២៨
យញ្ញបូជាប្រចាំថ្ងៃ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
២ «ចូរបង្គាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកតង្វាយ និងអាហារសំរាប់ដុតមកថ្វាយព្រះអម្ចាស់ អោយបានតាមពេលកំណត់ គឺតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។
៣ រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ តង្វាយដុតទាំងមូលនេះជាតង្វាយដែលត្រូវថ្វាយជានិច្ចនិរន្តរ៍តរៀងទៅ។
៤ ចូរថ្វាយកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។
៥ ត្រូវយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយផង។
៦ នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ដែលគេថ្វាយនៅលើភ្នំស៊ីណៃ គឺជាតង្វាយដុតទាំងមូលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
៧ ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។
៨ ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅ ប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
យញ្ញបូជានៅថ្ងៃសប្ប័ទ
៩ «នៅថ្ងៃសប្ប័ទ* អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា* លាយជាមួយប្រេង និងស្រាសំរាប់ធ្វើពិធីច្រួច។
១០ រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។
យញ្ញបូជាប្រចាំខែ
១១ «នៅដើមខែ ត្រូវយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។
១២ គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា លាយជាមួយប្រេង។
១៣ កូនចៀមនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
១៤ រីឯស្រាសំរាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន*សំរាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សំរាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសំរាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។
១៥ លើសពីនេះ ត្រូវថ្វាយពពែឈ្មោលមួយទៀតជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។
យញ្ញបូជាសំរាប់ពិធីបុណ្យចម្លង
១៦ «នៅថ្ងៃទីដប់បួនក្នុងខែទីមួយ ជាថ្ងៃបុណ្យចម្លង*របស់ព្រះអម្ចាស់។
១៧ ថ្ងៃទីដប់ប្រាំក្នុងខែនោះ ជាថ្ងៃផ្ដើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
១៨ នៅថ្ងៃទីមួយនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
១៩ ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។
២០ ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង សំរាប់គោមួយ ពីរភាគដប់នៃអេផាសំរាប់ចៀមឈ្មោលមួយ
២១ មួយភាគដប់នៃអេផា សំរាប់កូនចៀមមួយ។
២២ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបអោយអ្នករាល់គ្នា។
២៣ ត្រូវថ្វាយសត្វទាំងនេះជាយញ្ញបូជាថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។
២៤ រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ ចូរយកអាហារទាំងនោះមកដុត ថ្វាយជាយញ្ញបូជា ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រា ដែលត្រូវច្រួចជាមួយ។
២៥ នៅថ្ងៃទីប្រាំពីរនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។
យញ្ញបូជាសំរាប់បុណ្យថ្ងៃទីហាសិប
២៦ «នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកថ្វាយព្រះអម្ចាស់ ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
២៧ ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
២៨ ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សំរាប់គោនីមួយៗ
២៩ ពីរភាគដប់នៃអេផាសំរាប់ចៀមឈ្មោល និងមួយភាគដប់នៃអេផាសំរាប់កូនចៀមនីមួយៗក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
៣០ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយ ដើម្បីធ្វើពិធីលោះបាបអោយអ្នករាល់គ្នា។
៣១ ត្រូវថ្វាយយញ្ញបូជាទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ដែលត្រូវថ្វាយជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកថ្វាយ»។