២៥
ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់
១ ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​នៅ​ស៊ីទីម ហើយ​នៅ​ទី​នោះ ប្រជាជន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់។ ២ ស្ត្រី​ទាំង​នោះ​បបួល​ប្រជាជន​អោយ​ទៅ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់លៀង ហើយ​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ។ ៣ ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាលពេអ៊រ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ពួក​គេ។
៤  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ហើយ​ព្យួរ​ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដើម្បី​ពង្វាង​ព្រះពិរោធ​របស់​ព្រះអម្ចាស់​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល»។ ៥ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅក្រម​នៃ​ជន​អ៊ីស្រាអែល​ថា៖ «ចូរ​ប្រហារ​ជីវិត​ពួក​អ្នក​ដែល​ជំពាក់​ចិត្ត​នឹង​ព្រះ​បាលពេអ៊រ​ទៅ!»។
៦ ពេល​នោះ មាន​បុរស​ម្នាក់​ជា​ជាតិ​អ៊ីស្រាអែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ៧ ឃើញ​ដូច្នេះ លោក​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។ ៨ គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ពន្លា​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រាអែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ក៏​ស្ងប់​ទៅ​វិញ។ ៩ គ្រោះ​កាច​នេះ​បណ្ដាល​អោយ​មនុស្ស​ស្លាប់​ទាំង​អស់​ពីរ​ម៉ឺន​បួន​ពាន់​នាក់។
១០  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១១ «ភីនេហាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជាចារ្យ​អើរ៉ុន បាន​សំដែង​ចិត្ត​ឈឺ​ចាប់​ជំនួស​យើង នៅ​ពេល​ឃើញ​អ៊ីស្រាអែល​ក្បត់​ចិត្ត​យើង។ ទោះ​បី​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​អ៊ីស្រាអែល​ក្បត់​ចិត្ត​យើង​ក្ដី ក៏​យើង​ពុំ​បាន​ប្រល័យ​ពួក​គេ​អោយ​វិនាស​សូន្យ​ដែរ ព្រោះ​ភីនេហាស​បាន​ពង្វាង​កំហឹង​របស់​យើង​ចេញ​ពី​ពួក​គេ។ ១២ ហេតុ​នេះ ចូរ​ប្រាប់​ភីនេហាស​ថា​យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​គេ គឺ​សម្ពន្ធមេត្រី​ដែល​ផ្ដល់​សន្តិភាព។ ១៣ តាម​រយៈ​សម្ពន្ធមេត្រី​នេះ យើង​តែងតាំង​ភីនេហាស និង​ពូជពង្ស​របស់​គេ អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​រហូត​ត​ទៅ ព្រោះ​ភីនេហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រួច​ពី​បាប​ផង»។
១៤ បុរស​អ៊ីស្រាអែល ដែល​លោក​ភីនេហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុលសម្ព័ន្ធ​ស៊ីម្មាន។ ១៥ រីឯ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​លោក​ភីនេហាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​ស៊ើរ ដែល​ជា​មេកន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន​ជាតិ​ម៉ាឌាន។
១៦  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៧ «ចូរ​ចាត់​ទុក​ជន​ជាតិ​ម៉ាឌាន​ជា​បច្ចាមិត្ត ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ ១៨ ដ្បិត​ពួក​គេ​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​អ្នក​រាល់​គ្នា​អោយ​វង្វេង ក្នុង​ព្រឹត្តិការណ៍​ដែល​កើត​មាន​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​ម៉ាឌាន ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​កាច​នៅ​ពេអ៊រ​នោះ»។