបទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។
១១ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។
១២ ដូច្នេះ ទោះបីគេខំប្រឹងមើល ក៏ពុំឃើញ គេខំប្រឹងស្ដាប់ ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសអោយគេ»។
១៣ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចអោយអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!
១៤ អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល
១៥ មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយ មារសាតាំង*ក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភ្លាម។
១៦ មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាម ដោយអំណរ
១៧ ប៉ុន្តែ គេពុំទុកអោយព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូលគេក៏បោះបង់ចោលជំនឿភ្លាម។
១៨ មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ
១៩ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនអោយបង្កើតផលបានឡើយ។
២០ រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀត បានមួយជាមួយរយ»។
ប្រស្នាអំពីចង្កៀង
(ម៉ាថាយ ៥:១៥ លូកា ៨:១៦-១៨)
២១ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។
២២ គ្រប់ការលាក់កំបាំងនឹងត្រូវបើកអោយគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកអោយមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។
២៣ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
២៤ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះអោយមែនទែន។ ព្រះជាម្ចាស់នឹងវាល់អោយអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់អោយអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមអោយអ្នករាល់គ្នា
២៥ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។
ប្រស្នាអំពីគ្រាប់ពូជដុះ
២៦ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ*របស់ព្រះជាម្ចាស់ ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវនៅក្នុងស្រែរបស់ខ្លួន។
២៧ ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ
២៨ ដ្បិតដីធ្វើអោយពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរហើយចេញជាគ្រាប់ស្រូវ។
២៩ លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចំរូតហើយ»។
ប្រស្នាអំពីគ្រាប់ពូជល្អិត
(ម៉ាថាយ ១៣:៣១-៣២, ៣៤ លូកា ១៣:១៨-១៩)
៣០ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណា មកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ?
៣១ ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។
៣២ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់អោយបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
៣៣ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។
៣៤ ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស*។
ព្រះយេស៊ូធ្វើអោយរលកស្ងប់
(ម៉ាថាយ ៨:២៣-២៧ លូកា ៨:២២-២៥)
៣៥ នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។
៣៦ ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។
៣៧ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលអោយទឹកចូលស្ទើរពេញ។
៣៨ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។
៣៩ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។
៤០ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។
៤១ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។