៣
លោកយ៉ូហានបាទីស្ដប្រៀនប្រដៅបណ្ដាជន
(ម៉ាកុស ១:១-៨ លូកា ៣:១-១៨ យ៉ូហាន ១:១៩-២៨)
១ នៅគ្រានោះ លោកយ៉ូហានបាទីស្ដ*មកដល់ លោកប្រកាសនៅវាលរហោស្ថាន*ស្រុកយូដាថា៖
២ «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ!»។
៣ ព្យាការី*អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖
«មានសំឡេងបុរសម្នាក់ស្រែកឡើង
នៅវាលរហោស្ថានថាៈ
“ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!”»។
៤ លោកយ៉ូហាន មានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។
៥ អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។
៦ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក*អោយគេក្នុងទន្លេយ័រដាន់។
៧ កាលលោកឃើញពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាអោយរត់គេចពីព្រះពិរោធ*របស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។
៨ ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។
៩ កុំនឹកស្មានថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់អាចធ្វើអោយថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។
១០ ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។
១១ ខ្ញុំធ្វើពិធីជ្រមុជ*អ្នករាល់គ្នាក្នុងទឹក ដើម្បីអោយអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ* និងដោយភ្លើងវិញ។
១២ លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដីវិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
(ម៉ាកុស ១:៩-១១ លូកា ៣:២១-២២ យ៉ូហាន ១:៣២-៣៤)
១៣ ពេលនោះ ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីអោយលោកធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ។
១៤ ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។
១៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក»។ លោកយ៉ូហានក៏យល់ព្រម។
១៦ ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ទ្រង់យាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។
១៧ ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។